៥
កុលសម្ព័ន្ធរូបេន
១ ឯកូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ
២ ដ្បិតយូដាគាត់មានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចនៃបងច្បងជារបស់យ៉ូសែបវិញ)
៣ ដូច្នេះកូនរបស់រូបេនជាកូនច្បងអ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន កើមី
៤ ឯកូនរបស់យ៉ូអែល គឺសេម៉ាយ៉ាៗមានកូនឈ្មោះកុកៗមានកូនឈ្មោះស៊ីម៉ាយ
៥ ស៊ីម៉ាយមានកូនឈ្មោះមីកាៗមានកូនឈ្មោះរីអាយ៉ាៗមានកូនឈ្មោះបាល
៦ បាលមានកូនមួយឈ្មោះប្អេរ៉ា ជាអ្នកដែលទីកឡាត-ពីលេស៊ើរ ស្តេចស្រុកអាសស៊ើរបានដឹកនាំទៅជាឈ្លើយ អ្នកនោះជាកំពូលលើពួករូបេន
៧ ឯពួកបងប្អូនគាត់តាមគ្រួគេ ក្នុងកាលដែលធ្វើបញ្ជីពង្សាវតារ តាមអស់ទាំងដំណគេ នោះបានរាប់ជាមេ គឺយីអែល និងសាការី
៨ ហើយបេឡា ជាកូនអ័សាស ដែលជាកូនសេម៉ា ជាកូនយ៉ូអែល ដែលនៅស្រុកអារ៉ូអ៊ើររហូតដល់នេបូរ និងបាល-មេយ៉ូន
៩ ក៏នៅលយទៅខាងកើត ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់មាត់ទីរហោស្ថាន ពីព្រោះហ្វូងសត្វគេបានចំរើនជាច្រើនឡើងនៅស្រុកកាឡាត
១០ ហើយនៅក្នុងរាជ្យសូល នោះគេបានច្បាំងនឹងពួកហាការេន ពួកនោះក៏ចាញ់គេ រួចនៅក្នុងទីលំនៅរបស់ពួកនោះ នៅពេញក្នុងស្រុកកាឡាតប៉ែកខាងកើត។
កុលសម្ព័ន្ធកាឌ់
១១ ពួកកូនចៅកាឌ់ក៏នៅក្នុងស្រុកបាសានជាប់នឹងគេរហូតដល់សាលកា
១២ មានយ៉ូអែលជាមេ សាផាមជាបន្ទាប់ រួចយ្អាណាយ និងសាផាត នៅស្រុកបាសាននោះ
១៣ រីឯពួកបងប្អូនគេ ដែលកើតក្នុងវង្សរបស់ឪពុកគេ នោះគឺមីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និងហេប៊ើរ ទាំងអស់មាន៧នាក់
១៤ នេះសុទ្ធតែជាកូនចៅអ័ប៊ីហែល ជាកូនហ៊ូរី ដែលជាកូនយ៉ារ៉ូអាៗជាកូនកាឡាតៗជាកូនមីកែលៗជាកូនយេស៊ីសាយៗជាកូនយ៉ាដោ ដែលជាកូនប៊ូស
១៥ ឯអ័ហ៊ី ជាកូនអ័បឌាល ដែលជាកូនគូនី គាត់ជាមេលើវង្សឪពុកគេ
១៦ ពួកនោះគេនៅស្រុកកាឡាត ក្នុងស្រុកបាសាន ហើយក្នុងទីក្រុងតូចទាំងប៉ុន្មាននៅស្រុកនោះ និងក្នុងភូមិដែលនៅជុំវិញក្រុងសារ៉ុនរហូតដល់ព្រំស្រុកគេ
១៧ ពួកអ្នកទាំងនោះបានកត់ក្នុងបញ្ជីតាមពង្សាវតាររបស់គេ នៅក្នុងរាជ្យយ៉ូថាម ជាស្តេចយូដា ហើយនៅក្នុងរាជ្យយេរ៉ូបោម ជាស្តេចអ៊ីស្រាអែល។
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត
១៨ ឯកូនរបស់រូបេន ព្រមទាំងពួកកាឌ់ និងពួកម៉ាន៉ាសេ១ចំហៀង គេមានមនុស្សក្លាហាន ដែលអាចនឹងកាន់ខែល និងដាវ បាញ់ធ្នូ ហើយក៏ថ្នឹកនឹងចំបាំង គឺចំនួនជា៤ម៉ឺន៤ពាន់៧៦០នាក់ ដែលអាចនឹងចេញទៅច្បាំងបាន
១៩ គេលើកគ្នាទៅច្បាំងនឹងពួកហាការេន ពួកយេធើរ ពួកណាភីស និងពួកណូដាប់
២០ គេក៏មានសេចក្តីជំនួយជួយ ទាំងនឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្តាប់ដៃគេ ពីព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចំបាំង ទ្រង់ក៏ទទួលព្រមតាម ដោយព្រោះគេបានទីពឹងដល់ទ្រង់
២១ គេចាប់យកហ្វូងសត្វរបស់ពួកនោះ គឺអូដ្ឋ៥ម៉ឺន ចៀម២សែន៥ម៉ឺន និងលា២ពាន់ ព្រមទាំងមនុស្ស១សែននាក់
២២ មានមនុស្សដួលស្លាប់សន្ធឹកណាស់ ដ្បិតចំបាំងនោះកើតពីព្រះ គេក៏អាស្រ័យនៅក្នុងទីលំនៅរបស់អ្នកទាំងនោះ ដរាបដល់វេលាដែលគេត្រូវជាប់ជាឈ្លើយវិញ។
កុលសម្ព័ន្ធម៉ាន៉ាសេ១ចំហៀងដែលនៅត្រើយខាងកើតទន្លេយ័រដាន់
២៣ ឯពួកកូនចៅ របស់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចំរើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើម៉ូន និងសេនារ ហើយភ្នំហ៊ើម៉ូន
២៤ ឯពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ គឺអេភើរ អ៊ីស៊ី អេលាល អាសរាល យេរេមី ហូដាវា និងយ៉ាឌាល នោះសុទ្ធតែជាអ្នកខ្លាំងពូកែ ដែលមានចិត្តក្លាហាន ជាមនុស្សមានល្បីឈ្មោះ ហើយជាកំពូលលើវង្សរបស់ឪពុកគេ។
២៥ ប៉ុន្តែគេបានរំលងទាស់នឹងព្រះនៃពួកឰយុកោគេ ព្រមទាំងផិតតាមអស់ទាំងព្រះរបស់ពួកជន នៅស្រុកដែលព្រះបានបំផ្លាញចេញពីមុខគេ
២៦ ដូច្នេះ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តាលព្រះទ័យនៃពូល ជាស្តេចស្រុកអាសស៊ើរ និងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឲ្យដឹកនាំគេទៅ គឺពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ស្តេចទាំង២នោះក៏ដឹកនាំគេទៅនៅឯហាឡា ហាបោរ ហារ៉ា ហើយដល់ទន្លេស្រុកកូសាន ដរាបដល់សព្វថ្ងៃនេះ។