២០
យ៉ូណាថានការពារដាវីឌ
១ រីឯដាវីឌ លោករត់ចេញពីណាយ៉ូតនៅស្រុករ៉ាម៉ានោះ ទៅឯយ៉ូណាថានសួរថា តើខ្ញុំបានធ្វើអ្វី ខ្ញុំមានទោសជាយ៉ាងណា ឬបានធ្វើបាបដូចម្តេចខ្លះនៅចំពោះបិតាអ្នក បានជាទ្រង់រកសំឡាប់ខ្ញុំដូច្នេះ
២ យ៉ូណាថានឆ្លើយថា សូមកុំឲ្យបានដូច្នេះឡើយ អ្នកមិនត្រូវស្លាប់ទេ មើល បិតាខ្ញុំមិនដែលធ្វើការអ្វី ទោះធំ ឬតូចក្តី ដែលមិនប្រាប់ដល់ខ្ញុំនោះទេ ចុះមានទំនងអ្វីឲ្យទ្រង់លាក់ការនេះនឹងខ្ញុំវិញ ការនោះមិនត្រូវទេ
៣ ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នកបានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្តីស្លាប់ នៅឃ្លាតតែ១ជំហានពីគ្នាទេ
៤ នោះយ៉ូណាថាននិយាយនឹងដាវីឌថា ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសំរេចឲ្យ
៥ ដាវីឌឆ្លើយថា មើល ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយនឹងស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួកលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទី៣វិញ
៦ បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុង១ឆ្នាំម្តង
៧ បើទ្រង់មានព្រះបន្ទូលយ៉ាងនេះថា អើ ដូច្នេះ ខ្ញុំជាអ្នកបំរើរបស់អ្នកនឹងបានសេចក្តីសុខ តែបើសិនជាទ្រង់ក្រោធវិញ នោះត្រូវដឹងថា បានសំរេចនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ
៨ ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបំរើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសញ្ញានៃព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានសេចក្តីទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសំឡាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ
៩ យ៉ូណាថានឆ្លើយថា សូមឲ្យសេចក្តីនេះថយឆ្ងាយពីអ្នកទៅ បើសិនជាខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសំរេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី
១០ រួចដាវីឌនិយាយនឹងយ៉ូណាថានថា បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ
១១ យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។
១២ ដល់ហើយ យ៉ូណាថានមានវាចាថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្តីល្អណាសំរេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក
១៣ តែបើសិនជាបិតាខ្ញុំសព្វព្រះទ័យ នឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នក ដូចជាទ្រង់បានគង់ជាមួយនឹងបិតាខ្ញុំដែរ
១៤ ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសំដែងសេចក្តីសប្បុរសនៃព្រះយេហូវ៉ាដល់ខ្ញុំ មិនមែនឲ្យតែខ្ញុំរួចស្លាប់ប៉ុណ្ណោះ
១៥ គឺឲ្យអ្នកចុះកិច្ចសន្យាថា មិនផ្តាច់សេចក្តីសប្បុរសរបស់អ្នកពីពួកវង្សខ្ញុំ ជារៀងរាបតទៅ ក្នុងកាលដែលព្រះយេហូវ៉ាបានដកពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកពីផែនដីចេញនោះផង។
១៦ គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ាទ្រង់នឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។
១៧ រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្តីស្រឡាញ់ ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក
១៨ យ៉ូណាថានក៏និយាយថា ថ្ងៃស្អែកជាថ្ងៃចូលខែហើយមុខជាគេនឹងយល់ឃើញថាខ្វះអ្នកដែរ ដោយកៅអីរបស់អ្នកនៅទំនេរ
១៩ លុះបានផ្អាកនៅអស់៣ថ្ងៃហើយ នោះត្រូវឲ្យអ្នកចុះទៅឯកន្លែង ដែលអ្នកបានពួនពីជាន់មុននោះជាប្រញាប់ទៅ គឺត្រូវទៅអែបនៅត្រង់ថ្មដាអេសែល
២០ ខ្ញុំនឹងបាញ់ព្រួញ៣ឲ្យត្រូវត្រង់ថ្មដានោះ ធ្វើដូចជាខំបាញ់ឲ្យត្រូវស្នាមអ្វីមួយ
២១ រួចខ្ញុំនឹងចាត់ក្មេងជំទង់ម្នាក់ ឲ្យទៅដោយថា ចូរទៅរកព្រួញមក ហើយបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងអាយឯងឯណេះ ចូររើសយកមក នោះខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា គ្មានហេតុអ្វីនឹងនាំឲ្យអន្តរាយទេ មានតែសេចក្តីមេត្រីដល់អ្នកប៉ុណ្ណោះ
២២ តែបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងនាយឯងឯណោះ នោះត្រូវឲ្យអ្នកអញ្ជើញទៅចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានឲ្យអ្នកទៅហើយ
២៣ ឯដំណើរដែលយើងបានសំរេចគ្នា នោះមានព្រះយេហូវ៉ា ទ្រង់គង់នៅជាកណ្តាលអ្នក ហើយនឹងខ្ញុំ រៀងរាបតទៅស្រាប់ហើយ។
២៤ ដូច្នេះ ដាវីឌក៏ទៅពួននៅឯទីវាល លុះដល់ថ្ងៃចូលខែហើយ នោះស្តេចទ្រង់ក៏គង់សោយព្រះស្ងោយ
២៥ ទ្រង់ក៏គង់នៅលើអាសនៈត្រង់ជិតជញ្ជាំង ដូចជាសព្វ១ដង ឯយ៉ូណាថានលោកឈរនៅ ហើយអ័ប៊ីនើរអង្គុយនៅក្បែរសូល តែឯកន្លែងរបស់ដាវីឌនៅជាទំនេរវិញ
២៦ ប៉ុន្តែ នៅថ្ងៃនោះ សូលទ្រង់មិនបានមានព្រះបន្ទូលអ្វីសោះដោយស្មានថា មានការអ្វីកើតឡើងហើយ ប្រាកដជាវាមិនស្អាតទេ។
២៧ លុះស្អែកឡើង ក្រោយថ្ងៃចូលខែ គឺជាថ្ងៃទី២ កន្លែងដាវីឌនៅក៏តែទំនេរទៀត នោះសូលទ្រង់មានព្រះបន្ទូលសួរយ៉ូណាថានជាបុត្រាទ្រង់ថា ហេតុអ្វីបានជាកូនអ៊ីសាយមិនបានមកបរិភោគភោជនាហារ ពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង
២៨ យ៉ូណាថានទូលឆ្លើយថា ដាវីឌបានអង្វរ សូមឲ្យទូលបង្គំបើកឲ្យគាត់ទៅឯបេថ្លេហិមហើយ
២៩ ដោយថា សូមអនុញ្ញាតឲ្យខ្ញុំទៅ ដ្បិតពួកគ្រួរបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឲ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឲ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយនឹងបិតាទេ។
៣០ ខណៈនោះ សូលទ្រង់ក៏កើតមានសេចក្តីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា នែ អាកូនម្នោម្នះ ហើយរឹងចចេស អញដឹងហើយថា ដែលឯងបានរើសយកកូនអ៊ីសាយនេះ ទុកជាមិត្រសំឡាញ់ នោះនឹងបានជាសេចក្តីខ្មាសដល់ឯង ហើយជាសេចក្តីខ្មាសដល់កេរ្តិ៍ខ្មាសរបស់ម្តាយឯងថែមទៀត
៣១ ដ្បិតដែលកូនអ៊ីសាយនេះរស់នៅផែនដីដរាបណា នោះឯងមិនបានខ្ជាប់ខ្ជួនឡើយ ហើយរាជ្យឯងក៏មិនបានតាំងឡើងដែរ ដូច្នេះ ចូរឲ្យគេទៅនាំយកវាមកឯអញឥឡូវនេះ ដ្បិតវាគួរស្លាប់ហើយ
៣២ តែយ៉ូណាថានទូលទាស់ថា ហេតុអ្វីបានជាគាត់ត្រូវស្លាប់ តើបានធ្វើអ្វីខ្លះ
៣៣ នោះសូលទ្រង់ពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន ដោយហេតុនោះ លោកក៏បានជ្រាបថា បិតាបានសំរេចព្រះទ័យនឹងសំឡាប់ដាវីឌហើយ
៣៤ ដូច្នេះ យ៉ូណាថានក៏ក្រោកពីតុឡើង ដោយមានសេចក្តីកំហឹងជាខ្លាំង ហើយនៅថ្ងៃទី២នោះ លោកមិនបានបរិភោគអ្វីសោះ ដោយមានសេចក្តីឈឺឆ្អាលចំពោះដាវីឌ ហើយពីព្រោះបិតាបានធ្វើឲ្យមានសេចក្តីខ្មាសផង។
៣៥ លុះដល់ព្រឹកឡើង យ៉ូណាថានក៏ចេញទៅឯវាលតាមពេលដែលបានសន្យានឹងដាវីឌ ហើយមានក្មេងម្នាក់ទៅជាមួយផង
៣៦ លោកក៏ប្រាប់ដល់ក្មេងនោះថា ចូរឯងរត់ទៅយកព្រួញ ដែលអញនឹងបាញ់ឥឡូវនេះមក កាលក្មេងនោះកំពុងរត់ទៅ នោះលោកបាញ់ព្រួញ១ទៅខាងនាយវា
៣៧ តែកាលក្មេងបានរត់ទៅដល់កន្លែង ដែលព្រួញធ្លាក់ នោះយ៉ូណាថានស្រែកទៅតាមថា នៅខាងនាយឯងឯណោះ
៣៨ រួចយ៉ូណាថានក៏ស្រែកទៅតាមវាម្តងទៀតថា ឲ្យឆាប់ៗ ប្រញាប់ឡើង កុំឲ្យឈប់ឡើយ ដូច្នេះ ក្មេងនោះក៏រើសព្រួញ រួចត្រឡប់មកឯចៅហ្វាយវិញ
៣៩ តែឥតបានដឹងការអ្វីឡើយ មានតែយ៉ូណាថាន ហើយនឹងដាវីឌប៉ុណ្ណោះ ដែលដឹងការនោះ
៤០ រួចយ៉ូណាថានលោកប្រគល់គ្រឿងបាញ់ទៅក្មេង ដោយប្រាប់ថា ចូរយកទៅក្នុងទីក្រុងចុះ
៤១ កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់៣ដង រួចក៏ឱបគ្នាថើបដោយយំទាំង២នាក់ ទាល់តែដាវីឌបានហូរទឹកភ្នែកខ្លាំងជាង
៤២ នោះយ៉ូណាថានមានប្រសាសន៍ដល់ដាវីឌថា អញ្ជើញអ្នកទៅឲ្យប្រកបដោយសេចក្តីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ ថា ព្រះយេហូវ៉ាទ្រង់នឹងគង់កណ្តាលខ្ញុំ ហើយនឹងអ្នក ហើយកណ្តាលពូជខ្ញុំ និងពូជរបស់អ្នកជាដរាបតទៅ នោះដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានលោកក៏ត្រឡប់វិលចូលទៅក្នុងទីក្រុងវិញ។