១៤
លោក​ប៉ូល និង​លោក​បារណាបាស​នៅ​ក្រុង​អ៊ីកូនាម
១ នៅ​ក្រុង​អ៊ីកូនាម ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន​ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន​ជាតិ​យូដា និង​ជន​ជាតិ​ក្រិក​ដ៏​ច្រើន​លើសលប់​នាំ​គ្នា​ជឿ។ ២ ប៉ុន្តែ ជន​ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះញង់​សាសន៍​ដទៃ និង​ជំរុញ​គេ​អោយ​មាន​ចិត្ត​ប៉ុនប៉ង​ធ្វើ​បាប​ពួក​បង​ប្អូន​ទៀត​ផង។ ៣ លោក​ប៉ូល និង​លោក​បារណាបាស​ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូនាម​ជា​យូរ​ថ្ងៃ។ លោក​ទាំង​ពីរ​មាន​ចិត្ត​អង់អាច ដោយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​បញ្ជាក់​ព្រះបន្ទូល​អំពី​ព្រះគុណ​របស់​ព្រះអង្គ គឺ​ទ្រង់​ប្រោស​ប្រទាន​អោយ​លោក​ទាំង​ពីរ​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ។ ៤ មនុស្សម្នា​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​កាន់​ខាង​ក្រុម​សាវ័ក*។ ៥ សាសន៍​ដទៃ និង​សាសន៍​យូដា បាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ទាំង​ពីរ។ ៦ លោក​ប៉ូល និង​លោក​បារណាបាស​យល់​ថា​សភាពការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅនា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំវិញ ៧ ហើយ​ផ្សព្វផ្សាយ​ដំណឹងល្អ*​នៅ​ទី​នោះ។
លោក​ប៉ូល និង​លោក​បារណាបាស​នៅ​ក្រុង​លីស្ដ្រា
៨ នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក គាត់​មិន​អាច​ដើរ​បាន​ឡើយ ៩ គាត់​អង្គុយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​យល់​ឃើញ​ថា គាត់​មាន​ជំនឿ​គួរ​នឹង​ជា​បាន ១០ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង ឈរ​អោយ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ដើរ​បាន។ ១១ កាល​មហាជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លូកៅនា​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។ ១២ គេ​ហៅ​លោក​បារណាបាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស»​ ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។ ១៣ បូជាចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​ទល់​មុខ​នឹង​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុបតែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជាយញ្ញ​រួម​ជា​មួយ​មហាជន។
១៤ កាល​សាវ័ក*​បារណាបាស និង​សាវ័ក​ប៉ូល បាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀកបំពាក់​ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជាជន ទាំង​ស្រែក​ឡើង​ថា៖ ១៥ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង​ប្អូន​ដែរ យើង​ខ្ញុំ​នាំ​ដំណឹងល្អ*​មក​ជំរាប​ជូន​បង​ប្អូន គឺ​សូម​បង​ប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយបង្គំ​រូប​សំណាក​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។ ១៦ នៅ​ជំនាន់​មុនៗ ព្រះអង្គ​បាន​បណ្ដោយ​អោយ​ជាតិ​សាសន៍​នានា ដើរ​តាម​មាគ៌ា​រៀងៗ​ខ្លួន។ ១៧ ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គ​នៅ​តែ​សំដែង​ព្រះហឫទ័យ​សប្បុរស​មិន​ដែល​អាក់ខាន​ឡើយ ដើម្បី​អោយ​គេ​បាន​ស្គាល់​ព្រះអង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង​ប្អូន​តាម​រដូវ​កាល ធ្វើ​អោយ​បង​ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។ ១៨ ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហាជន​មិន​អោយ​ធ្វើ​បូជាយញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។
១៩ បន្ទាប់​មក មាន​ជន​ជាតិ​យូដា​មក​ពី​ក្រុង​អន់ទីយ៉ូក និង​ក្រុង​អ៊ីកូនាម បាន​ទាក់ទាញ​ចិត្ត​មហាជន​អោយ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។ ២០ ប៉ុន្តែ ក្រុម​សិស្ស*​នាំ​គ្នា​មក​ជុំវិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណាបាស។
លោក​ប៉ូល និង​លោក​បារណាបាស​វិល​ត្រឡប់​ទៅ​ក្រុង​អន់ទីយ៉ូក​ក្នុង​ស្រុក​ស៊ីរី​វិញ
២១ លោក​ប៉ូល និង​លោក​បារណាបាស​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ*​នៅ​ក្រុង​ឌើបេ ហើយ​ណែនាំ​មនុស្ស​ជា​ច្រើន​អោយ​ធ្វើ​ជា​សិស្ស*។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូនាម និង​ក្រុង​អន់ទីយ៉ូក​វិញ។ ២២ លោក​ដាស់​តឿន​ពួក​សិស្ស​អោយ​តាំង​ចិត្ត​មាំមួន និង​លើក​ទឹក​ចិត្ត​គេ​អោយ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​អោយ​បាន​ចូល​ក្នុង​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់»។ ២៣ លោក​បាន​តែងតាំង​ពួក​ព្រឹទ្ធាចារ្យ*​នៅ​តាម​ក្រុមជំនុំ​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស ទុក​នៅ​នឹង​ព្រះអម្ចាស់​ដែល​គេ​បាន​ជឿ។
២៤ បន្ទាប់​មក​ទៀត លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ីឌា មក​ដល់​ស្រុក​ប៉ាមភីលា។ ២៥ លោក​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើកា រួច​លោក​នាំ​គ្នា​ចុះ​ទៅ​ក្រុង​អាតាលា។ ២៦ នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅ វិល​ត្រឡប់​មក​ក្រុង​អន់ទីយ៉ូក​វិញ គឺ​នៅ​ក្រុង​អន់ទីយ៉ូក​នេះ​ហើយ ដែល​ក្រុមជំនុំ​បាន​ផ្ញើ​លោក​ទាំង​ពីរ​ទៅ​លើ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះជាម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​ដែល​លោក​ទើប​នឹង​បាន​សំរេច​នេះ។
២៧ កាល​លោក​ទាំង​ពីរ​មក​ដល់ លោក​ប្រមូល​ក្រុមជំនុំ​អោយ​មក​ជួបជុំ​គ្នា ហើយ​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក និង​រៀប​រាប់​អំពី​របៀប​ដែល​ព្រះអង្គ​បើក​ផ្លូវ​អោយ​សាសន៍​ដទៃ​ជឿ។ ២៨ បន្ទាប់​មក លោក​ទាំង​ពីរ​ស្នាក់​នៅ​ទី​នោះ ជា​មួយ​ពួក​សិស្ស​អស់​រយៈ​ពេល​ជា​យូរ​ក្រែល។