២៧
ការចាត់ចែងអាជ្ញាធរទាហាន
១ រីឯពួកកូនចៅអ៊ីស្រាអែល តាមចំនួនគេ គឺតាមពួកមេលើវង្សឪពុកគេ និងពួកមេទ័ពធំតូច ហើយពួកនាយដែលបំរើស្តេច ក្នុងគ្រប់ទាំងការ ខាងឯវេនគេដែលចេញចូលរាល់តែខែ នៅពេញក្នុងឆ្នាំ ដែលរាល់តែវេនមាន២ម៉ឺន៤ពាន់នាក់
២ នោះមានយ៉ាសុបៀម ជាកូនសាបឌាល ជាអ្នកត្រួតលើពួកវេនទី១ នៅខែចេត្រ ហើយក្នុងវេនលោកមាន២ម៉ឺន៤ពាន់នាក់
៣ លោកកើតក្នុងពូជពង្សពេរេស ជាមេលើពួកមេទ័ព សំរាប់ខែដំបូង
៤ ដូដាយ ជាពួកអ័ហូអា ជាអ្នកត្រួតលើពួកវេនខែពិសាខ ហើយមីកឡូត ជាមេលើពួកវេនរបស់លោក ក្នុងពួកវេននេះមាន២ម៉ឺន៤ពាន់នាក់
៥ មេទី៣ ជាមេធំលើពួកទ័ព នៅខែជេស្ឋ គឺបេណាយ៉ា ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ ហើយនៅវេននេះមាន២ម៉ឺន៤ពាន់នាក់
៦ គឺបេណាយ៉ានេះ ជាមនុស្សខ្លាំងពូកែក្នុងពួក៣០នាក់នោះ ហើយបានត្រួតលើគេផង ឯអាំមីសាបាឌ ជាកូនលោក ក៏នៅក្នុងវេននេះដែរ
៧ មេទី៤ ដែលសំរាប់ខែអាសាឍ គឺអេសាអែល ជាប្អូនយ៉ូអាប់ ហើយបន្ទាប់មកមានសេបាឌា ជាកូនលោក ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
៨ មេទី៥ សំរាប់ខែស្រាពណ៍ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
៩ មេទី៦ សំរាប់ខែភទ្របទ គឺអ៊ីរ៉ា ជាកូនអ៊ីកគែស ជាអ្នកក្រុងត្កូអា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
១០ មេទី៧ សំរាប់ខែអស្សុជ គឺហេលែស ជាពួកពេឡូន ក្នុងពួកកូនចៅអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
១១ មេទី៨ សំរាប់ខែកត្តិក គឺស៊ីបាកាយ ជាពួកហ៊ូសាយ ក្នុងពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
១២ មេទី៩ សំរាប់ខែមិគសិរ គឺអ័បៀស៊ើរ ជាអ្នកក្រុងអាន៉ាថោត ពូជអំបូរបេនយ៉ាមីន ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
១៣ មេទី១០ សំរាប់ខែបុស្ស គឺម៉ាហារ៉ាយ ជាអ្នកស្រុកនថូផា ពូជពង្សសេរ៉ាស ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
១៤ មេទី១១ សំរាប់ខែមាឃ គឺបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងពូជអំបូរអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
១៥ មេទី១២ សំរាប់ខែផល្គុណ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មាន២ម៉ឺន៤ពាន់នាក់ដែរ។
ការចាត់ចែងអាជ្ញាធរស៊ីវិល
១៦ ឯពួកចៅហ្វាយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន នោះដូច្នេះ គឺក្នុងពួករូបេន មានអេលាស៊ើរ កូនស៊ីកគ្រី ជាចៅហ្វាយ ក្នុងពួកស៊ីម្មាន គឺសេផាធា កូនម្អាកា
១៧ ក្នុងពួកលេវី គឺហាសាបយ៉ា ជាកូនកេមយួល ក្នុងវង្សរបស់អើរ៉ុន មានសាដុក
១៨ ក្នុងពួកយូដា គឺអេលីហ៊ូវ ជាជេដ្ឋាដាវីឌ ក្នុងពួកអ៊ីសាខារ គឺអំរី ជាកូនមីកែល
១៩ ក្នុងពួកសាប់យូល៉ូន គឺយីសម៉ាយ៉ា ជាកូនអូបាឌា ក្នុងពួកណែបថាលី គឺយេរីម៉ូត ជាកូនអាសរាល
២០ ក្នុងពួកកូនចៅអេប្រាអិម គឺហូសេ ជាកូនអ័សាស៊ា ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺយ៉ូអែល ជាកូនពេដាយ៉ា
២១ ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង នៅស្រុកកាឡាត គឺយីដូរ ជាកូនសាការី ក្នុងពួកបេនយ៉ាមីន គឺយ្អាសៀល ជាកូនអ័ប៊ីនើរ
២២ ក្នុងពួកដាន់ គឺអ័សារាល ជាកូនរបស់យេរ៉ូហាំ នេះសុទ្ធតែជាចៅហ្វាយនៃអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអម្បាលម៉ាន
២៣ តែដាវីឌមិនបានរាប់ចំនួនគេ ពីត្រឹមអាយុ២០ឆ្នាំ ចុះទៅក្រោមទេ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងចំរើនពួកអ៊ីស្រាអែល ឲ្យមានគ្នាច្រើន ដូចជាផ្កាយ ដែលនៅលើមេឃ
២៤ យ៉ូអាប់ ជាកូនសេរូយ៉ា លោកចាប់តាំងរាប់តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះ បានបណ្តាលឲ្យមានសេចក្តីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេ នោះមិនបានកត់ទុក ក្នុងបញ្ជីពង្សាវតារនៃស្តេចដាវីឌទេ។
អ្នករក្សាព្រះរាជទ្រព្យ
២៥ ឯអ្នករក្សាព្រះរាជទ្រព្យរបស់ស្តេច គឺអាសម៉ាវែត ជាកូនអ័ឌីអែល ហើយយ៉ូណាថាន ជាកូនអ៊ូស៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិ នៅស្រែចំការ នៅទីក្រុង និងភូមិ ហើយនៅដំណាក់ទាំងប៉ុន្មាន
២៦ អែសរី កូនកេលូបជាអ្នកត្រួតលើពួកអ្នកភ្ជួររាស់ នៅស្រែចំការ
២៧ ស៊ីម៉ាយ ដែលនៅក្រុងរ៉ាម៉ា ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ហើយសាប់ឌី ក្នុងពួកសេផាម ជាអ្នកត្រួតលើឃ្លាំងស្រាទំពាំងបាយជូរ ដែលនៅឯចំការ
២៨ បាលហាន៉ាន់ ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចំការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ
២៩ ស៊ីតរ៉ាយ ដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន
៣០ អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ា ដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម
៣១ អ្នកទាំងនេះសុទ្ធតែជាអ្នកត្រួតលើព្រះរាជ្យទ្រព្យរបស់ស្តេចដាវីឌ។
អ្នកជំនិតរបស់ស្តេចដាវីឌ
៣២ ឯយ៉ូណាថាន ជាញាតិវង្សនឹងដាវីឌ ជាអ្នកជួយគំនិត ជាមនុស្សមានយោបល់ និងប្រាជ្ញា យេហ៊ីអែលជាកូនហាក់ម៉ូនី ជាអ្នកនៅជាមួយនឹងពួកបុត្ររបស់ស្តេច
៣៣ អ័ហ៊ីថូផែល ជាអ្នកដែលជួយគំនិតដល់ស្តេច ហើយហ៊ូសាយ ជាពួកអើគី ជាអ្នកជិតស្និទ្ធនឹងស្តេច
៣៤ បន្ទាប់ពីអ័ហ៊ីថូផែលមក នោះមានយេហូយ៉ាដា ជាកូនបេណាយ៉ា និងអ័បៀថើរ ហើយយ៉ូអាប់ ជាមេទ័ពធំរបស់ស្តេច។