១៨
លោក​ប៉ូល​នៅ​ក្រុង​កូរិនថូស
១ ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិនថូស។ ២ នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគីឡា ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគីឡា និង​នាង​ព្រីស៊ីល​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រោះ​ព្រះចៅ​អធិរាជ​ក្លូឌាស បាន​ចេញ​បញ្ជា​អោយ​ជន​ជាតិ​យូដា​ទាំង​អស់​ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់ទង​នឹង​អ្នក​ទាំង​ពីរ ៣ ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សំរាប់​បោះ​ជំរំ។ ៤ រៀង​រាល់​ថ្ងៃ​សប្ប័ទ* លោក​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ* និង​ខិតខំ​ណែនាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​អោយ​ជឿ។
៥ កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះបន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ។ ៦ ប៉ុន្តែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​លោក ហើយ​ជេរ​ប្រមាថ​លោក​ទៀត​ផង​នោះ លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោក ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ​ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ​ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ ៧ លោក​ក៏​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​យូស្ទូស ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ*។ ៨ រីឯ​លោក​គ្រីសប៉ុស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​លោក​វិញ ក៏​ជឿ​លើ​ព្រះអម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​ទៀត បាន​ស្ដាប់​លោក​ប៉ូល​ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក*​ផង។
៩ យប់​មួយ លោក​ប៉ូល​និមិត្ត​ឃើញ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «កុំ​ខ្លាច​អី ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ ១០ ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជារាស្ត្រ​របស់​យើង»។ ១១ លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិនថូស អស់​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ លោក​បង្រៀន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​អ្នក​ក្រុង​នោះ។
១២ នៅ​គ្រា​ដែល​លោក​កាលីយ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​លោក​យក​ទៅ​សាលា​កាត់​ក្ដី ១៣ ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះបញ្ចូល​មនុស្សម្នា​អោយ​គោរព​ថ្វាយបង្គំ​ព្រះជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។ ១៤ ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលីយ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «ជន​ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់ទង​នឹង​បទឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ត​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។ ១៥ ប៉ុន្តែ បើ​ជា​រឿង​ជជែក​វែកញែក​ស្ដី​អំពី​ពាក្យពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័យ*​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​អោយ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។ ១៦ លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្ដី។ ១៧ ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្តែន ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ* មក​វាយ​នៅ​មុខ​សាលា​កាត់​ក្ដី តែ​លោក​កាលីយ៉ូ​មិន​អើពើ​ទេ។
លោក​ប៉ូល​វិល​ត្រឡប់​ទៅ​ក្រុង​អន់ទីយ៉ូក​វិញ
១៨ លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជំរាប​លា​ពួក​បង​ប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគីឡា​ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់​ នៅ​កំពង់ផែ​កេងគ្រា។
១៩ លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជំរាប​លា​នាង​ព្រីស៊ីល និង​លោក​អគីឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។ ២០ ពួក​គេ​បាន​អង្វរ​សុំ​អោយ​លោក​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ ២១ តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជំរាប​លា​គេ​ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ខ្ញុំ​នឹង​វិល​មក​រក​បង​ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​ទៅ។ ២២ លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារា លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុមជំនុំ*​បន្ទាប់​មក លោក​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក។
លោក​អប៉ូឡូស​នៅ​ក្រុង​អេភេសូ និង​ក្រុង​កូរិនថូស
២៣ ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់ទីយ៉ូក យូរ​បន្តិច​មក លោក​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស*​ទាំង​អស់​ផង។
២៤ មាន​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូឡូស ជា​អ្នក​ស្រុក​អលេក្សានទ្រា បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិតល្អន់។ ២៥ គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់ និង​មាន​ចិត្ត​ឧស្សាហ៍​មោះមុត គាត់​ប្រកាស​ព្រះបន្ទូល ហើយ​ប៉ិនប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះយេស៊ូ​ផង។ ក៏​ប៉ុន្តែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក*​របស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។ ២៦ គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* ដោយ​ចិត្ត​អង់អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគីឡា​បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់ អោយ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះជាម្ចាស់​ថែម​ទៀត។ ២៧ បន្ទាប់​មក ដោយ​លោក​អប៉ូឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង​ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ត​គាត់​អោយ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជំរាប​ពួក​សិស្ស*​នៅ​ស្រុក​នោះ អោយ​ទទួល​គាត់​ដោយ​រាក់ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់។ ២៨ ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែកញែក​គម្ពីរ បញ្ជាក់​ប្រាប់​គេ​ថា ព្រះយេស៊ូ​ពិត​ជា​ព្រះគ្រិស្ដ*​មែន។