១០
មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលសង្គ្រោះអ៊ីស្រាអែល
១ ចូរឲ្យឯងរាល់គ្នាសូមទឹកភ្លៀង ពីព្រះយេហូវ៉ានៅវេលាភ្លៀងចុងរដូវ គឺសូមពីព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ នោះទ្រង់នឹងប្រោសប្រទាន ឲ្យមានភ្លៀង១មេៗដល់ឯង ឲ្យគ្រប់គ្នាមានស្មៅនៅចំការរបស់ខ្លួន
២ ពីព្រោះរូបព្រះទាំងប៉ុន្មានបានពោលជាសេចក្តីឥតប្រយោជន៍ ហើយពួកគ្រូទាយបានឃើញសេចក្តីភូតភរ ឯសប្តិក៏សំដែងជាសេចក្តីកំភូត ក៏កំសាន្តចិត្តដោយសេចក្តីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវរបស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល
៣ សេចក្តីកំហឹងរបស់អញបានឆួលឡើង ទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងវាយផ្ចាលពួកពពែឈ្មោល ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រោសហ្វូងចៀមរបស់ទ្រង់ គឺជាពួកវង្សយូដា ហើយទ្រង់នឹងធ្វើឲ្យគេបានដូចជាសេះយ៉ាងល្អរបស់ទ្រង់ ក្នុងការសង្គ្រាម
៤ ថ្មជ្រុងនឹងចេញពីទ្រង់មក ហើយទាំងដែកគោល ទាំងធ្នូសំរាប់ច្បាំង និងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង
៥ គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងការចំបាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគេ ហើយពួកពលសេះនឹងស្រឡាំងកាំង
៦ អញនឹងចំរើនកំឡាំងពួកវង្សយូដា អញនឹងជួយសង្គ្រោះពួកវង្សយ៉ូសែប ហើយនឹងនាំគេមកវិញ ដ្បិតអញមានសេចក្តីអាណិតមេត្តាដល់គេ យ៉ាងនោះ គេនឹងមានសណ្ឋាន ដូចជាអញមិនបានបោះបង់ចោលគេឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ហើយអញនឹងស្តាប់គេ
៧ ឯពួកអេប្រាអិម គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ចិត្តគេនឹងបានរីករាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ អើ ទាំងពួកកូនរបស់គេនឹងឃើញ ហើយនឹងមានសេចក្តីអំណរដែរ ចិត្តគេនឹងបានអរសាទរក្នុងព្រះយេហូវ៉ា។
៨ អញនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះអញបានលោះគេហើយ នោះគេនឹងចំរើនជាច្រើនឡើងដូចជាបានចំរើនឡើងពីដើម
៩ អញនឹងសាបព្រោះគេនៅកណ្តាលអស់ទាំងសាសន៍ ហើយគេនឹងនឹកចាំពីអញនៅក្នុងស្រុកឆ្ងាយ គេនឹងនៅជាមួយនឹងពួកកូនចៅ ហើយនឹងត្រឡប់មកវិញ
១០ អញនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេ ចេញពីស្រុកអាសស៊ើរអញនឹងនាំគេមកឯស្រុកកាឡាត និងស្រុកល្បាណូន ដល់ទៅរកកន្លែងល្មមឲ្យគេអាស្រ័យនៅគ្មាន
១១ ទ្រង់នឹងធ្វើទុក្ខដល់សមុទ្រ ហើយនឹងវាយរលកទាំងប៉ុន្មាន នោះអស់ទាំងទីជំរៅរបស់ទន្លេធំ នឹងរីងស្ងួតទៅ សេចក្តីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទំលាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងទៅបាត់ទៅ
១២ អញនឹងចំរើនកំឡាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមទ្រង់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។