២១
អ្នកស្រុកគីបៀន និងពូជពង្សរបស់ស្តេចសូល
១ នៅគ្រាស្តេចដាវីឌ នោះមានអំណត់អត់អស់ពេញ៣ឆ្នាំ ហើយដាវីឌទ្រង់រកព្រះយេហូវ៉ា ដើម្បីទូលសួរហេតុ រួចព្រះយេហូវ៉ាទ្រង់ឆ្លើយថា គឺដោយព្រោះសូល និងវង្សញាតិទ្រង់ ដែលកំចាយឈាម ដ្បិតទ្រង់បានសំឡាប់ពួកគីបៀន
២ ដូច្នេះ ស្តេចដាវីឌទ្រង់ហៅពួកគីបៀនមកសួរគេ (រីឯពួកគីបៀនគេមិនមែនជាពូជកូនចៅអ៊ីស្រាអែលទេ គឺជាសំណល់នៃពូជអាម៉ូរីវិញ ហើយពួកកូនចៅអ៊ីស្រាអែលបានស្បថនឹងគេ តែសូលទ្រង់រកសំឡាប់គេដោយមានសេចក្តីខ្នះខ្នែង ដល់ពួកកូនចៅអ៊ីស្រាអែល និងពួកយូដាវិញ)
៣ ដាវីឌទ្រង់សួរគីបៀនថា តើចង់ឲ្យយើងសងអ្នករាល់គ្នាយ៉ាងណាខ្លះ តើត្រូវយើងធ្វើអ្វីឲ្យធួននឹងការនោះ ដើម្បីឲ្យអ្នករាល់គ្នា បានឲ្យពរដល់មរដកនៃព្រះយេហូវ៉ាផង
៤ ពួកគីបៀនទូលឆ្លើយថា ឯរឿងរបស់យើងខ្ញុំ និងសូល ព្រមទាំងរាជវង្សរបស់ទ្រង់ នោះមិនមែនចំពោះមាសឬប្រាក់ទេ ក៏មិនស្រេចឲ្យយើងខ្ញុំសំឡាប់អ្នកណាមួយក្នុងពួកអ៊ីស្រាអែលដែរ ទ្រង់មានព្រះបន្ទូលតបថា ការអ្វីដែលអ្នករាល់គ្នាថា នោះយើងនឹងសំរេចឲ្យ
៥ គេទូលឆ្លើយទៅស្តេចថា ឯមនុស្សនោះដែលបានពង្រឹងយើងខ្ញុំរាល់គ្នា ហើយបានបង្កើតហេតុនឹងបំផ្លាញយើងខ្ញុំ មិនឲ្យមាននៅក្នុងព្រំដែនស្រុកអ៊ីស្រាអែលណាឡើយ
៦ នោះសូមប្រគល់កូនចៅ របស់អ្នកនោះ៧នាក់មកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានចងកគេ នៅចំពោះព្រះយេហូវ៉ាត្រង់គីបៀរ ជាទីក្រុងរបស់សូល ជាអ្នកដែលព្រះយេហូវ៉ាបានរើសតាំង ឯស្តេចទ្រង់មានព្រះបន្ទូលថា យើងនឹងប្រគល់ឲ្យ។
៧ ស្តេចទ្រង់ប្រណីដល់មភីបូសែត ជាកូនយ៉ូណាថានដែលជាបុត្រសូល ដោយព្រោះដាវីឌ និងយ៉ូណាថាន ជាបុត្រាសូល បានស្បថគ្នានៅចំពោះព្រះយេហូវ៉ា
៨ តែទ្រង់យកកូនប្រុសទាំង២របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយសូល គឺអើម៉ូនី១ មភីបូសែត១ ព្រមទាំងកូនប្រុស៥នាក់របស់នាងមីកាល ជាបុត្រីសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ
៩ ទ្រង់ក៏ប្រគល់អ្នកទាំងនោះ ទៅក្នុងកណ្តាប់ដៃរបស់ពួកគីបៀន ហើយគេចងកនៅលើភ្នំ នៅចំពោះព្រះយេហូវ៉ាទៅ អ្នកទាំង៧នោះក៏ស្លាប់ជាមួយគ្នា គេសំឡាប់អ្នកទាំងនោះ នៅថ្ងៃដំបូងក្នុងរដូវចំរូត កាលទើបនឹងចាប់តាំងច្រូតស្រូវឱក។
១០ ឯរីសប៉ា ជាកូនអ័យ៉ា នាងក៏យកសំពត់ធ្មៃក្រាលសំរាប់ខ្លួននៅលើថ្មដានោះ ចាប់តាំងពីដើមរដូវចំរូត រហូតដល់មានភ្លៀងធ្លាក់ពីលើមេឃមកលើសពទាំងនោះ នាងមិនឲ្យសត្វហើរមកទំលើសពនៅវេលាថ្ងៃ ឬសត្វព្រៃនៅវេលាយប់ឡើយ
១១ មានគេមកទូលដាវីឌពីការដែលរីសប៉ា កូនអ័យ៉ា ជាអ្នកម្នាងរបស់សូលធ្វើនោះ។
១២ លំដាប់នោះ ដាវីឌក៏ទៅយកអដ្ឋិរបស់សូល និងយ៉ូណាថាន ជាបុត្រទ្រង់ ពីពួកយ៉ាបេស-កាឡាត ដែលគេបានលួចយកពីទីធ្លាក្រុងបេត-សាន ជាកន្លែងដែលពួកភីលីស្ទីនបានព្យួរ នៅថ្ងៃដែលគេសំឡាប់ទ្រង់ នៅភ្នំគីលបោ
១៣ ទ្រង់ក៏នាំយកអដ្ឋិរបស់សូល និងយ៉ូណាថានជាបុត្រាទ្រង់ ពីទីនោះមក រួចគេប្រមូលអដ្ឋិនៃពួកបុត្រដែលត្រូវចងកនោះដែរ
១៤ គេបញ្ចុះអដ្ឋិរបស់សូល និងយ៉ូណាថាន ជាបុត្រាទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតាទ្រង់ត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសំរេចតាមគ្រប់ទាំងការ ដែលស្តេចទ្រង់បង្គាប់មក គ្រាក្រោយនោះមក ព្រះទ្រង់ប្រោសសណ្តាប់ស្តាប់សេចក្តីទូលអង្វរ របស់ស្រុកនោះវិញ។
ចំបាំងតទល់នឹងសាសន៍ភីលីស្ទីន
១៥ នៅគ្រានោះ ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែល១លើកទៀត ឯដាវីឌទ្រង់ក៏ចុះទៅជាមួយ និងពួកពលទ័ពទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ទ្រង់ក៏ទន់កំឡាំងជាខ្លាំង
១៦ ហើយយីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសំបើម លំពែងរបស់វាមានទំងន់ជាលង្ហិន៣០០ដំឡឹង ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សំឡាប់ដាវីឌ
១៧ តែអ័ប៊ីសាយ ជាកូនសេរូយ៉ា បានមកការពារជំនួសទ្រង់ ក៏កាប់សំឡាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ដាវីឌបានស្បថនឹងទ្រង់ថា ទ្រង់មិនត្រូវចេញទៅជាមួយនឹងយើងខ្ញុំរាល់គ្នា ក្នុងទីចំបាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ។
១៨ ក្រោយនោះមក កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅវេលានោះស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់សាភ ជាកូននៃអ្នកមានមាឌធំនោះទៅ
១៩ ក៏មានចំបាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន ជាកូនយ្អារេ-អូរគីមពីបេថ្លេហិម គាត់បានសំឡាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំដំបាញ
២០ នៅត្រង់ក្រុងកាថក៏មានចំបាំងទៀតដែរ នៅទីនោះ មានមនុស្សម្នាក់មានមាឌធំសំបើម មានម្រាមដៃ៦ទាំងសងខាង ឯជើងទាំងសងខាង ក៏មានម្រាម៦ដែរ រួមទាំងអស់ជា២៤ អ្នកនោះក៏កើតពីពូជអ្នកដែលមានមាឌធំនោះ
២១ កាលវាប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋានៃដាវីឌបានសំឡាប់វាទៅ
២២ អ្នកទាំង៤នេះជាពូជនៃអ្នកមានមាឌធំសំបើម ដែលនៅក្រុងកាថ ហើយក៏ស្លាប់ទៅ ដោយដៃដាវីឌ និងពួកទ័ពទ្រង់។