៦
១ រីឯអស់អ្នកទាំងប៉ុន្មាន ដែលនៅក្រោមនឹមជាបាវបំរើគេ នោះត្រូវរាប់ចៅហ្វាយខ្លួន ទុកជាគួរនឹងគោរពប្រតិបត្តិគ្រប់យ៉ាងចុះ ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមព្រះ និងសេចក្តីបង្រៀននេះឡើយ
២ ហើយអ្នកណាដែលមានចៅហ្វាយជាអ្នកជឿ នោះមិនត្រូវមានចិត្តមើលងាយដល់ចៅហ្វាយនោះ ដោយព្រោះជាបងប្អូនគ្នាទេ តែស៊ូបំរើវិញ ដោយព្រោះចៅហ្វាយនោះជាអ្នកជឿ ហើយជាស្ងួនភ្ងាដែរ ជាអ្នកដែលចំរើនឡើង ដោយការបំរើយ៉ាងល្អនោះឯង ចូរឲ្យអ្នកបង្រៀនសេចក្តីទាំងនេះ ហើយទូន្មានគេចុះ។
អំពីសេចក្តីបង្រៀនក្លែងក្លាយ និងការស្រឡាញ់សម្បត្តិលោកីយ៍
៣ បើអ្នកណាបង្រៀនពីសេចក្តីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសំដីដែលត្រឹមត្រូវ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងជាសេចក្តីបង្រៀនដែលត្រឹមត្រូវ តាមសេចក្តីគោរពប្រតិបត្តិដល់ព្រះទេ
៤ អ្នកនោះឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្តីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ និងសេចក្តីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ
៥ ជាសេចក្តីជំលោះឥតប្រយោជន៍របស់មនុស្សខូចគំនិត ហើយឥតស្គាល់សេចក្តីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះជាផ្លូវឲ្យបានកំរៃ
៦ តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន
៧ ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយ៍នេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ
៨ តែបើមានអាហារទទួលទាន និងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ
៩ ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង និងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាស និងសេចក្តីអន្តរធានវិញ
១០ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន។
ពាក្យដាស់តឿនចុងបញ្ចប់
១១ តែ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្តីទាំងនោះ ហើយដេញតាមសេចក្តីសុចរិត សេចក្តីគោរពប្រតិបត្តិដល់ព្រះ សេចក្តីជំនឿ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួន និងសេចក្តីសំឡូតវិញ
១២ ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្តីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល ហើយអ្នកក៏បានធ្វើបន្ទាល់យ៉ាងល្អនៅមុខសាក្សីជាច្រើនដែរ
១៣ ខ្ញុំផ្តាំមកអ្នកនៅចំពោះព្រះ ដែលទ្រង់ប្រទានជីវិតដល់គ្រប់ទាំងអស់ ហើយនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានធ្វើបន្ទាល់យ៉ាងល្អ នៅមុខលោកប៉ុនទាស-ពីឡាត់ថា
១៤ ឲ្យអ្នកកាន់តាមបញ្ញត្តបែបដែលឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់លេចមក
១៥ ដែលព្រះនឹងសំដែងឲ្យឃើញទ្រង់ ក្នុងវេលាកំណត់ គឺជាស្តេចចក្រតែ១ព្រះអង្គដ៏មានពរ ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
១៦ ក៏មានទ្រង់ប៉ុណ្ណោះដែលមិនចេះសុគត ទ្រង់គង់នៅក្នុងពន្លឺដែលរកចូលទៅជិតមិនបាន គ្មានមនុស្សណាដែលឃើញទ្រង់ឡើយ ក៏មើលទ្រង់មិនឃើញផង សូមឲ្យទ្រង់បានល្បីព្រះនាម និងព្រះចេស្តា នៅអស់កល្បជានិច្ច អាម៉ែន។
១៧ ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយ៍នេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ
១៨ ចូរបង្គាប់ឲ្យគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង
១៩ យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច។
២០ ឱធីម៉ូថេអើយ ចូររក្សាសេចក្តីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ និងពាក្យទទឹងទទែងនៃសេចក្តី ដែលក្លែងហៅថា ចំណេះវិជ្ជាផង
២១ ដែលមានមនុស្សខ្លះប្រកាន់ ក៏បានជ្រួសពីសេចក្តីជំនឿចេញហើយ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚