និមិត្តហេតុ​អស្ចារ្យ​ចុង​ក្រោយ
១ ខ្ញុំ​ឃើញ​ព្រះអម្ចាស់​របស់​ខ្ញុំ​ឈរ​លើ
អាសនៈ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖
«ចូរ​វាយ​ក្បាល​សសរ​អោយ​កក្រើក
រហូត​ដល់​ជើង​សសរ!
ចូរ​កិន​កំទេច​មេ​ដឹក​នាំ​របស់
ពួក​គេ​ទាំង​អស់​គ្នា!
យើង​នឹង​ប្រហារ​បរិវារ​របស់​ពួក​គេ
អោយ​វិនាស​ដោយ​មុខ​ដាវ
គ្មាន​នរណា​ម្នាក់​អាច​រត់​គេច​ខ្លួន
គ្មាន​នរណា​ម្នាក់​រួច​ជីវិត​បាន​ឡើយ។
២ ទោះ​បី​ពួក​គេ​ចុះ​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់​ក្ដី
ក៏​យើង​ទៅ​អូស​យក​មក​វិញ
ទោះ​បី​ពួក​គេ​ឡើង​ទៅ​ដល់​ស្ថានសួគ៌​ក្ដី
ក៏​យើង​ទាញ​ទម្លាក់​ចុះ​មក​វិញ​ដែរ។
៣ ទោះ​បី​ពួក​គេ​ទៅ​ពួន​នៅ​កំពូល​ភ្នំ​កើមែល​ក្ដី
ក៏​យើង​ទៅ​រក​ពួក​គេ ហើយ​ចាប់​យក​មក​វិញ
ទោះ​បី​ពួក​គេ​លាក់​ខ្លួន​នៅ​បាត​សមុទ្រ
ដើម្បី​កុំ​អោយ​យើង​ឃើញ​ក្ដី
ក៏​យើង​ប្រើ​នាគ​អោយ​ទៅ​ខាំ​ពួក​គេ​ដែរ។
៤ ទោះ​បី​ពួក​គេ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​ក្ដី
ក៏​យើង​ប្រើ​ដាវ​អោយ​ទៅ​តាម​ប្រហារ​ពួក​គេ
យើង​នឹង​តាម​មើល​ពួក​គេ​ជានិច្ច
ដើម្បី​ធ្វើ​អោយ​ពួក​គេ​វេទនា
គឺ​មិន​មែន​ផ្ដល់​សេចក្ដី​សុខ​ទេ»។
៥  ព្រះជាអម្ចាស់​នៃ​ពិភព​ទាំង​មូល​ពាល់​ផែនដី
នោះ​ផែនដី​រញ្ជួយ​ញាប់ញ័រ
ប្រជាជន​ទាំង​អស់​នៅ​ផែនដី​នាំ​គ្នា​កាន់​ទុក្ខ។
ផែនដី​កក្រើក​ឡើង ស្ងប់​ទៅ​វិញ
ដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើង
រួច​ស្រក​ទៅ​វិញ​ដែរ។
៦ ព្រះអង្គ​សង់​ព្រះដំណាក់​នៅ​លើ​មេឃ
ព្រះអង្គ​ដាក់​លំហ​អាកាស​នៅ​លើ​ផែនដី
ព្រះអង្គ​ហៅ​ទឹក​សមុទ្រ
អោយ​មក​ស្រោច​ស្រព​ផែនដី
ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះអម្ចាស់
៧ «កូន​ចៅ​អ៊ីស្រាអែល​អើយ
យើង​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ប្រសើរ​ជាង
ជន​ជាតិ​អេត្យូពី​ទេ។
យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប
ហើយ​យើង​ក៏​បាន​នាំ​ជន​ជាតិ​ភីលីស្ទីន
ចេញ​ពី​ស្រុក​កាប់ថោរ
ព្រម​ទាំង​នាំ​ជន​ជាតិ​ស៊ីរី​ចេញ​ពី​ស្រុក​គៀរ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៨ យើង​ជា​ព្រះជាអម្ចាស់ យើង​តាម​មើល​នគរ
ដែល​មាន​ទោស
យើង​នឹង​កំទេច​នគរ​នេះ
អោយ​វិនាស​បាត់​ពី​ផែនដី។
ប៉ុន្តែ យើង​នឹង​មិន​កំទេច​កូន​ចៅ​លោក​យ៉ាកុប
អោយ​វិនាស​សូន្យ​ទាំង​ស្រុង​ទេ
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៩ យើង​បញ្ជា​អោយ​គេ​រែង​ពូជពង្ស​អ៊ីស្រាអែល
ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​អស់
ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។
សូម្បី​តែ​ក្រួស​តូច​មួយ
ក៏​មិន​អោយ​ជ្រុះ​ដល់​ដី​ដែរ។
១០ មនុស្ស​បាប​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​យើង
នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា
អ្នក​ទាំង​នោះ​ពោល​ថា:
“ព្រះអង្គ​មិន​ធ្វើ​អោយ​ទុក្ខ​វេទនា​ចូល​មក​ជិត
ឬ​កើត​មាន​ដល់​ពួក​យើង​ឡើយ”។
ព្រះបន្ទូល​សន្យា​ស្ដារ​ស្រុក​អ៊ីស្រាអែល​ឡើង​វិញ
១១ «នៅ​ថ្ងៃ​នោះ​យើង​នឹង​លើក​ខ្ទម​របស់​ដាវីឌ
ដែល​ជិត​រលំ​ទៅ​ហើយ​នោះ​ឡើង​វិញ
យើង​នឹង​ជួសជុល​កន្លែង​ធ្លុះធ្លាយ
យើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់​បែក
ហើយ​សង់​ខ្ទម​នោះ​អោយ​បាន​ល្អ​ដូច​ដើម​វិញ
១២ ដើម្បី​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាប់​យក
ស្រុក​អេដុម​ដែល​នៅ​សេសសល់
ព្រម​ទាំង​ស្រុក​របស់​ប្រជាជាតិ​ទាំង​អស់
ដែល​ជា​កម្មសិទ្ធិ​របស់​យើង​កាល​ពី​ដើម»​
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ដែល​នឹង​សំរេច​ការ​ទាំង​នោះ។
១៣  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ
កាល​ណា​គេ​ច្រូត​ស្រូវ​រួច​រាល់​ហើយ
អ្នក​ភ្ជួរ​ក៏​មក​ភ្ជួរ​ភ្លាម។
ក្រោយ​ពេល​សាប​ព្រោះ​ស្រូវ​រួច​ហើយ
អ្នក​ជាន់​ផ្លែ​ទំពាំងបាយជូរ
ក៏​នឹង​មក​បេះ​ផ្លែ​យក​មក​ជាន់​ភ្លាមៗ​ដែរ។
ទឹក​ទំពាំងបាយជូរ​នឹង​ហូរ​ចុះ​ពី​ភ្នំ​តូច​ភ្នំ​ធំ
យ៉ាង​សម្បូណ៌​ហូរហៀរ។
១៤ ពេល​នោះ យើង​នឹង​នាំ​អ៊ីស្រាអែល
ជា​ប្រជារាស្ត្រ​របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ
អោយ​ត្រឡប់​មក​វិញ។
ពួក​គេ​នឹង​សង់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ខូច​ខាត
ដើម្បី​ស្នាក់​នៅ។
ពួក​គេ​នឹង​ដាំ​ទំពាំងបាយជូរ
ហើយ​ផឹក​ស្រា​ពី​ចំការ​ទំពាំងបាយជូរ​នោះ។
ពួក​គេ​នឹង​ធ្វើ​ចំការ ហើយ​បរិភោគ
ផល​ផ្លែ​ពី​ចំការ​នោះ​ដែរ។
១៥ យើង​នឹង​អោយ​ពួក​គេ​រស់​នៅ​យ៉ាង​ស្ថិតស្ថេរ
លើ​ទឹក​ដី​របស់​ខ្លួន
គ្មាន​នរណា​អាច​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក
ដែល​យើង​បាន​ប្រគល់​អោយ​ពួក​គេ
នេះ​ទៀត​ឡើយ»
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
ជា​ព្រះ​របស់​អ្នក។