២២
១ «បងប្អូន និងចាស់ទុំទាំងអស់គ្នាអើយ សូមស្ដាប់ពាក្យដោះសារបស់ខ្ញុំសិន!»។
២ កាលពួកគេឮលោកប៉ូលមានប្រសាសន៍ជាភាសាហេប្រឺដូច្នេះ គេរឹតតែស្ងៀមស្ងាត់ថែមទៀត។ លោកប៉ូលមានប្រសាសន៍ថា៖
៣ «ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា។ ប៉ុន្តែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំ តាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលាល។ ខ្ញុំបានខ្នះខ្នែងបំរើព្រះជាម្ចាស់ ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។
៤ ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ រហូតដល់សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង
៥ ដូចមានលោកមហាបូជាចារ្យ* និងក្រុមព្រឹទ្ធាចារ្យ* ជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះយកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំទៅទីនោះដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម។
៦ ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។
៧ ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា “សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ?”។
៨ ខ្ញុំបានសួរវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ សំឡេងនោះឆ្លើយមកខ្ញុំថា “ខ្ញុំជាយេស៊ូ អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន”។
៩ រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ តែមិនបានឮព្រះសូរសៀងទេ។
១០ ខ្ញុំក៏សួរថា “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បង្គាប់អោយអ្នកធ្វើ”។
១១ ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។
១២ នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះអណាណាស ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យ* ហើយជនជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។
១៣ គាត់មកឈរជិតខ្ញុំ ហើយពោលថា “បងសូលអើយ សូមអោយបងមើលឃើញវិញចុះ!”។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។
១៤ គាត់មានប្រសាសន៍ថា “ព្រះនៃបុព្វបុរស*របស់យើង បានជ្រើសរើសបង ដើម្បីអោយបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ អោយបងបានឃើញព្រះដ៏សុចរិត និងអោយបងបានឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្ដង
១៥ ដ្បិតបងនឹងធ្វើជាបន្ទាល់របស់ព្រះអង្គ នៅមុខមនុស្សទាំងអស់ អំពីហេតុការណ៍ដែលបងបានឃើញ និងអំពីសេចក្ដីដែលបងបានឮ។
១៦ ដូច្នេះ តើបងនៅបង្អែបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក* ហើយអង្វររកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាប*អោយ”។
១៧ ខ្ញុំវិលមកដល់ក្រុងយេរូសាឡឹមវិញ ហើយនៅពេលខ្ញុំកំពុងអធិស្ឋានក្នុងព្រះវិហារ ខ្ញុំលង់ស្មារតី
១៨ ឃើញព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡឹមភ្លាមទៅ ដ្បិតអ្នកក្រុងនេះមិនព្រមទទួលសក្ខីភាពដែលអ្នកនិយាយអំពីយើងទេ”។
១៩ ខ្ញុំទូលថា “បពិត្រព្រះអម្ចាស់ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ទូលបង្គំធ្លាប់ចូលទៅសាលាប្រជុំ*នានា ចាប់អស់អ្នកដែលជឿព្រះអង្គយកទៅឃុំឃាំង និងវាយដំទៀតផង។
២០ នៅពេលគេសម្លាប់លោកស្ទេផានដែលជាបន្ទាល់របស់ព្រះអង្គ ទូលបង្គំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេ ទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នកដែលប្រហារជីវិតលោកផងដែរ”។
២១ ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ទៅចុះ ដ្បិតយើងនឹងចាត់អ្នកអោយទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ”»។
២២ បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកអោយនៅរស់ឡើយ!»។
២៣ គេនាំគ្នាស្រែក ទាំងបោះអាវរបស់ខ្លួន និងបាចធូលីដីឡើងលើទៀតផង។
២៤ លោកមេបញ្ជាការបង្គាប់អោយគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ និងអោយគេវាយសួរចម្លើយ ចង់ដឹងមូលហេតុដែលនាំអោយបណ្ដាជនស្រែកប្រឆាំងនឹងលោកបែបនេះ។
២៥ នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។
២៦ នាយទាហានឮពាក្យនេះ ក៏ទៅជំរាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។
២៧ លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ លោកឆ្លើយថា៖ «បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។
២៨ លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីអោយបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖ «រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។
២៩ ពួកអ្នកដែលបម្រុងនឹងសួរចម្លើយលោក នាំគ្នាដកខ្លួនថយពីទីនោះភ្លាម រីឯលោកមេបញ្ជាការក៏ភិតភ័យដែរ នៅពេលដឹងថាលោកប៉ូលមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ព្រោះគាត់បានអោយគេដាក់ច្រវាក់លោក។
លោកប៉ូលនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
៣០ នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការចង់ដឹងច្បាស់នូវមូលហេតុ ដែលនាំអោយជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏អោយគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាអោយពួកនាយកបូជាចារ្យ* និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូលជួបជុំគ្នា ហើយអោយនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។