១១
១ សូមយកតំរាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតំរាប់តាមព្រះគ្រិស្ដ*ដែរ។
ឥរិយាបថគ្រិស្ដបរិស័ទ នៅពេលថ្វាយបង្គំព្រះជាម្ចាស់
២ ខ្ញុំសូមសរសើរបងប្អូន ដោយបងប្អូននឹកដល់ខ្ញុំក្នុងគ្រប់កាលៈទេសៈ ហើយប្រតិបត្តិតាមពាក្យទូន្មានទាំងប៉ុន្មាន ដែលខ្ញុំបានយកមកជូនបងប្អូន។
៣ ក៏ប៉ុន្តែ ខ្ញុំចង់អោយបងប្អូនជ្រាបថា ព្រះគ្រិស្ដនាំមុខ បុរសគ្រប់រូប បុរសនាំមុខស្ត្រី ហើយព្រះជាម្ចាស់នាំមុខព្រះគ្រិស្ដ។
៤ បុរសណាអធិស្ឋាន* ឬថ្លែងព្រះបន្ទូល ទាំងមានពាក់អ្វីពីលើក្បាល បុរសនោះបន្ថោកព្រះគ្រិស្ដ។
៥ ផ្ទុយទៅវិញស្ត្រីណាអធិស្ឋាន ឬថ្លែងព្រះបន្ទូល ដោយមិនទទូរស្បៃពីលើក្បាលទេ ស្ត្រីនោះបន្ថោកប្ដីរបស់ខ្លួន ធ្វើយ៉ាងនេះ ប្រៀបបីដូចជានាងកោរសក់ដែរ។
៦ បើស្ត្រីណាមិនទទូរស្បៃពីលើក្បាលទេ អោយនាងកោរសក់តែម្ដងទៅ! ប៉ុន្តែ បើការកាត់សក់ ឬកោរសក់នាំអោយស្ត្រីៗអាម៉ាស់មុខដូច្នេះ នាងត្រូវតែទទូរស្បៃ។
៧ ប្រុសៗមិនត្រូវទទូរស្បៃពីលើក្បាលឡើយ ព្រោះខ្លួនជាតំណាង ព្រះជាម្ចាស់ និងសំដែងសិរីរុងរឿងរបស់ព្រះអង្គអោយគេឃើញ។ រីឯស្ត្រីវិញ នាងសំដែងសិរីរុងរឿងរបស់ប្ដីអោយគេឃើញ
៨ ដ្បិតបុរសដើមដំបូងមិនបានកើតចេញពីស្ត្រីឡើយ គឺស្ត្រីទេតើដែលកើតចេញពីបុរស
៩ ហើយព្រះជាម្ចាស់ពុំបានបង្កើតបុរសមកសំរាប់ស្ត្រីទេ គឺព្រះអង្គបង្កើតស្ត្រីសំរាប់បុរសវិញ។
១០ ហេតុនេះដោយយោគយល់ដល់ពួកទេវតា* ស្ត្រីៗត្រូវតែទទូរស្បៃជាសញ្ញាថា នាងស្ថិតនៅក្រោមអំណាចប្ដីរបស់ខ្លួន។
១១ ក៏ប៉ុន្តែ ក្នុងការរស់នៅរួមជាមួយព្រះអម្ចាស់ស្ត្រីត្រូវការបុរសជាចាំបាច់ ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ។
១២ ព្រះជាម្ចាស់បានយកស្ត្រីចេញមកពីបុរសយ៉ាងណា បុរសក៏កើតចេញមកពីស្ត្រីយ៉ាងនោះដែរ ហើយអ្វីៗទាំងអស់សុទ្ធតែកើតមកពីព្រះជាម្ចាស់។
១៣ សូមបងប្អូនពិចារណាមើលខ្លួនឯងទៅចុះថា តើស្ត្រីៗអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយមិនទទូរស្បៃសម ឬមិនសម?
១៤ សូម្បីតែធម្មជាតិក៏បានបង្ហាញអោយយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់
១៥ ផ្ទុយទៅវិញ សក់វែងជាសិរីរុងរឿងរបស់ស្ត្រី។ តាមពិតព្រះជាម្ចាស់ប្រទានអោយស្ត្រីៗមានសក់វែង ទុកដូចជាស្បៃនៅលើក្បាលរបស់នាង។
១៦ ប្រសិនបើនរណាម្នាក់ចង់ប្រកែកតវ៉ាអំពីរឿងនេះ តោងដឹងថាយើងមិនដែលមានទម្លាប់នេះទេ ហើយក្រុមជំនុំ*របស់ព្រះជាម្ចាស់ក៏មិនដែលមានដែរ។
អំពីពិធីជប់លៀងរបស់ព្រះអម្ចាស់
១៧ ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បងប្អូន ពុំបានធ្វើអោយបងប្អូនចំរើនឡើងទេ គឺបែរជាបណ្ដាលអោយអន់ថយទៅៗ
១៨ ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំនុំ* នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។
១៩ ត្រូវតែមានការខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះឯង ដើម្បីអោយដឹងថាអ្នកណាពិតជាមានចិត្តស៊ូទ្រាំយ៉ាងស្មោះមែន។
២០ ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់*ទេ
២១ ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំអោយអ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។
២២ តើបងប្អូនគ្មានផ្ទះសម្បែងសំរាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងចង់ធ្វើអោយអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស?។ តើត្រូវអោយខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? អោយខ្ញុំសរសើរបងប្អូនឬ? ទេខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ!
២៣ រីឯខ្ញុំ ខ្ញុំបានជំរាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំបុ័ងមកកាន់
២៤ ទ្រង់អរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំបុ័ងនោះ ទាំងមានព្រះបន្ទូលថា “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសំរាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។
២៥ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ទ្រង់យកពែងមកកាន់ ទាំងមានព្រះបន្ទូលថា “នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មី ចងឡើង ដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។
២៦ រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទិវង្គត រហូតដល់ព្រះអង្គយាងមកវិញ។
២៧ ហេតុនេះ ប្រសិនបើអ្នកណាពិសានំបុ័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។
២៨ ដូច្នេះ ម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្តគំនិតរបស់ខ្លួនឯងសិន សឹមពិសានំបុ័ង និងពិសាពីពែងរបស់ព្រះអម្ចាស់
២៩ ដ្បិតអ្នកណាពិសានំបុ័ង និងពិសាពីពែងនោះ ដោយមិនបានយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។
៣០ ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូនមានគ្នាច្រើនខ្សោយកម្លាំង និងឈឺ ហើយមានមួយចំនួនធំបានស្លាប់។
៣១ ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង ព្រះអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។
៣២ ប៉ុន្តែ បើព្រះអម្ចាស់វិនិច្ឆ័យទោសយើង មកពីព្រះអង្គចង់កែយើង ដើម្បីកុំអោយយើងទទួលទោសជាមួយលោកីយ៍។
៣៣ ហេតុនេះ បងប្អូនអើយ នៅពេលបងប្អូនជួបជុំគ្នាបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់ ត្រូវចាំគ្នាផង។
៣៤ ប្រសិនបើអ្នកណាឃ្លាន អ្នកនោះត្រូវពិសាបាយពីផ្ទះអោយហើយទៅ ដើម្បីចៀសវាងកុំអោយការប្រជុំរបស់បងប្អូនទៅជាមានទោសទៅវិញ។
ចំពោះបញ្ហាឯទៀតៗ ខ្ញុំនឹងដោះស្រាយជូន នៅពេលខ្ញុំមកដល់។