២៩
សាសន៍ភីលីស្ទីនដេញដាវីឌចេញពីកងទ័ពរបស់ពួកគេ
១ រីឯពួកភីលីស្ទីន គេប្រមូលពួកពលទាំងអស់មកនៅត្រង់អាផែក ហើយពួកអ៊ីស្រាអែល គេបោះទ័ពនៅត្រង់រន្ធទឹកយេសរាល
២ ឯពួកមេនៃសាសន៍ភីលីស្ទីនក៏នាំពលទ័ពគេទាំងរយទាំងពាន់ទៅខាងមុខ ហើយដាវីឌ និងពួកលោក ក៏នាំគ្នាដើរតាមក្រោយ ទៅជាមួយនឹងអ័គីស
៣ នោះពួកមេនៃសាសន៍ភីលីស្ទីនសួរថា ពួកសាសន៍ហេព្រើរទាំងនេះមកធ្វើអី រួចអ័គីសឆ្លើយតបថា នេះតើមិនមែនដាវីឌ ជាអ្នកបំរើរបស់សូល ស្តេចសាសន៍អ៊ីស្រាអែល ដែលបាននៅជាមួយនឹងខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬអី ហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ ចាប់តាំងពីវេលាដែលគាត់មក ដរាបដល់ថ្ងៃនេះ
៤ តែពួកមេភីលីស្ទីនគេខឹងនឹងទ្រង់ រួចទូលថា ចូរឲ្យមនុស្សនេះទៅវិញទៅ ដើម្បីឲ្យត្រឡប់ទៅឯកន្លែងដែលទ្រង់បានតម្រូវឲ្យនៅនោះ កុំឲ្យចុះទៅឯចំបាំងជាមួយនឹងយើងឡើយ ក្រែងលោកំពុងតែច្បាំង នោះវាត្រឡប់ជាទាស់នឹងយើងវិញ ដ្បិតវានឹងបានជាមេត្រីនឹងចៅហ្វាយវាយ៉ាងណាបាន បើមិនមែនដោយសារយកក្បាលនៃមនុស្សទាំងនេះទេ
៥ តើនេះមិនមែនដាវីឌទេឬអី ជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីដំណើរវាក្នុងចំបាំងគេថា សូលបានសំឡាប់ទាំងពាន់ តែដាវីឌទាំងម៉ឺន។
៦ នោះអ័គីស ទ្រង់ហៅដាវីឌមកមានព្រះបន្ទូលថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយនឹងខ្ញុំ នោះក៏ជាទីពេញចិត្តខ្ញុំណាស់ ដោយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងអ្នកឡើយ ចាប់តាំងពីវេលាដែលអ្នកមកឯខ្ញុំដរាបដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេរបស់យើងគេមិនចូលចិត្តនឹងអ្នកទេ
៧ ដូច្នេះ សូមអ្នកត្រឡប់វិលទៅវិញដោយសុខសាន្តចុះ ក្រែងនាំឲ្យបង្អាក់ដល់ចិត្តនៃពួកមេសាសន៍ភីលីស្ទីនទាំងប៉ុន្មាន។
៨ នោះដាវីឌទូលសួរអ័គីសថា តើទូលបង្គំបានធ្វើខុសអ្វីខ្លះ ចាប់តាំងពីទូលបង្គំមកនៅចំពោះទ្រង់ ដរាបដល់ថ្ងៃនេះ នោះតើទ្រង់បានឃើញទូលបង្គំមានទោសយ៉ាងណា បានជាមិនឲ្យទូលបង្គំទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់ស្តេច ជាចៅហ្វាយនៃទូលបង្គំដូច្នេះ
៩ អ័គីសទ្រង់ឆ្លើយថា ខ្ញុំដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះខ្ញុំប្រៀបដូចជាទេវតានៃព្រះផង ប៉ុន្តែ ពួកមេភីលីស្ទីនគេបានសំរេចថា មិនត្រូវឲ្យអ្នកឡើងទៅឯចំបាំងជាមួយនឹងយើងឡើយ
១០ ហេតុនោះចូរឲ្យអ្នកក្រោកឡើងពីព្រលឹម ព្រមទាំងពួកបំរើរបស់ចៅហ្វាយអ្នកដែលមកជាមួយគ្នា លុះបានក្រោកឡើងពីព្រលឹមស្រាងដូច្នេះ ហើយមានពន្លឺល្មម នោះសូមចេញទៅចុះ
១១ ដូច្នេះ ដាវីឌ និងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះឲ្យបានវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញ តែឯពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅឯយេសរាលទៅ។