ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រុក​ម៉ូអាប់
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ដោយ​អ្នក​ស្រុក​ម៉ូអាប់​បាន
ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ
ព្រោះ​ពួក​គេ​បាន​ដុត​ធាតុ​របស់​ស្ដេច
ស្រុក​អេដុម​អោយ​ទៅ​ជា​ផេះ។
២ ហេតុ​នេះ​យើង​នឹង​អោយ​ភ្លើង​ឆាបឆេះ
ស្រុក​ម៉ូអាប់ ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ
របស់​ក្រុង​កេរីយ៉ុត​ផង។
ស្រុក​ម៉ូអាប់​នឹង​វិនាស​ក្រោម​សំរែក​ជ្រួលច្របល់
សំរែក​សឹក​សង្គ្រាម និង​សំឡេង​ត្រែ។
៣ យើង​នឹង​ដក​ស្ដេច​ចេញ​ពី​ពួក​គេ
ព្រម​ទាំង​ប្រហារ​ជីវិត​មេ​ដឹក​នាំ​ទាំង​អស់​ដែរ»
នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រុក​យូដា
៤  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ដោយ​អ្នក​ស្រុក​យូដា​បាន
ប្រព្រឹត្ត​អំពើ​បាប​បី​បួន​លើក​ផ្ទួនៗ​គ្នា
យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ
ព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោល
ក្រឹត្យវិន័យ​របស់​យើង​ជា​ព្រះអម្ចាស់
ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ។
ពួក​គេ​វង្វេង​ទៅ​តាម​ព្រះ​ក្លែងក្លាយ
ដូច​ដូនតា​របស់​ពួក​គេ​ដែរ។
៥ ហេតុ​នេះ​យើង​នឹង​អោយ​ភ្លើង​ឆាបឆេះ
ស្រុក​យូដា ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ
របស់​ក្រុង​យេរូសាឡឹម​ផង»។
ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រុក​អ៊ីស្រាអែល
៦  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ដោយ​អ្នក​ស្រុក​អ៊ីស្រាអែល​បាន
ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែប្រួល​ឡើយ
ព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់
និង​លក់​ជន​ក្រីក្រ ដើម្បី​ស្បែក​ជើង​មួយ​គូ។
៧ ពួក​គេ​ជិះជាន់​សង្កត់សង្កិន​ជន​ទុគ៌ត
ហើយ​រំលោភ​សិទ្ធិ​ប្រជាជន​តូចតាច។
កូន និង​ឪពុក​រួម​ដំណេក​ជា​មួយ​ស្រី​តែ​ម្នាក់
ពួក​គេ​ធ្វើ​ដូច្នេះ
ប្រមាថ​នាម​ដ៏វិសុទ្ធ​របស់​យើង។
៨ នៅ​ក្បែរ​អាសនៈ​របស់​ពួក​គេ
ពួក​គេ​ដេក​លើ​សម្លៀកបំពាក់​ដែល​អ្នក​ក្រ
យក​មក​បញ្ចាំ។
ពួក​គេ​យក​ស្រា​ពី​អ្នក​ដែល​ត្រូវ​ពិន័យ
ទៅ​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ពួក​គេ​ដែរ។
៩ រីឯ​យើង​វិញ យើង​បាន​បំផ្លាញ​អ្នក​ស្រុក​អាម៉ូរី
ដែល​មាន​កំពស់​ដូច​ដើម​គគីរ
និង​មាន​កម្លាំង​ដូច​ដើម​ម៉ៃសាក់
អោយ​វិនាស​សាបសូន្យ​នៅ​មុខ​ពួក​គេ
គឺ​យើង​បាន​បំផ្លាញ​ទាំង​ដើម​ទាំង​ប្ញស។
១០ យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប
និង​ដឹក​នាំ​អ្នក​រាល់​គ្នា​នៅ​វាល​រហោស្ថាន
អស់​រយៈ​ពេល​សែសិប​ឆ្នាំ
ដើម្បី​អោយ​អ្នក​រាល់​គ្នា​ចាប់​យក​ទឹក​ដី​អាម៉ូរី។
១១ យើង​បាន​ធ្វើ​អោយ​ពួក​ព្យាការី​ងើប​ឡើង
ពី​ចំណោម​កូន​ចៅ​របស់​អ្នក​រាល់​គ្នា
និង​អោយ​ពួក​ណាសារីត*​ងើប​ឡើង​
ពី​ចំណោម​ពួក​យុវជន​របស់​អ្នក​រាល់​គ្នា
តើ​ពិត​ជា​ដូច្នេះ​មែន​ឬ​កូន​ចៅ​អ៊ីស្រាអែល?
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
១២ ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អក​ស្រា​ដល់​ពួក​ណាសារីត*
អ្នក​រាល់​គ្នា​ហាម​ពួក​ព្យាការី​មិន​អោយ
ថ្លែង​ពាក្យ​ក្នុង​នាម​យើង
១៣ ហេតុ​នេះ​យើង​នឹង​កិន​កំទេច​អ្នក​រាល់​គ្នា
អោយ​ខ្ទេចខ្ទី ដូច​រទេះ​ដឹក​ស្រូវ​កិន​អ្វីៗ​ទាំង​អស់
ដែល​នៅ​ក្រោម​កង់។
១៤ អ្នក​រហ័សរហួន​ពុំ​អាច​គេច​ខ្លួន​បាន​ឡើយ
អ្នក​មាន​កម្លាំង​ខ្លាំងក្លា មិន​អាច​បញ្ចេញ​កម្លាំង
អ្នក​ចំបាំង​ដ៏​អង់អាច ក៏​ពុំ​អាច​សង្គ្រោះ​ជីវិត
របស់​ខ្លួន​បាន​ដែរ។
១៥ អ្នក​ពូកែ​បាញ់​ធ្នូ មិន​អាច​តទល់​បាន
អ្នក​ពូកែ​រត់​ក៏​រត់​មិន​រួច
អ្នក​ជិះ​សេះ​ពុំ​អាច​សង្គ្រោះ​ជីវិត
របស់​ខ្លួន​បាន​ដែរ។
១៦ នៅ​ថ្ងៃ​នោះ​អ្នក​ចំបាំង​ដ៏​ក្លាហាន​ជាង​គេ
នឹង​រត់​ទៅ​ទាំង​ខ្លួន​ទទេ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់