១៦
ពាក្យសួរសុខទុក្ខ
១ ខ្ញុំទុកដាក់នាងភីបេ ជាបងប្អូនយើងនឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ពួកជំនុំ នៅក្រុងកេងគ្រា
២ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ តាមបែបដែលគួរឲ្យពួកបរិសុទ្ធធ្វើ ហើយឲ្យអ្នករាល់គ្នាបានជួយនាង ក្នុងការអ្វីដែលនាងត្រូវការនឹងអ្នករាល់គ្នាដែរ ដ្បិតនាងបានជួយគេជាច្រើន ព្រមទាំងខ្ញុំផង។
៣ សូមជំរាបសួរដល់នាងព្រីស៊ីល និងអ្នកអ័គីឡា ជាអ្នកដែលធ្វើការជាមួយនឹងខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ
៤ គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត
៥ សូមជំរាបសួរពួកជំនុំ ដែលប្រជុំនៅផ្ទះគេដែរ សូមជំរាបសួរអ្នកអេប៉ាយនេត ជាស្ងួនភ្ងាខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទពីស្រុកអាស៊ី
៦ សូមជំរាបសួរនាងម៉ារា ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយយើង
៧ សូមជំរាបសួរអ្នកអាន់ត្រូនីក និងអ្នកយូនាស ជាញាតិខ្ញុំ គឺជាអ្នកជាប់គុកជាមួយនឹងខ្ញុំ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកសាវ័ក ក៏ជឿដល់ព្រះគ្រីស្ទមុនខ្ញុំដែរ
៨ សូមជំរាបសួរអ្នកអាំភ្លាស ជាស្ងួនភ្ងាខ្ញុំក្នុងព្រះអម្ចាស់
៩ សូមជំរាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ និងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ
១០ សូមជំរាបសួរអ្នកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយសូមជំរាបសួរពួកផ្ទះអើរិស្តូប៊ូល
១១ សូមជំរាបសួរអ្នកហេរ៉ូឌាន ជាញាតិខ្ញុំ សូមជំរាបសួរពួកផ្ទះណើគីស ដែលនៅក្នុងព្រះអម្ចាស់
១២ សូមជំរាបសួរនាងទ្រីភេន និងនាងទ្រីផូស ដែលធ្វើការក្នុងព្រះអម្ចាស់ សូមជំរាបសួរនាងពើស៊ីស ជាអ្នកស្ងួនភ្ងា ដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់
១៣ សូមជំរាបសួរអ្នករូភូស ដែលព្រះអម្ចាស់បានរើសតាំង និងម្តាយគាត់ដែលរាប់ជាម្តាយខ្ញុំដែរ
១៤ សូមជំរាបសួរអ្នកអ័ស៊ីងគ្រីត អ្នកភ្លេកូន អ្នកហ៊ើម៉ាស អ្នកប៉ាត្រូបាស អ្នកហ៊ើមេស និងពួកបងប្អូនដែលនៅជាមួយនឹងអ្នកទាំងនោះ
១៥ សូមជំរាបសួរអ្នកភីឡូឡូក និងនាងយូលាស អ្នកនេរើស និងប្អូនស្រីគាត់ ហើយអ្នកអូលីមប៉ាស និងពួកបរិសុទ្ធ ដែលនៅជាមួយនឹងអ្នកទាំងនោះ
១៦ សូមអ្នករាល់គ្នាជំរាបសួរគ្នាទៅវិញទៅមក ដោយការថើបយ៉ាងបរិសុទ្ធ ពួកជំនុំនៃព្រះគ្រីស្ទទាំងអស់ សូមជំរាបសួរមកអ្នករាល់គ្នា។
ពាក្យដាស់តឿនចុងបញ្ចប់
១៧ ឱបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបណ្តាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្តីរវាតចិត្ត ខុសនឹងសេចក្តីដែលអ្នករាល់គ្នាបានរៀនមក ត្រូវឲ្យបែរចេញពីអ្នកទាំងនោះ
១៨ ដ្បិតមនុស្សបែបយ៉ាងនោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបំរើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចផង
១៩ ដ្បិតមនុស្សទាំងអស់បានដឹង ពីបែបដែលអ្នករាល់គ្នាស្តាប់បង្គាប់ហើយ ដូច្នេះ ខ្ញុំត្រេកអរពីដំណើរអ្នករាល់គ្នាណាស់ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងឯសេចក្តីល្អ ហើយល្ងង់ខាងឯសេចក្តីអាក្រក់វិញ
២០ ឯព្រះនៃសេចក្តីសុខសាន្ត នៅបន្តិចទៀតទ្រង់នឹងកិនអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាហើយ សូមឲ្យអ្នកបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងចុះ។
២១ អ្នកធីម៉ូថេ ជាអ្នកធ្វើការជាមួយនឹងខ្ញុំ ហើយអ្នកលូគាស អ្នកយ៉ាសុន និងអ្នកសូសិប៉ាត្រុស ជាញាតិខ្ញុំ គេសូមជំរាបសួរមកអ្នករាល់គ្នាដែរ
២២ ឯខ្ញុំ ឈ្មោះទើទាសដែលសរសេរសំបុត្រនេះ ក៏សូមជំរាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ
២៣ អ្នកកៃយុស ជាអ្នកដែលទទួលខ្ញុំ និងពួកជំនុំទាំងអស់ផង គាត់សូមជំរាបសួរមកអ្នករាល់គ្នា អ្នកអេរ៉ាស្ទុស ជាមេត្រួតត្រាក្នុងទីក្រុង និងអ្នកក្វើតុស ជាពួកបងប្អូន គេក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ
២៤ សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាប់គ្នាទាំងអស់ អាម៉ែន។
២៥ រីឯព្រះ ដែលអាចនឹងតាំងអ្នករាល់គ្នា ឲ្យខ្ជាប់ខ្ជួនតាមដំណឹងល្អខ្ញុំ នឹងតាមខ្លឹមនៃលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវនឹងសេចក្តីបើកសំដែង អំពីការអាថ៌កំបាំង ដែលបានលាក់ទុកនៅអស់ទាំងកល្បរៀងមក
២៦ តែឥឡូវនេះបានបើកសំដែងមក ឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមបង្គាប់នៃព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ដើម្បីឲ្យគេបានចុះចូលជឿ ដោយសារព្រះយេស៊ូវគ្រីស្ទ
២៧ ជាព្រះដ៏មានប្រាជ្ញាតែ១ព្រះអង្គ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បរៀងទៅ។ អាម៉ែន។:៚