ទំនួញ​ស្រណោះ​អ៊ីស្រាអែល
១ កូន​ចៅ​អ៊ីស្រាអែល​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ!
ចូរ​ស្ដាប់​ទំនួញ​ដែល​ខ្ញុំ​ស្មូត្រ​អំពី​អ្នក​រាល់​គ្នា!
២ អ៊ីស្រាអែល​ដែល​ជា​ស្ត្រី​ព្រហ្មចារី ត្រូវ​រលំ​ហើយ
នាង​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទៀត​ទេ។
នាង​ដេក​ដួល​នៅ​លើ​ទឹក​ដី​របស់​ខ្លួន
គ្មាន​នរណា​លើក​នាង​ឡើយ
៣ ដ្បិត​ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ក្រុង​របស់​អ៊ីស្រាអែល​ដែល​ចាត់​ទាហាន
មួយ​ពាន់​នាក់​អោយ​ទៅ​ច្បាំង
ឃើញ​ពួក​គេ​ត្រឡប់​មក​វិញ​តែ​មួយ​រយ​នាក់។
ក្រុង​ដែល​ចាត់​ទាហាន​មួយ​រយ​នាក់
អោយ​ទៅ​ច្បាំង ឃើញ​ពួក​គេ​ត្រឡប់​មក​វិញ
តែ​ដប់​នាក់​ប៉ុណ្ណោះ!»។
៤  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់
កូន​ចៅ​អ៊ីស្រាអែល​ថា៖
«ចូរ​ស្វែង​រក​យើង
នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។
៥ កុំ​ទៅ​បេតអែល កុំ​ទៅ​គីលកាល
កុំ​ទៅ​បៀរសេបា​ឡើយ
ដ្បិត​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ
ជា​ឈ្លើយ​ទាំង​អស់​គ្នា
រីឯ​បេតអែល​ដែល​ជា​ដំណាក់​របស់​ព្រះជាម្ចាស់
នឹង​ក្លាយ​ទៅ​ដំណាក់​ទុច្ចរិត»។
៦ កូន​ចៅ​លោក​យ៉ូសែប​អើយ
ចូរ​ស្វែង​រក​ព្រះអម្ចាស់
នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត!
ចូរ​ប្រយ័ត្ន ក្រែង​ព្រះអង្គ​ឆាបឆេះ​អ្នក​រាល់​គ្នា
ហើយ​គ្មាន​នរណា​នៅ​បេតអែល
អាច​នឹង​ពន្លត់​បាន​ឡើយ។
៧ អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​យុត្តិធម៌
ប្រែ​ទៅ​ជា​ពិសពុល
ព្រម​ទាំង​ជាន់​ឈ្លី​សេចក្ដី​សុចរិត​ទៀត​ផង។
 
៨ ព្រះអង្គ​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័ល
ព្រះអង្គ​ធ្វើ​អោយ​ភាព​អន្ធការ
ប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ
ព្រះអង្គ​ធ្វើ​អោយ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹត
ព្រះអង្គ​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដី
ព្រះនាម​របស់​ព្រះអង្គ គឺ​ព្រះអម្ចាស់
៩ ព្រះអង្គ​ធ្វើ​អោយ​មហន្តរាយ​កើត​យ៉ាង​ទាន់ហន់
ចំពោះ​អ្នក​ខ្លាំង​ពូកែ
ហើយ​ធ្វើ​អោយ​បន្ទាយ​ដ៏​រឹងមាំ​ត្រូវ​វិនាស។
១០ ពួក​គេ​ស្អប់​ចៅក្រម​ដែល​កាត់​ក្ដី​ដោយ​យុត្តិធម៌
ពួក​គេ​មិន​ចូល​ចិត្ត​សាក្សី​ទៀង​ត្រង់​ទេ។
១១ អ្នក​រាល់​គ្នា​ជិះជាន់​ជន​ទុគ៌ត
ហើយ​រឹប​អូស​យក​ស្រូវ​របស់​គេ
ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​នឹង
មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​មាន​តម្លៃ
ដែល​អ្នក​រាល់​គ្នា​បាន​សង់​នោះ​ទេ។
អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​ផឹក
ស្រា​ទំពាំងបាយជូរ​ដ៏​ឆ្ងាញ់
ពី​ចំការ​ដែល​អ្នក​រាល់​គ្នា​បាន​ដាំ​នោះ​ដែរ។
១២ «យើង​ដឹង​ថា អ្នក​រាល់​គ្នា​ប្រព្រឹត្ត
អំពើ​ទុច្ចរិត​ជា​ច្រើន
ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ក៏​ធ្ងន់ធ្ងរ​ដែរ
អ្នក​រាល់​គ្នា​សង្កត់សង្កិន​មនុស្ស​សុចរិត
អ្នក​រាល់​គ្នា​ទទួល​សំណូក
ហើយ​មិន​រក​យុត្តិធម៌​អោយ​ជន​ក្រីក្រ​ទេ។
១៣ បច្ចុប្បន្នកាល​នេះ​ជា​គ្រា​មួយ​ដ៏​លំបាក
ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាជ្ញា
សុខ​ចិត្ត​នៅ​ស្ងៀម»។
១៤ ចូរ​ខិតខំ​ស្វែង​រក​អំពើ​ល្អ
កុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយ
នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត
ហើយ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល
នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា
ដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ស្រាប់។
១៥ ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ
ចូរ​កាត់​ក្ដី​ដោយ​គតិយុត្តិធម៌ ឡើង​វិញ
ប្រហែល​ជា​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល
អាណិតអាសូរ​ដល់​ពូជពង្ស​លោក​យ៉ូសែប
ដែល​នៅ​សេសសល់។
១៦ ហេតុ​នេះ ព្រះជាអម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល
មាន​ព្រះបន្ទូល​ថា៖
«មនុស្សម្នា​នឹង​សោក​សង្រេង
នៅ​តាម​ទី​សាធារណៈ​ទាំង​អស់
គេ​នឹង​គក់​ទ្រូង​យំ​នៅ​តាម​ដង​ផ្លូវ​នានា
គេ​ហៅ​អ្នក​ភ្ជួរ​រាស់​មក​កាន់​ទុក្ខ
ហើយ​ហៅ​អ្នក​ដែល​ចេះ​យំ​រៀប​រាប់
អោយ​មក​យំ​សំរាប់​ពិធី​បញ្ចុះ​សព។
១៧ ក្នុង​គ្រា​ដែល​យើង​ដើរ​កាត់​ចំណោម​អ្នក​រាល់​គ្នា
មនុស្សម្នា​នឹង​សោក​សង្រេង
នៅ​តាម​ចំការ​ទំពាំងបាយជូរ​ទាំង​អស់»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ថ្ងៃ​របស់​ព្រះអម្ចាស់
១៨ អ្នក​ណា​ប្រាថ្នា​ចង់​ឃើញ​ថ្ងៃ​របស់​ព្រះអម្ចាស់
អ្នក​នោះ​មុខ​ជា​វេទនា​ពុំខាន!
តើ​អ្នក​រាល់​គ្នា​រង់ចាំ​អ្វី​នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់?
ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ
គឺ​មិន​មែន​ថ្ងៃ​ដែល​មាន​ពន្លឺ​ទេ។
១៩ ថ្ងៃ​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​រត់
គេច​ផុត​ពី​សិង្ហ ហើយ​ទៅ​ជួប​ខ្លាឃ្មុំ
ពេល​រត់​ទៅ​ដល់​ផ្ទះ​វិញ
គាត់​ច្រត់​ដៃ​លើ​ជញ្ជាំង ហើយ​ត្រូវ​ពស់​ចឹក។
២០ ថ្ងៃ​របស់​ព្រះអម្ចាស់​ជា​ថ្ងៃ​ងងឹត
មិន​មែន​ជា​ថ្ងៃ​មាន​ពន្លឺ​ទេ
ជា​ថ្ងៃ​អន្ធការ គ្មាន​ពន្លឺ​រស្មី​អ្វី​សោះ។
២១ «យើង​មិន​ចូល​ចិត្ត​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា
ហើយ​យើង​ក៏​មិន​អាច​ទ្រាំ​នឹង​ពិធី​ផ្សេងៗ
ដែល​អ្នក​រាល់​គ្នា​ប្រារព្ធ​ដែរ។
២២ ពេល​អ្នក​រាល់​គ្នា​យក​តង្វាយ​ដុត
និង​តង្វាយ​ម្សៅ មក​អោយ​យើង
យើង​មិន​ពេញ​ចិត្ត​ទេ
យើង​ក៏​មិន​រវីរវល់​នឹង​កូន​គោ​ដ៏​ធាត់ៗ
ដែល​អ្នក​រាល់​គ្នា​យក​មក​ធ្វើ
យញ្ញបូជា​មេត្រីភាព​ដែរ។​
២៣ ចូរ​ឈប់​ច្រៀង​ទំនុកតម្កើង
ដ៏​ស្រកៀរ​ត្រចៀក​នេះ​ទៅ!
យើង​ក៏​មិន​ចង់​ស្ដាប់​សំឡេង​ពិណ
របស់​អ្នក​រាល់​គ្នា​ដែរ។
២៤ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​ច្បាប់​ទុក​ដូច​ជា
ប្រភព​នៃ​ជីវិត​របស់​អ្នក​រាល់​គ្នា
ហើយ​អោយ​យុត្តិធម៌​ហូរ​ចេញ​មក
ដូច​ទឹក​ស្ទឹង​ដែល​មិន​ចេះ​រីង​ស្ងួត។
២៥ កូន​ចៅ​អ៊ីស្រាអែល​អើយ
ក្នុង​រយៈ​ពេល​សែសិប​ឆ្នាំ​នៅ​វាល​រហោស្ថាន
តើ​អ្នក​រាល់​គ្នា​មាន​យក​យញ្ញបូជា
និង​តង្វាយ​ផ្សេងៗ​មក​អោយ​យើង​ឬ​ទេ?
២៦ ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​ថ្វាយបង្គំ
ស៊ីគុត​ជា​ទេវរាជ​របស់​អ្នក
និង​គីយូន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ព្រម​ទាំង​រូប​ផ្កាយ​របស់​ព្រះ​នោះ
ដែល​អ្នក​រាល់​គ្នា​បាន​សូន​ដោយ​ដៃ​ខ្លួន​ឯង
២៧ យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​ទៅ​ឆ្ងាយ​ជាង
ក្រុង​ដាម៉ាស់​ទៅ​ទៀត»។
នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ​ដែល​មាន​នាម​ថា
ព្រះអម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។​