ភារកិច្ច​របស់​អ្នក​ប្រកាស​ដំណឹងល្អ
១ បង​ប្អូន​អើយ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​អាច​និយាយ​ជា​មួយ​បង​ប្អូន ដូច​និយាយ​ទៅ​កាន់​អ្នក​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​នោះ​ឡើយ គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​បង​ប្អូន ដូច​និយាយ​ទៅ​កាន់​មនុស្ស​លោកីយ៍ ឬ​និយាយ​ទៅ​កាន់​កូន​ខ្ចី​ខាង​ជំនឿ។ ២ ខ្ញុំ​បាន​អោយ​ទឹក​ដោះ​បង​ប្អូន​ពិសា គឺ​ពុំ​បាន​អោយ​ចំណី​អាហារ​រឹងៗ​ទេ ព្រោះ​បង​ប្អូន​ពុំ​អាច​ទទួល​បាន។ សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី ក៏​បង​ប្អូន​នៅ​តែ​ពុំ​អាច​ទទួល​បាន​ដែរ ៣ មក​ពី​បង​ប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍​ដដែល។ ក្នុង​ចំណោម​បង​ប្អូន បើ​នៅ​តែ​មាន​ការ​ច្រណែន​ទាស់ទែង​គ្នា​ដូច្នេះ ស​អោយ​ឃើញ​ថា​បង​ប្អូន​នៅ​តែ​មាន​ចិត្ត​គំនិត​ជា​មនុស្ស​លោកីយ៍ ហើយ​បង​ប្អូន​រស់​នៅ​តាម​របៀប​មនុស្ស​ធម្មតា​ដដែល។ ៤ ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូឡូស!» នោះ ស​អោយ​ឃើញ​ថា បង​ប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន! ៥ តើ​លោក​អប៉ូឡូស​មាន​ឋានៈ​អ្វី? រីឯ​ប៉ូល​មាន​ឋានៈ​អ្វី​ដែរ? អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​អ្នក​បំរើ ដែល​ណែនាំ​បង​ប្អូន​អោយ​មាន​ជំនឿ​ប៉ុណ្ណោះ គឺ​ម្នាក់ៗ​បំពេញ​តែ​កិច្ចការ​ដែល​ព្រះអម្ចាស់​ប្រទាន​អោយ​ធ្វើ។ ៦ ខ្ញុំ​ជា​អ្នក​ដាំ ហើយ​លោក​អប៉ូឡូស​ជា​អ្នក​ស្រោច​ទឹក ប៉ុន្តែ ព្រះជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​អោយ​ដុះ។ ៧ ដូច្នេះ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​អ្វី​ឡើយ គឺ​ព្រះជាម្ចាស់​ដែល​ធ្វើ​អោយ​ដុះ​ឯណោះ​ទើប​សំខាន់។ ៨ អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ ៩ ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះជាម្ចាស់​បង​ប្អូន​ជា​ស្រែ​របស់​ព្រះជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។
១០ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះគុណ​ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ១១ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះយេស៊ូគ្រិស្ដ*។ ១២ ប្រសិន​បើ​អ្នក​ណា​យក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ ១៣ នៅ​ថ្ងៃ​ព្រះជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស លទ្ធផល​នៃ​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បងល​មើល​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ ១៤ បើ​ស្នាដៃ​នរណា​ម្នាក់​ដែល​បាន​សង់​លើ​គ្រឹះ​នៅ​ស្ថិតស្ថេរ អ្នក​នោះ​នឹង​ទទួល​រង្វាន់។ ១៥ បើ​ស្នាដៃ​នរណា​ម្នាក់​ត្រូវ​ឆេះ អ្នក​នោះ​ក៏​នឹង​បាត់​រង្វាន់​ដែរ ប៉ុន្តែ គេ​នឹង​រួច​ជីវិត​ដូច​ជា​ឆ្លង​កាត់​ភ្លើង។
១៦ បង​ប្អូន​មិន​ជ្រាប​ថា​ខ្លួន​ជា​ព្រះវិហារ*​របស់​ព្រះជាម្ចាស់​ទេ​ឬ! បង​ប្អូន​មិន​ជ្រាប​ថា​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​ទេ​ឬ!។ ១៧ ប្រសិន​បើ​នរណា​ម្នាក់​កំទេច​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​កំទេច​អ្នក​នោះ​វិញ ដ្បិត​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ជា​ព្រះវិហារ​ដ៏វិសុទ្ធ* គឺ​បង​ប្អូន​ហ្នឹង​ហើយ​ជា​ព្រះវិហារ​នោះ។
១៨ សូម​កុំ​បញ្ឆោត​ខ្លួន​ឯង​អោយ​សោះ ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ប្រាជ្ញ​តាម​របៀប​លោកីយ៍​នេះ អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​លីលា​សិន ដើម្បី​អោយ​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ។ ១៩ ព្រះជាម្ចាស់​ចាត់​ទុក​ប្រាជ្ញា​របស់​លោកីយ៍​នេះ​ថា លេលា ដូច​មាន​ចែង​ទុក​មក​ថា «ព្រះអង្គ​យក​កលល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់» ២០ មាន​ចែង​ទុក​ទៀត​ថា «ព្រះអម្ចាស់​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ​គ្មាន​ខ្លឹមសារ​អ្វី​ទេ»
២១ ហេតុ​នេះ​មិន​ត្រូវ​អោយ​នរណា​ម្នាក់​អួតអាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សំរាប់​បំរើ​ បង​ប្អូន ២២ ទោះ​បី​ប៉ូល​ក្ដី លោក​អប៉ូឡូស​ក្ដី លោក​កេផាស​ក្ដី ពិភព​លោក​នេះ​ក្ដី ជីវិត​ក្ដី សេចក្ដី​ស្លាប់​ក្ដី អ្វីៗ​ដែល​មាន​នៅ​ពេល​នេះ ឬ​នៅ​ពេល​អនាគត​ក្ដី សុទ្ធ​តែ​សំរាប់​បំរើ​បង​ប្អូន​ទាំង​អស់។ ២៣ រីឯ​បង​ប្អូន​វិញ បង​ប្អូន​បំរើ​ព្រះគ្រិស្ដ* ហើយ​ព្រះគ្រិស្ដ​បំរើ​ព្រះជាម្ចាស់​។