១៧
កូលីយ៉ាតប្រមាថកងទ័ពអ៊ីស្រាអែល
១ នៅគ្រានោះ ពួកភីលីស្ទីន គេលើកទ័ពមកដើម្បីច្បាំង ក៏មូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅកណ្តាលសូគរ និងអាសេកា ត្រង់អេភេស-ដាំមីម
២ ឯសូល និងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏ដំរៀបពល ដើម្បីច្បាំងនឹងពួកភីលីស្ទីន
៣ ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលគេក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅជាកណ្តាល
៤ លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកំពស់៦ហត្ថ១ចំអាម
៥ ពាក់មួកលង្ហិនហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទំងន់៥ពាន់ដំឡឹង
៦ ក៏មានស្រោមលង្ហិនស្រោបជើង ហើយមានប្រដាប់លង្ហិនបាំងពីខាងខ្នងដែរ
៧ ឯដងលំពែងរបស់វា នោះប្រៀបដោយផ្សំនៃដំបាញ ហើយផ្លែធ្វើពីដែក ទំងន់៦០០ដំឡឹង មានអ្នកកាន់ខែលដើរពីមុខ
៨ វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា ម្តេចក៏ឯងរាល់គ្នាចេញមកដំរៀបទ័ពសំរាប់ច្បាំងដូច្នេះ តើអញមិនមែនជាសាសន៍ភីលីស្ទីន ហើយឯងរាល់គ្នាជាខ្ញុំរបស់សូលទេឬអី ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងអញមើល
៩ បើវាអាចនឹងតដៃសំឡាប់អញបាន នោះយើងនឹងធ្វើជាបាវបំរើឯង តែបើអញឈ្នះ ហើយសំឡាប់វាបាន នោះឯងរាល់គ្នាត្រូវធ្វើជាបាវបំរើយើងវិញ
១០ វាប្រកួតនឹងពួកទ័ពអ៊ីស្រាអែលថា នៅថ្ងៃនេះ ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងអញលមើលចុះ
១១ កាលសូល និងពួកអ៊ីស្រាអែលទាំងអស់ បានឮពាក្យរបស់សាសន៍ភីលីស្ទីននោះនិយាយដូច្នោះ គេក៏មានគំនិតវិលវល់ ហើយភ័យខ្លាចជាខ្លាំង។
កំឡោះដាវីឌប្រយុទ្ធនឹងកូលីយ៉ាត
១២ រីឯដាវីឌ ជាកូនរបស់ពួកអេប្រាតាម្នាក់ នៅបេថ្លេហិម-យូដា ឈ្មោះអ៊ីសាយ ឯអ៊ីសាយ មានកូនប្រុស៨នាក់ ហើយនៅជំនាន់ស្តេចសូល គាត់ចាស់ណាស់ មានវ័យកន្លងហើយ
១៣ កូនប្រុសច្បងរបស់អ៊ីសាយ៣នាក់បានតាមសូលទៅច្បាំង កូនទាំង៣នាក់ដែលទៅច្បាំងនោះ គឺច្បងបង្អស់ឈ្មោះអេលាប បន្ទាប់មកឈ្មោះអ័ប៊ីន៉ាដាប់ ហើយទី៣ឈ្មោះសាំម៉ា
១៤ អ្នកទាំង៣នោះបានតាមសូលទៅ ឯដាវីឌគាត់ជាកូនពៅ
១៥ ក៏តែងធ្លាប់ទៅមកពីសូល ទៅឯឪពុកនៅបេថ្លេហិម ដើម្បីឃ្វាលចៀម
១៦ រីឯសាសន៍ភីលីស្ទីនម្នាក់នោះ វាចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច ក៏ប្រកាសខ្លួនដូច្នោះ អស់រវាង៤០ថ្ងៃ។
១៧ នៅគ្រានោះ អ៊ីសាយប្រាប់ដាវីឌជាកូនថា ចូរឯងយកលាជ១ថាំង និងនំបុ័ង១០ដុំនេះទៅ ឲ្យដល់ពួកបងឯង នៅឯទីបោះទ័ពជាប្រញាប់ទៅ
១៨ ហើយនាំយកទឹកដោះខះ១០ផែននេះ ទៅជូនដល់មេទ័ពរបស់វាទៅ រួចចូរមើលដែលបងឯងសុខសប្បាយ ឬយ៉ាងណា ហើយនាំយករបស់អ្វី១ ជាគ្រឿងសំគាល់ពីវា មកវិញ
១៩ ចំណែកសូល និងអ្នកទាំង៣នោះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់ គេនៅច្រកភ្នំអេឡា កំពុងតែច្បាំងនឹងពួកភីលីស្ទីន
២០ ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកនឹងអ្នកគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់ ក៏បានទៅដល់ទីបោះទ័ព ក្នុងកាលដែលពួកពលកំពុងតែចេញទៅឯទីចំបាំង ទាំងស្រែកសំរែកសង្គ្រាម
២១ ហើយពួកអ៊ីស្រាអែល និងពួកភីលីស្ទីន គេដំរៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ
២២ ដាវីឌក៏ប្រគល់អីវ៉ាន់ទុកនឹងអ្នកដែលរក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជំរាបសួរដល់ពួកបង
២៣ គ្រាដែលកំពុងតែនិយាយនឹងពួកបង នោះមើល ទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ ពីក្រុងកាថ ឈ្មោះកូលីយ៉ាត ក៏ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ
២៤ កាលពួកអ៊ីស្រាអែលទាំងប៉ុន្មាន បានឃើញអ្នកនោះ គេក៏រត់ពីវាទៅ ដោយភ័យខ្លាចជាខ្លាំង
២៥ រួចពួកអ៊ីស្រាអែលនិយាយគ្នាថា បានឃើញមនុស្សនោះ ដែលឡើងមកឬទេ វាបានឡើងមក ដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះជាប្រាកដ បើអ្នកណាសំឡាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេស ដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណី ដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ
២៦ ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា ឯអ្នកណាដែលនឹងសំឡាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្តីដំនៀលពីអ៊ីស្រាអែលចេញ នោះនឹងបានដូចម្តេចខ្លះ ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ដូច្នេះ
២៧ គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា អ្នកណាដែលនឹងសំឡាប់វាបាន នោះនឹងបានដូច្នេះឯង។
២៨ គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្តីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្តីអំនួត និងសេចក្តីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចំបាំងទេ
២៩ តែដាវីឌឆ្លើយថា តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយ១ម៉ាត់ទេតើ
៣០ រួចក៏បែរចេញពីបងទៅសួរម្នាក់ទៀត តាមពាក្យដដែលនោះ ហើយគេឆ្លើយប្រាប់ដូចជាពាក្យមុន។
៣១ កាលគេបានឮពាក្យ ដែលដាវីឌនិយាយដូច្នោះ នោះគេនាំដំណឹងទៅក្រាបទូលដល់សូល រួចទ្រង់ចាត់គេឲ្យទៅហៅដាវីឌមក
៣២ ដាវីឌទូលដល់សូលថា សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ
៣៣ តែសូលទ្រង់មានព្រះបន្ទូលថា ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់ ឯគេជាមនុស្សស្ទាត់ចំបាំងតាំងតែពីក្មេងមកហើយ
៣៤ នោះដាវីឌដំណាលរឿងទូលសូលថា ពីដើមដែលទូលបង្គំ ជាបាវបំរើទ្រង់ ធ្លាប់ឃ្វាលចៀមរបស់ឪពុក នោះវេលាណាដែលមានសិង្ហ ឬខ្លាឃ្មុំ មកចាប់យកកូនចៀមពីហ្វូងទៅ
៣៥ ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសំឡាប់ទៅ
៣៦ ទូលបង្គំជាបាវបំរើទ្រង់ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងបានដូចជាសត្វ១នោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ
៣៧ ដាវីឌក៏ទូលទៀតថា ឯព្រះយេហូវ៉ា ជាព្រះដែលបានជួយទូលបង្គំ ឲ្យរួចពីក្រចកសិង្ហ និងខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្តាប់ដៃសាសន៍ភីលីស្ទីននោះដែរ ខណៈនោះ សូលមានព្រះបន្ទូលថា ដូច្នេះ ចូរទៅចុះ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង
៣៨ ទើបស្តេចបំពាក់គ្រឿងរបស់ទ្រង់ឲ្យដាវីឌ គឺមួកលង្ហិននៅលើក្បាល និងអាវក្រោះដែរ
៣៩ នោះដាវីឌក៏ក្រវាត់ដាវពីលើគ្រឿងប្រដាប់នោះ ហើយខំដើរល្បងមើល ដ្បិតមិនដែលបានលម្តងសោះ រួចទូលទៅសូលថា ទូលបង្គំនឹងពាក់គ្រឿងទាំងនេះទៅមិនបានទេ ដ្បិតទូលបង្គំមិនដែលលម្តងឡើយ ដូច្នេះ ដាវីឌក៏ដោះគ្រឿងទាំងនោះចេញ
៤០ រួចយកតែដំបងរបស់ខ្លួនមកកាន់នៅដៃ ហើយរើសក្រួសរលីងៗចំនួន៥ដុំពីក្នុងទឹកជ្រោះដាក់ចុះក្នុងយាម គឺក្នុងប្លោករបស់ខ្លួន ហើយកាន់ខ្សែដង្ហក់នៅដៃ ដើរដំរង់ចូលទៅឯសាសន៍ភីលីស្ទីននោះ។
៤១ ចំណែកសាសន៍ភីលីស្ទីននោះ ក៏ដើរចូលមកឯដាវីឌ មានទាំងអ្នកកាន់ខែលដើរពីមុខផង
៤២ កាលវាក្រឡេកឃើញដាវីឌ នោះក៏តាំងចិត្តមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ
៤៣ រួចវានិយាយទៅដាវីឌថា តើអញជាឆ្កែឬអី បានជាឯងមកឯអញទាំងកាន់ដំបងដូច្នេះ ហើយក៏ប្រទេចផ្តាសាដល់ដាវីឌដោយនូវព្រះរបស់វា
៤៤ រួចប្រាប់ថា ចូរមកឯអញចុះ អញនឹងឲ្យសាច់ឯង ដល់សត្វហើរលើអាកាស និងសត្វព្រៃផង
៤៥ ដាវីឌឆ្លើយតបទៅវិញថា ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ
៤៦ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯង មកក្នុងកណ្តាប់ដៃនៃអញហើយ អញនឹងវាយឯង ហើយនឹងកាត់យកក្បាលឯងទៅ នៅថ្ងៃនេះ អញនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត
៤៧ ហើយឲ្យជំនុំមនុស្សទាំងនេះ បានដឹងថា ព្រះយេហូវ៉ាទ្រង់មិនជួយសង្គ្រោះដោយសារដាវឬលំពែងទេ ដ្បិតចំបាំងនេះស្រេចនៅព្រះយេហូវ៉ាវិញ គឺទ្រង់នឹងប្រគល់ឯងរាល់គ្នាមកក្នុងកណ្តាប់ដៃនៃយើង
៤៨ កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌហើយ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីជួយគ្នា
៤៩ ទើបលូកដៃទៅក្នុងយាម ចាប់យកក្រួស១គ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសនៃសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាដួលផ្កាប់មុខនៅដីទៅ។
៥០ ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ និងក្រួស១គ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីននោះឲ្យស្លាប់ទៅ ដោយឥតមានកាន់ដាវនៅដៃឡើយ
៥១ រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសំឡាប់វាទៅ ព្រមទាំងកាត់បណ្តាច់ក្បាលចេញ កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានដំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីងទៅ
៥២ ឯពួកអ៊ីស្រាអែល និងពួកយូដាក៏ក្រោកឡើងស្រែកហ៊ោទាំងអស់គ្នា ដេញតាមពួកភីលីស្ទីនទៅក្នុងវាលច្រកភ្នំ រហូតដល់ទ្វារក្រុងអេក្រុន ហើយពួកភីលីស្ទីនដែលត្រូវរបួស គេក៏ដួលតាមផ្លូវដែលទៅឯស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រុន
៥៣ នោះពួកកូនចៅអ៊ីស្រាអែល គេវិលត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ ចូលប្លន់ទីបោះទ័ពរបស់គេ
៥៤ ចំណែកដាវីឌក៏យកក្បាលនៃសាសន៍ភីលីស្ទីននោះ នាំទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់វាទាំងប៉ុន្មាន នោះក៏យកទៅទុកនៅក្នុងត្រសាលរបស់ខ្លួន។
ដាវីឌចូលគាល់ស្តេចសូល
៥៥ រីឯកាលសូលទ្រង់ឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា អ័ប៊ីនើរទូលឆ្លើយថា ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ
៥៦ ស្តេចក៏បង្គាប់ថា ចូរស៊ើបសួរមើល តើក្មេងជំទង់នេះជាកូនអ្នកណា
៥៧ ដូច្នេះ កាលដាវីឌបានត្រឡប់មកពីសំឡាប់សាសន៍ភីលីស្ទីនវិញ នោះអ័ប៊ីនើរក៏នាំចូលមកនៅចំពោះសូល មានទាំងក្បាលនៃសាសន៍ភីលីស្ទីននោះកាន់នៅដៃ
៥៨ សូលទ្រង់សួរថា អ្នកកំឡោះអើយ តើឯងជាកូនអ្នកណា នោះដាវីឌទូលឆ្លើយថា ទូលបង្គំជាកូនរបស់អ៊ីសាយជាអ្នកបំរើទ្រង់ ដែលនៅក្រុងបេថ្លេហិម។