៦
ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម
១ រួចមកដាវីឌទ្រង់ប្រមូលអស់ទាំងមនុស្សជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួន៣ម៉ឺននាក់
២ រួចដាវីឌ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីនឹងនាំយកហិបនៃព្រះឡើងមក ជាហិបដែលគេឲ្យឈ្មោះ តាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីន
៣ គេផ្ទុកហិបនៃព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំទៅ មានឈ្មោះអ៊ុសា ហើយនឹងអ័ហ៊ីយ៉ូរជាកូន អ័ប៊ីន៉ាដាប់ ជាអ្នកបររទេះថ្មីនោះ
៤ គេនាំយករទេះដែលផ្ទុកហិបនៃព្រះ ចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហិបផង
៥ ឯដាវីឌ និងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា ហើយនឹងឈឹង នៅចំពោះព្រះយេហូវ៉ា។
៦ លុះគេបានទៅដល់លានស្រូវរបស់ណាកុន ហើយនោះអ៊ុសាគាត់លូកដៃទៅចាប់ទប់ហិបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង
៧ ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះទៅ
៨ ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសាបង់ រួចទ្រង់ហៅកន្លែងនោះឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ
៩ នៅថ្ងៃនោះ ដាវីឌក៏មានសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយមានព្រះបន្ទូលថា ធ្វើដូចម្តេចឲ្យហិបនៃព្រះយេហូវ៉ាចូលមកឯអញបាន
១០ យ៉ាងនោះ ដាវីឌបែរជាមិនបាននាំយកហិបនៃព្រះយេហូវ៉ា ចូលទៅឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺទ្រង់នាំយកទៅដាក់ទុកនៅក្នុងផ្ទះរបស់អូបិឌ-អេដំម ជាអ្នកមកពីក្រុងកាថវិញ
១១ ដូច្នេះ ហិបនៃព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អូបិឌ-អេដំម ពីក្រុងកាថានោះអស់៣ខែ ហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អូបិឌ-អេដំម ព្រមទាំងពួកគ្រួគាត់ទាំងអស់គ្នា។
ហិបនៃសេចក្តីសញ្ញាមកដល់ក្រុងយេរូសាឡិម
១២ មានគេក្រាបទូលដល់ស្តេចដាវីឌថា ព្រះយេហូវ៉ាបានប្រទានពរដល់ពួកគ្រួអូបិឌ-អេដំម និងរបស់គាត់ទាំងអស់ ដោយព្រោះហិបនៃព្រះ ដូច្នេះ ដាវីឌទ្រង់ក៏យាងទៅនាំយកហិបនៃព្រះ ពីផ្ទះអូបិឌ-អេដំម ចូលមកក្នុងក្រុងរបស់ទ្រង់វិញដោយអំណរ
១៣ កាលពួកអ្នកដែលសែងហិបនៃព្រះយេហូវ៉ាដើរទៅបាន៦ជំហាន នោះទ្រង់ថ្វាយគោឈ្មោល១ និងកូនគោ១យ៉ាងធាត់
១៤ ដាវីឌក៏លោតកញ្ឆេងអស់ពីកំឡាំងទ្រង់ នៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស
១៥ ដូច្នេះ ដាវីឌ និងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បាននាំហិបនៃព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោឡើង និងសូរផ្លុំត្រែផង។
១៦ ក្នុងវេលាដែលហិបនៃព្រះយេហូវ៉ា កំពុងតែចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីសូល ក៏ទតតាមបង្អួចទៅឃើញស្តេចដាវីឌ កំពុងតែហក់លោតកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងក៏មានព្រះទ័យប្រមាថមើលងាយដល់ទ្រង់
១៧ គេនាំយកហិបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្តាលត្រសាល ដែលដាវីឌបានដំឡើងសំរាប់ហិបនោះ រួចទ្រង់ថ្វាយដង្វាយដុត និងដង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
១៨ លុះបានថ្វាយដង្វាយដុត និងដង្វាយមេត្រីរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ា នៃពួកពលបរិវារ
១៩ រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ និងផ្លែទំពាំងបាយជូរ១ផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុសទាំងស្រីផង ដូច្នេះ ប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។
២០ រួចហើយ ដាវីឌទ្រង់យាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីសូលនាងចេញមកទទួលទ្រង់ ទូលថា នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែល មានសេចក្តីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបំរើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ
២១ តែដាវីឌមានព្រះបន្ទូលតបថា នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសអញជាជាងបិតាឯង និងវង្សារបស់ឯងទាំងអស់គ្នាដែរ ដើម្បីនាំតាំងអញឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាអញនឹងលេងសប្បាយ នៅចំពោះព្រះយេហូវ៉ា
២២ ហើយនិងចេះតែប្រព្រឹត្តអាក្រក់ជាងនោះទៅទៀត ព្រមទាំងបានទាបថោកដល់ភ្នែកខ្លួនអញផង តែចំណែកពួកបាវស្រីដែលឯងបាននិយាយនោះ គេនឹងលើកសរសើរដល់អញវិញ
២៣ ដូច្នេះ មីកាលជាបុត្រីសូល នាងឥតមានបុត្រឡើយ រហូតដល់អស់ជីវិត។