៥
អំពីការប្រាសចាកសីលធម៌
១ មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។
២ ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្តអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។
៣ ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។
៤ ពេលបងប្អូនរួមប្រជុំគ្នាក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយឫទ្ធានុភាពរបស់ព្រះអង្គក៏ស្ថិតនៅជាមួយដែរ
៥ ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារ*សាតាំង ដើម្បីអោយរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃព្រះអម្ចាស់យាងមក។
៦ បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ “មេតែបន្តិចអាចធ្វើអោយម្សៅទាំងមូលដោរឡើងបាន!”។
៧ សូមបងប្អូនជំរះខ្លួនអោយបានបរិសុទ្ធ*ផុតពីមេម្សៅចាស់នោះទៅ ដើម្បីអោយបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រិស្ដធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លង* រួចស្រេចទៅហើយ។
៨ ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំបុ័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។
៩ ក្នុងសំបុត្ររបស់ខ្ញុំ ខ្ញុំបានសរសេរមកជំរាបបងប្អូនថា កុំទាក់ទងនឹងអ្នកដែលប្រព្រឹត្តកាមគុណថោកទាប អោយសោះ។
១០ ខ្ញុំនិយាយដូច្នេះមិនមែនសំដៅទៅលើអ្នកដែលប្រព្រឹត្តកាមគុណថោកទាបទួទៅក្នុងលោកនេះ ឬសំដៅទៅលើអ្នកលោភលន់ចង់បានទ្រព្យគេ អ្នកប្លន់យកទ្រព្យគេ ឬអ្នកថ្វាយបង្គំព្រះក្លែងក្លាយនោះឡើយ បើដូច្នេះមានតែចាកចេញពីលោកនេះ!
១១ ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំអោយបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាគ្រិស្ដបរិស័ទ ហើយបែរជាប្រព្រឹត្តកាមគុណថោកទាប មានចិត្តលោភលន់ចង់បានទ្រព្យគេថ្វាយបង្គំព្រះក្លែងក្លាយជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួម ជាមួយជនប្រភេទនេះឡើយ។
១២ ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំនុំទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង!
១៣ ចំពោះអ្នកដែលនៅខាងក្រៅ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសគេ រីឯបងប្អូនវិញ «ត្រូវដកមនុស្សអាក្រក់ចេញពីចំណោមអ្នករាល់គ្នាទៅ» ។