២៨
ស្តេចអ័ហាសសោយរាជ្យលើស្រុកយូដា
១ កាលអ័ហាសទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ តែទ្រង់មិនបានប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាឰយុកោទ្រង់ទេ
២ គឺទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ហើយបានសិតធ្វើរូបទុកជាព្រះ
៣ មួយទៀតទ្រង់បានដុតកំញាន នៅច្រកភ្នំរបស់កូនហ៊ីនណំមព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទំលាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
៤ ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាន នៅលើអស់ទាំងទីខ្ពស់នៅលើភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីផង។
៥ ហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏ប្រគល់ទ្រង់ទៅក្នុងកណ្តាប់ដៃនៃស្តេចស្រុកស៊ីរី គេក៏វាយពួកទ្រង់ ហើយចាប់យកជាច្រើននាំទៅជាឈ្លើយដល់ក្រុងដាម៉ាស ហើយទ្រង់ត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអ៊ីស្រាអែលដែរ ដែលស្តេចនោះក៏វាយពួកទ្រង់ ប្រហារសំឡាប់មនុស្សយ៉ាងសន្ធឹក
៦ ដ្បិតពេកាជាបុត្រារេម៉ាលាទ្រង់បានសំឡាប់មនុស្ស ដែលមានចិត្តក្លាហាន នៅស្រុកយូដា អស់១សែន២ម៉ឺននាក់ក្នុង១ថ្ងៃ ពីព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោ
៧ ហើយស៊ីកគ្រី ជាមនុស្សខ្លាំងពូកែ ពីស្រុកអេប្រាអិម ក៏សំឡាប់ម្អាសេយ៉ា ជាបុត្រាស្តេច ហើយនឹងអាសរីកាម ជាឧកញ៉ាវាំង ព្រមទាំងអែលកាណា ជាឧបរាជស្តេចទៅផង។
៨ ពួកកូនចៅអ៊ីស្រាអែល ក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់២សែននាក់ មានទាំងស្រីៗ និងកូនប្រុសកូនស្រីរបស់គេ និងរបឹបជាច្រើនផង ទៅឯក្រុងសាម៉ារី
៩ ប៉ុន្តែនៅទីនោះមានហោរាម្នាក់របស់ព្រះយេហូវ៉ា ឈ្មោះអូដេឌ លោកចេញទៅជួបនឹងពលទ័ព ដែលវិលមកឯក្រុងសាម៉ារី ពោលថា មើល ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា ទ្រង់មានសេចក្តីក្រោធដល់ពួកយូដា បានជាទ្រង់ប្រគល់គេមកក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានប្រហារជីវិតគេ ដោយមោហោចិត្ត ដែលគរឡើងដល់ផ្ទៃមេឃហើយ
១០ ឥឡូវនេះ អ្នករាល់គ្នាគិតបង្ក្រាបពួកកូនចៅយូដា និងពួកក្រុងយេរូសាឡិម ទុកជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាទៀត តែឯអ្នករាល់គ្នា តើមិនមានអំពើរំលងចំពោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាដែរទេឬអី
១១ ដូច្នេះ ចូរស្តាប់ខ្ញុំឥឡូវចុះ ត្រូវបើកឲ្យពួកបងប្អូនរបស់អ្នករាល់គ្នា ដែលបាននាំមកជាឈ្លើយនេះ ត្រឡប់ទៅវិញទៅ ដ្បិតសេចក្តីក្រេវក្រោធដ៏សហ័សផងព្រះយេហូវ៉ា បានគ្របលើអ្នករាល់គ្នាហើយ
១២ ដូច្នេះ ពួកមេខ្លះក្នុងពួកអេប្រាអិម គឺអ័សារា ជាកូនយ៉ូហាណាន បេរេគា ជាកូនមស៊ីលេម៉ូត យេហ៊ីសេគាជាកូនសាលូម និងអ័ម៉ាសា ជាកូនហាឌឡាយ គេលើកគ្នាទាស់នឹងពួកអ្នកដែលមកពីច្បាំងនោះថា
១៣ មិនត្រូវឲ្យឯងរាល់គ្នានាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតឯងរាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោស នៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប និងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្តីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ
១៤ ដូច្នេះ ពួកទាហានក៏លះបង់ឈ្លើយទាំងនោះ និងរបឹបចោលនៅមុខពួកចៅហ្វាយ និងពួកជំនុំទាំងអស់គ្នា
១៥ ឯពួកអ្នកដែលចេញឈ្មោះហើយគេក្រោកឡើងនាំពួកឈ្លើយមក រួចរើយកសំលៀកបំពាក់ពីក្នុងរបឹបនោះ ចែកដល់អស់អ្នកណាដែលអាក្រាត ឲ្យគេស្លៀកពាក់ ព្រមទាំងឲ្យមានស្បែកជើងពាក់ផង រួចចែកអាហារដល់គេឲ្យបរិភោគ ក៏ចាក់ប្រេងលាបឲ្យផង ឯអស់អ្នកណាដែលមានកំឡាំងតិច នោះគេបញ្ជិះលើសត្វលាបញ្ជូនត្រឡប់ទៅឯពួកបងប្អូនគេ ត្រឹមក្រុងយេរីខូរ ជាទីក្រុងដើមលម៉ើរទៅ រួចគេវិលមកឯក្រុងសាម៉ារីវិញ។
ស្តេចអ័ហាសសុំជំនួយពីស្តេចស្រុកអាស្ស៊ីរី
១៦ នៅគ្រានោះស្តេចអ័ហាសទ្រង់ចាត់សារទៅ សូមឲ្យពួកស្តេចស្រុកអាសស៊ើរមកជួយ
១៧ ពីព្រោះពួកអេដំមបានមកវាយស្រុកយូដាម្តងទៀត ព្រមទាំងនាំមនុស្សទៅជាឈ្លើយផង
១៨ ឯពួកភីលីស្ទីនគេក៏បានលុកលុយចូលទីក្រុងទាំងប៉ុន្មាន នៅស្រុកទំនាប ហើយនឹងប៉ែកស្រុកយូដាខាងត្បូង គេវាយយកបានក្រុងបេត-សេមែស ក្រុងអាយ៉ាឡូន ក្រុងកេដេរ៉ូត ក្រុងសូគរ និងដំបន់នៅជុំវិញក្រុងធីមណា និងដំបន់នៅជុំវិញ ព្រមទាំងក្រុងគីមសូរ និងដំបន់នៅជុំវិញផង រួចគេក៏អាស្រ័យនៅទីក្រុងទាំងនោះ
១៩ ដ្បិតព្រះយេហូវ៉ា ទ្រង់បាននាំឲ្យពួកយូដាបានទាបថោកដោយព្រោះអ័ហាស ស្តេចសាសន៍អ៊ីស្រាអែល ពីព្រោះស្តេចបាននាំឲ្យពួកយូដា លែងមានសេចក្តីទប់ចិត្តខ្លាចបាប ហើយបានប្រព្រឹត្តរំលងល្មើសយ៉ាងធំ ចំពោះព្រះយេហូវ៉ា
២០ គ្រានោះ ទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរក៏មកឯទ្រង់ តែមិនបានជួយចំរើនកំឡាំងទ្រង់ទេ គឺបានធ្វើឲ្យទ្រង់មានសេចក្តីលំបាកវិញ
២១ ដ្បិតអ័ហាសបានបែងយកចំណែក ពីព្រះវិហារនៃព្រះយេហូវ៉ា ពីព្រះរាជដំណាក់ហើយពីពួកចៅហ្វាយ ទៅដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។
២២ ហើយនៅគ្រាដែលមានសេចក្តីទុក្ខវេទនា នោះស្តេច គឺអ័ហាសនេះឯង ទ្រង់បានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ាថែមទៀត
២៣ គឺទ្រង់បានថ្វាយយញ្ញបូជា ដល់អស់ទាំងព្រះនៃពួកក្រុងដាម៉ាស ដែលគេបានវាយទ្រង់ ដោយនឹកថា ដោយព្រោះព្រះនៃពួកស្តេចស៊ីរីបានជួយគេ នោះយើងនឹងថ្វាយយញ្ញបូជា ដល់ព្រះទាំងនោះដែរ ដើម្បីឲ្យបានជួយខាងយើង ប៉ុន្តែព្រះទាំងនោះជាហេតុនាំឲ្យទ្រង់ និងពួកអ៊ីស្រាអែលទាំងអស់រួញថយវិញ
២៤ អ័ហាសក៏ប្រមូលអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះមកកាត់ផ្តាច់ជាដុំៗ ទ្រង់ក៏បិទទ្វារព្រះវិហារនៃព្រះយេហូវ៉ាចោល ហើយធ្វើអាសនាសំរាប់ទ្រង់ នៅគ្រប់ទីកៀនក្នុងក្រុងយេរូសាឡិមដែរ
២៥ ឯនៅគ្រប់ទាំងទីក្រុងស្រុកយូដា ទ្រង់ក៏ធ្វើទីខ្ពស់ សំរាប់នឹងដុតកំញានថ្វាយព្រះដទៃ ទ្រង់បានបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោទ្រង់ មានសេចក្តីក្រោធ
២៦ រីឯដំណើរឯទៀតពីទ្រង់ និងគ្រប់ទាំងអំពើដែលទ្រង់ប្រព្រឹត្ត ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ
២៧ អ័ហាសក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅក្នុងទីក្រុង គឺក្នុងក្រុងយេរូសាឡិម តែមិនមែនក្នុងផ្នូររបស់ពួកស្តេចសាសន៍អ៊ីស្រាអែលទេ រួចហេសេគា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។