៣១
ស្តេចសូល និងបុត្រាសោយទិវង្គត
១ រីឯពួកភីលីស្ទីន គេចូលតនឹងពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលក៏រត់ពីមុខពួកភីលីស្ទីនទៅ ហើយត្រូវគេសំឡាប់នៅលើភ្នំគីលបោ
២ ពួកភីលីស្ទីនដេញតាមសូល និងពួកបុត្រាទ្រង់យ៉ាងប្រកិត គេបានសំឡាប់យ៉ូណាថាន អ័ប៊ីណាដាប់ ហើយនឹងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ
៣ ចំបាំងនោះក៏ប្រែជាលំបាកណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានព្រះទ័យតក់ស្លុតជាខ្លាំង
៤ ទើបទ្រង់មានព្រះបន្ទូលទៅអ្នកដែលកាន់គ្រឿងទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកកាប់ចាក់ ហើយមើលងាយដល់អញ តែអ្នកកាន់គ្រឿងរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្តីភ័យជាខ្លាំង ដូច្នេះ សូលទ្រង់ក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ
៥ កាលអ្នកកាន់គ្រឿងរបស់ទ្រង់បានឃើញថា សូលបានសុគតហើយ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវស្លាប់ទៅជាមួយដែរ
៦ ដូច្នេះ សូលព្រមទាំងបុត្រាទ្រង់៣អង្គ និងអ្នកកាន់គ្រឿងរបស់ទ្រង់ ហើយនឹងពួកពលទាំងប៉ុន្មាន បានស្លាប់ទាំងអស់គ្នានៅថ្ងៃនោះឯង។
៧ កាលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំនោះម្ខាង និងពួកដែលនៅត្រើយខាងនាយទន្លេយ័រដាន់ បានឃើញថា ពួកទ័ពនៃសាសន៍អ៊ីស្រាអែលបានរត់ ហើយសូល និងពួកបុត្រាទ្រង់ បានសុគតអស់ហើយ នោះគេក៏រត់ចោលអស់ទាំងទីក្រុងទៅ ឯពួកភីលីស្ទីន ក៏មកតាំងទីលំនៅក្នុងទីក្រុងទាំងនោះ
៨ ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានចូលទៅ ដោះយករបស់ពីខ្មោចទាំងប៉ុន្មាននោះគេប្រទះឃើញសពសូល និងបុត្រាទ្រង់ទាំង៣អង្គនៅលើភ្នំគីលបោ
៩ ដូច្នេះ គេក៏កាត់យកព្រះសិរទ្រង់ ព្រមទាំងដោះគ្រឿងសស្ត្រាវុធរបស់ទ្រង់ ផ្ញើទៅគ្រប់ក្នុងស្រុកភីលីស្ទីន ដើម្បីនឹងផ្សាយដំណឹងនោះ ដល់អស់ទាំងវិហាររបស់ពួកព្រះនៃគេ ហើយដល់បណ្តាជនផង
១០ គេតម្កល់ទុកគ្រឿងសស្ត្រាវុធនោះ នៅក្នុងវិហារនៃរូបព្រះ ឯសពទ្រង់គេបោះភ្ជាប់នឹងកំផែងទីក្រុងបេត-សាន
១១ តែកាលពួកអ្នកនៅក្រុងយ៉ាបេស ក្នុងស្រុកកាឡាត បានឮនិយាយ ពីការដែលពួកភីលីស្ទីនធ្វើ ដល់សពរបស់សូល
១២ នោះពួកអ្នកក្លាហានទាំងប៉ុន្មានរបស់គេ ក៏លើកគ្នាទៅទាំងយប់ នាំយកសពរបស់សូល និងសពនៃពួកបុត្រាទ្រង់ ពីកំផែងបេត-សាន ត្រឡប់ទៅឯក្រុងយ៉ាបេស បូជាភ្លើងទៅ
១៣ រួចគេរើសអដ្ឋិ យកទៅបញ្ចុះ នៅក្រោមដើមឈើ១ នៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារកាន់ទុក្ខអស់៧ថ្ងៃ។:៚