១៤
ថ្ងៃរបស់ព្រះអម្ចាស់
១ មើល ថ្ងៃនៃព្រះយេហូវ៉ានឹងមកដល់ ជាវេលាដែលគេនឹងចាប់របឹបជារបស់ផងឯង ចែកគ្នានៅកណ្តាលឯង
២ ដ្បិតអញនឹងប្រមូលអស់ទាំងសាសន៍មកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងចាប់យកទីក្រុងបាន ព្រមទាំងប្លន់ផ្ទះទាំងប៉ុន្មាន ហើយកំហែងចិត្តពួកស្រីៗផង នោះពួកអ្នកក្រុងពាក់កណ្តាលនឹងត្រូវនាំចេញទៅជាឈ្លើយ តែបណ្តាជនដែលសល់នៅនឹងត្រូវនាំចេញទៅជាឈ្លើយ តែបណ្តាជនដែលសល់នៅ នឹងមិនត្រូវឃ្លាតចេញពីទីក្រុងទេ
៣ គ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងចេញទៅច្បាំងនឹងសាសន៍ទាំងនោះ ដូចកាលនៅថ្ងៃចំបាំងដែលទ្រង់បានច្បាំងនឹងគេដែរ
៤ នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ ដែលនៅប្រឈមនឹងក្រុងយេរូសាឡិមខាងកើត ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជា២ នៅចំពាក់កណ្តាល ពីទិសខាងកើតទៅទិសខាងលិច បង្កើតឲ្យមានចន្លោះយ៉ាងធំ ភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយ១ចំហៀងទៀតទៅទិសខាងត្បូង
៥ នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញ ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល អើ ឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដី នៅក្នុងរាជ្យអូសៀស ជាស្តេចយូដា នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ
៦ នៅថ្ងៃនោះ ពន្លឺនឹងមិនភ្លឺច្បាស់ ឬងងឹតផង
៧ គឺថ្ងៃនោះនឹងបានជាថ្ងៃ១ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែលុះដល់ពេលព្រលប់ នោះនឹងមានពន្លឺវិញ
៨ នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិមទៅ ពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងកើត ហើយពាក់កណ្តាលនឹងហូរទៅឯសមុទ្រនៅទិសខាងលិច ទោះទាំងរដូវក្តៅ និងរដូវរងា ក៏នឹងមានដូច្នោះដែរ។
៩ ឯព្រះយេហូវ៉ា ទ្រង់នឹងបានជាមហាក្សត្រលើផែនដីទាំងដុំមូល នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាជាព្រះ១ព្រះអង្គ ហើយព្រះនាមទ្រង់នឹងមានតែ១ដែរ
១០ ស្រុកទាំងមូលចាប់តាំងពីកេបា រហូតដល់រីម៉ូន ខាងត្បូងក្រុងយេរូសាឡិម នឹងត្រឡប់ទៅដូចជាស្រុកវាល នោះក្រុងយេរូសាឡិមនឹងបានដំកើងឡើង ហើយនឹងនៅកន្លែងធម្មតាចាប់តាំងពីទ្វារបេនយ៉ាមីន រហូតទៅដល់កន្លែងទ្វារដំបូង និងទ្វារជ្រុងកំផែង ហើយពីប៉មហាណានាល រហូតដល់ធុងឃ្នាបរបស់ស្តេច
១១ ក៏នឹងមានមនុស្សអាស្រ័យនៅ ហើយនឹងគ្មានសេចក្តីបណ្តាសាទៀត គឺក្រុងយេរូសាឡិមនឹងនៅដោយសុខសាន្តវិញ។
១២ ព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្តីវេទនាយ៉ាងនេះ គឺសាច់គេនឹងរោយរៀវទៅ កំពុងដែលគេឈរនៅ ភ្នែកគេនឹងរោយរៀវទៅ នៅក្នុងរង្វង់ភ្នែក អណ្តាតគេនឹងរោយរៀវទៅ នៅក្នុងមាត់គេដែរ
១៣ នៅថ្ងៃនោះ នឹងមានការចលាចលជាធំ ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្តាលគេ គ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនឹងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន
១៤ ឯពួកយូដាគេនឹងច្បាំងត្រង់ក្រុងយេរូសាឡិម ហើយទ្រព្យសម្បត្តិនៃគ្រប់សាសន៍ជុំវិញ នឹងបានប្រមូលគ្នា គឺមាស ប្រាក់ និងសំលៀកបំពាក់យ៉ាងសន្ធឹក
១៥ ឯសេចក្តីវេទនារបស់សេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
១៦ រួចមក អស់អ្នកសល់នៅពីគ្រប់សាសន៍ដែលមកច្បាំងនឹងក្រុងយេរូសាឡិម គេនឹងឡើងមករាល់តែឆ្នាំ ដើម្បីថ្វាយបង្គំមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ក៏នឹងកាន់រក្សាបុណ្យបារាំ
១៧ ដូច្នេះ ក្នុងអស់ទាំងគ្រួសារនៅផែនដី បើមានណាដែលមិនឡើងទៅឯក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំមហាក្សត្រ គឺព្រះយេហូវ៉ានៃពួកពលបរិវារទេ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេឡើយ
១៨ បើសាសន៍អេស៊ីព្ទមិនឡើងទៅ គឺមិនមកសោះ នោះនឹងគ្មានភ្លៀងធ្លាក់មកលើគេ ហើយនឹងមានសេចក្តីវេទនា ដែលព្រះយេហូវ៉ា ទ្រង់នឹងប្រើវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំ
១៩ នេះហើយជាសេចក្តីវាយផ្ចាល ដល់ពួកសាសន៍អេស៊ីព្ទ ហើយជាសេចក្តីវាយផ្ចាល ដល់អស់ទាំងសាសន៍ ដែលមិនឡើងមកធ្វើបុណ្យបារាំនោះ។
២០ នៅថ្ងៃនោះ នឹងមានសេចក្តីចារឹកទុក នៅនាចង្ក្រង់សេះថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» ហើយថ្លាងទាំងប៉ុន្មាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងដូចជាចានដែលនៅមុខអាសនាដែរ
២១ អើ គ្រប់ទាំងភាជនៈនៅក្រុងយេរូសាឡិម ហើយនៅស្រុកយូដា នឹងបានបរិសុទ្ធដល់ព្រះយេហូវ៉ានៃពួកពលបរិវារទាំងអស់ អស់ពួកអ្នកដែលមកថ្វាយយញ្ញបូជា គេនឹងយកភាជនៈទាំងនោះ សំរាប់ស្ងោរដង្វាយយញ្ញបូជា ហើយនៅថ្ងៃនោះ នឹងគ្មានសាសន៍កាណានណា នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារទៀតឡើយ។:៚