១៨
បរាជ័យរបស់កងទ័ពស្តេចអាប់សាឡំម
១ គ្រានោះ ដាវីឌទ្រង់ត្រួតត្រាមើលពួកពលទ័ពដែលនៅជាមួយនឹងទ្រង់ ក៏តាំងឲ្យមានមេលើ១ពាន់នាក់ ហើយមេលើ១រយនាក់
២ រួចទ្រង់ចែកគេជា៣កង ចាត់ឲ្យចេញទៅ ១កងនៅក្រោមអំណាចយ៉ូអាប់ មួយទៀត នៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថស្តេចទ្រង់មានព្រះបន្ទូលទៅគេថា យើង និងចេញទៅជាមួយ និងឯងរាល់គ្នាដែរ
៣ តែបណ្តាទ័ពទូលឆ្លើយថា មិនត្រូវឲ្យទ្រង់យាងទៅឡើយ ដ្បិតបើយើងខ្ញុំរាល់គ្នារត់ទៅ នោះគេមិនសូវរវល់នឹងយើងខ្ញុំប៉ុន្មានទេ បើកាលណាពួកយើងខ្ញុំស្លាប់អស់ពាក់កណ្តាល ក៏គេឥតរវល់ដែរ តែឯទ្រង់វិញ នោះមានដំឡៃស្មើនឹងពួកយើងខ្ញុំ១ម៉ឺននាក់ ដូច្នេះ ស៊ូឲ្យទ្រង់ប្រុងប្រៀប និងជួយយើងខ្ញុំរាល់គ្នា ពីទីក្រុងនេះវិញជាជាង
៤ នោះស្តេចទ្រង់មានព្រះបន្ទូលថា យើងនឹងធ្វើតាមដែលឯងរាល់គ្នាគិតឃើញថាត្រូវ ដូច្នេះ ស្តេចទ្រង់ក៏ឈរនៅមាត់ទ្វារទីក្រុង ហើយពួកបណ្តាទ័ពទាំងប៉ុន្មាន គេចេញទៅដោយពួករយ ពួកពាន់
៥ ស្តេចទ្រង់ក៏បង្គាប់ដល់យ៉ូអាប់ អ័ប៊ីសាយ និងអ៊ីតតាយថា ចូរមេត្តាដល់អាប់សាឡំម ជាកូនប្រុសយើងផង ដោយយល់ដល់យើង បណ្តាទ័ពក៏បានឮ ក្នុងកាលដែលស្តេចបានផ្តាំ ពីដំណើរអាប់សាឡំម ដល់ពួកមេទាំងប៉ុន្មានដែរ។
៦ ដូច្នេះ ពួកបណ្តាទ័ពក៏ចេញទៅទាស់នឹងពួកអ៊ីស្រាអែល ហើយតយុទ្ធគ្នានៅក្នុងព្រៃអេប្រាអិម
៧ បណ្តាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួន២ម៉ឺននាក់
៨ ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្តាមនុស្សវិនាសទៅ ច្រើនជាងវិនាស ដោយមុខដាវទៅទៀត។
យ៉ូអាប់ធ្វើគុតស្តេចអាប់សាឡំម
៩ រីឯអាប់សាឡំម ទ្រង់ប្រទះនឹងពួកពលទ័ពខាងដាវីឌ គ្រានោះ ទ្រង់កំពុងគង់លើលាកាត់ សត្វជំនិះក៏ទៅក្រោមមែកដើមម៉ៃសាក់ដែលសាងញ៉ាង នោះព្រះសិរក៏ទាក់ជាប់នៅនឹងមែកឈើ ព្យួរផុតពីដីឡើង ឯលាកាត់ដែលទ្រង់គង់ក៏ដើរបង្ហួសទៅ
១០ ខណៈនោះ មានមនុស្សម្នាក់បានឃើញ ក៏ទៅជំរាបដល់យ៉ូអាប់ថា ន៏ ខ្ញុំបានឃើញអាប់សាឡំម ព្យួរនៅលើដើមម៉ៃសាក់មួយ
១១ ឯយ៉ូអាប់ក៏បន្ទោសដល់អ្នកដែលប្រាប់ដំណឹងនោះថា បើឯងបានឃើញហើយ ម្តេចក៏មិនបានវាយសំឡាប់នៅទីនោះភ្លាមទៅ នោះអញនឹងបានឲ្យប្រាក់១០ដួង និងខ្សែក្រវាត់១ដល់ឯង
១២ តែអ្នកនោះឆ្លើយតបថា បើទុកជាបានប្រាក់១ពាន់មកដៃខ្ញុំ គង់តែខ្ញុំក៏មិនព្រមលូកដៃទៅទាស់នឹងព្រះរាជបុត្រានៃស្តេចដែរ ដ្បិតយើងខ្ញុំបានឮព្រះបន្ទូលដែលទ្រង់បានផ្តាំដល់លោក និងអ័ប៊ីសាយ ហើយអ៊ីតតាយថា ចូរប្រយ័ត្ន កុំឲ្យអ្នកណាពាល់អាប់សាឡំម ជាកូនមានវ័យក្មេងនោះឡើយ
១៣ បើសិនជាខ្ញុំបានក្បត់ចំពោះព្រះជន្មព្រះរាជបុត្រនោះវិញ គ្មានអ្វីលាក់កំបាំងនឹងស្តេចឡើយ សូម្បីតែលោកក៏នឹងលើក ទាស់នឹងខ្ញុំដែរ
១៤ យ៉ូអាប់ឆ្លើយថា មិនគួរឲ្យអ្នកនៅបង្ខាតពេលជាមួយ និងឯងដូច្នេះទេ រួចលោកចាប់យកដែកពួយ៣ កាន់នៅដៃទៅពួយទំលុះត្រង់បេះដូងអាប់សាឡំម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ
១៥ ឯមនុស្សកំឡោះ១០នាក់ ដែលកាន់គ្រឿងរបស់យ៉ូអាប់ ក៏ចោមរោមវាយសំឡាប់អាប់សាឡំមទៅ។
១៦ រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ
១៧ គេយកសពរបស់អាប់សាឡំម ទៅបោះចោលក្នុងរណ្តៅធំ នៅកណ្តាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ
១៨ រីឯនៅគ្រាដែលអាប់សាឡំមគង់ព្រះជន្មនៅឡើយ នោះទ្រង់ធ្វើបង្គោលថ្ម១ ទុកនៅច្រកភ្នំនៃហ្លួងសំរាប់ជាទីរំឭក ដោយនឹកថា អញគ្មានកូនប្រុសដើម្បី និងបន្តឈ្មោះអញទេ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡំម» ដរាបដល់សព្វថ្ងៃនេះ។
ស្តេចដាវីឌជ្រាបពីការសុគតរបស់ស្តេចអាប់សាឡំម
១៩ គ្រានោះអ័ហ៊ីម៉ាស កូនសាដុក មានវាចាថា សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹង រត់ទៅទូលស្តេច ពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ
២០ តែយ៉ូអាប់ឆ្លើយថា ថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះឯងមិនត្រូវនាំយកដំណឹងទៅឡើយ ពីព្រោះព្រះរាជបុត្រនៃស្តេចសុគតហើយ
២១ រួចមកយ៉ូអាប់ប្រាប់ទៅគូស៊ី ថា ចូរឯងទៅទូលស្តេចពីការដែលឯងបានឃើញចុះ គូស៊ីក៏ក្រាបសំពះយ៉ូអាប់ ហើយរត់ទៅ
២២ នោះអ័ហ៊ីម៉ាស ជាកូនសាដុក គាត់សូមយ៉ូអាប់ម្តងទៀតថា ទោះបើជាយ៉ាងណាក៏ដោយ សូមឲ្យខ្ញុំរត់ទៅតាមគូស៊ីផង យ៉ូអាប់តបថា កូនអើយ ឯងចង់រត់ទៅធ្វើអី ដំណឹងយ៉ាងនេះមិនមែនជាគុណដល់ឯងទេ
២៣ តែគាត់ថា ទោះបើយ៉ាងណាក៏ដោយចុះ គង់តែខ្ញុំនឹងរត់ទៅដែរ ដូច្នេះ យ៉ូអាប់ក៏បណ្តោយថា ចូររត់ទៅចុះ អ័ហ៊ីម៉ាសក៏រត់ទៅតាមផ្លូវវាលដល់មុនគូស៊ី។
២៤ ឯដាវីឌ ទ្រង់គង់នៅត្រង់រវាងទ្វារទាំង២ អ្នកចាំយាមក៏ឡើងទៅលើខ្លោងទ្វារកំផែង រួចងើបភ្នែកឡើងមើលទៅ ឃើញមនុស្សម្នាក់កំពុងតែរត់មក
២៥ អ្នកចាំយាមក៏ស្រែកទូលដល់ស្តេច ទ្រង់មានព្រះបន្ទូលថា បើវាមកតែឯង នោះគឺវានាំដំណឹងមកហើយ អ្នកនោះមកកាន់តែជិតដល់
២៦ រួចអ្នកចាំយាមឃើញម្នាក់ទៀតកំពុងតែរត់មក ក៏ស្រែកប្រាប់ទៅអ្នកឆ្មាំទ្វារថា មើលន៏ មានម្នាក់ទៀតរត់មកដែរ ស្តេចទ្រង់មានព្រះបន្ទូលថា នោះក៏នាំដំណឹងមកដែរ
២៧ អ្នកចាំយាមទូលថា ទូលបង្គំស្មានថា អ្នកដែលរត់មកមុន នោះមានភាពរត់ដូចជាអ័ហ៊ីម៉ាស កូនសាដុក ស្តេចមានព្រះបន្ទូលតបថា អ្នកនោះជាមនុស្សល្អ ក៏នាំដំណឹងល្អមក។
២៨ គ្រានោះ អ័ហ៊ីម៉ាសស្រែកទូលមកស្តេចថា មានសុខហើយ។ រួចគាត់ក្រាបផ្កាប់មុខដល់ដី នៅចំពោះស្តេចទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃព្រះករុណា ដោយទ្រង់បានប្រគល់ពួកអ្នកដែលលើកដៃទាស់ និងព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ មកហើយ
២៩ ស្តេចទ្រង់មានព្រះបន្ទូលសួរថា តើអាប់សាឡំម ជាកូនប្រុសយើង សុខសប្បាយទេឬ អ័ហ៊ីម៉ាសទូលឆ្លើយថា កាលយ៉ូអាប់បានចាត់ទូលបង្គំ ជាអ្នកបំរើនៃព្រះករុណាមក នោះទូលបង្គំឃើញថា មានជ្រួលជ្រើមជាខ្លាំង តែមិនដឹងជាមានហេតុអ្វីទេ
៣០ ដូច្នេះ ស្តេចប្រាប់ថា ចូរឯងបែរទៅ ឈរខាងនោះសិន គាត់ក៏បែរទៅ ឈរស្ងៀមនៅទីនោះ។
៣១ លំដាប់នោះ គូស៊ីក៏មកដល់ទូលថា ទូលបង្គំមានដំណឹងមកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ាបានសងសឹកនឹងពួកក្បត់ ដែលបានលើកដៃ ទាស់នឹងព្រះករុណាហើយ
៣២ ស្តេចទ្រង់មានព្រះបន្ទូលសួរគូស៊ីថា តើអាប់សាឡំមកូនប្រុសយើងសុខសប្បាយទេឬ គូស៊ីទូលឆ្លើយថា សូមឲ្យពួកខ្មាំងសត្រូវនៃព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ និងអស់អ្នកដែលលើកគ្នាក្បត់ចំពោះទ្រង់ បានដូចជាបុត្រាទ្រង់ចុះ
ការឈឺចាប់ខ្លោចផ្សាររបស់ស្តេចដាវីឌ
៣៣ នោះស្តេចទ្រង់មានសេចក្តីរំជួលក្នុងព្រះទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែងកំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានព្រះបន្ទូលដូច្នេះថា ឱអាប់សាឡំម កូនអញ កូនអញអើយ ឱអាប់សាឡំម កូនអញអើយ ស៊ូឲ្យអញបានស្លាប់ជំនួសឯង ឱអាប់សាឡំម កូនអញ កូនអញអើយ។