៧
អំពីបញ្ហាគូស្រករ
១ បងប្អូនបានសរសេរសំបុត្រទៅខ្ញុំថា ប្រសិនបើបុរសមិនប៉ះពាល់ស្ត្រីទេនោះ ជាការប្រសើរ។
២ ប៉ុន្តែ ដើម្បីចៀសវាងកុំអោយមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ត្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។
៣ ប្ដីត្រូវបំពេញករណីយកិច្ចជាប្ដី ចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្ដីវិញដែរ។
៤ ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះជារបស់ប្រពន្ធ។
៥ មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសំរាប់អធិស្ឋាន*ប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោមារ*សាតាំងល្បួងចិត្តបងប្អូន មកពីទ្រាំមិនបាន។
៦ ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិអោយបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។
៧ ខ្ញុំចង់អោយមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្តែ ម្នាក់ៗបានទទួលព្រះអំណោយទានមួយរៀងៗខ្លួន ពីព្រះជាម្ចាស់ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។
៨ ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និងស្ត្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅល្អជាង។
៩ ប៉ុន្តែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ ប្រសើរជាងទុកអោយចិត្តនៅពុះកញ្ជ្រោល។
១០ ខ្ញុំសូមបង្គាប់អស់អ្នកដែលមានគូស្រករហើយថា ភរិយាមិនត្រូវចាកចោលស្វាមីរបស់ខ្លួនឡើយ (មិនមែនខ្ញុំទេជាអ្នកបង្គាប់ គឺព្រះអម្ចាស់ទេតើដែលបង្គាប់)។
១១ ប្រសិនបើនាងបានជាចាកចោលប្ដីហើយ មិនត្រូវយកប្ដីទៀតទេ ឬមួយត្រូវតែទៅជានានឹងប្ដីនាងវិញ។ រីឯប្ដី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។
១២ ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីព្រះអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជំរាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។
១៣ រីឯស្ត្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ
១៤ ដ្បិតព្រះជាម្ចាស់ប្រោសប្ដីដែលមិនជឿ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គតាមរយៈភរិយា ហើយព្រះអង្គក៏ប្រោសភរិយាដែលមិនជឿ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធ*ទេ!។ ក៏ប៉ុន្តែ តាមពិត ព្រះជាម្ចាស់បានប្រោសក្មេងទាំងនោះ អោយចូលរួមក្នុងប្រជាជនរបស់ព្រះអង្គរួចស្រេចទៅហើយ។
១៥ បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ អោយគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងអោយមករស់ក្នុងសេចក្ដីសុខសាន្ត។
១៦ បងប្អូនជាស្ត្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក?
ជីវិតរស់នៅស្របតាមការត្រាស់ហៅរបស់ព្រះជាម្ចាស់
១៧ ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅអោយបានស្របតាមព្រះអំណោយទានដែលព្រះអម្ចាស់ប្រទានអោយ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់អោយស្របតាមភាពនោះតទៅមុខទៀតទៅ។ ខ្ញុំតែងបង្គាប់អោយក្រុមជំនុំ*ទាំងអស់ធ្វើតាមសេចក្ដីនេះ។
១៨ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក*រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។
១៩ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្តិតាមបទបញ្ជា*របស់ព្រះជាម្ចាស់វិញទេដែលសំខាន់។
២០ នៅពេលព្រះអង្គត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់អោយស្របតាមភាពនោះ តទៅមុខទៀតទៅ។
២១ ពេលព្រះអង្គត្រាស់ហៅ បើបងប្អូនជាខ្ញុំបំរើគេកុំខ្វល់ខ្វាយអ្វី។ ប៉ុន្តែ បើបងប្អូនអាចរួចខ្លួន ត្រូវឆ្លៀតឱកាសអោយបានទៅជាអ្នកជាចុះ
២២ ដ្បិតខ្ញុំបំរើណាដែលព្រះអម្ចាស់ត្រាស់ហៅ ខ្ញុំបំរើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ចំពោះអ្នកជាណាដែលព្រះអង្គត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបំរើព្រះគ្រិស្ដ។
២៣ ព្រះអង្គបានលោះបងប្អូន ដោយបង់ថ្លៃយ៉ាងច្រើន ហេតុនេះសូមកុំបណ្ដោយខ្លួនអោយធ្លាក់ទៅជាខ្ញុំបំរើរបស់មនុស្សទៀតឡើយ។
២៤ បងប្អូនអើយ កាលព្រះជាម្ចាស់ត្រាស់ហៅបងប្អូន បើបងប្អូនមានភាពយ៉ាងណា ចូរម្នាក់ៗស្ថិតក្នុងភាពនោះ នៅចំពោះព្រះភក្ត្រព្រះអង្គតទៅមុខទៀតទៅ។
អ្នកមិនទាន់រៀបការ និងស្ត្រីមេម៉ាយ
២៥ រីឯអ្នកដែលមិនទាន់មានគូស្រករ ខ្ញុំពុំបានទទួលបញ្ជាអ្វីពីព្រះអម្ចាស់ទេ ក៏ប៉ុន្តែ ខ្ញុំសូមជូនយោបល់ ក្នុងនាមខ្ញុំជាមនុស្សគួរអោយទុកចិត្ត ព្រោះព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះរូបខ្ញុំ។
២៦ ខ្ញុំយល់ឃើញថា បើគ្មានគូស្រករដូច្នេះប្រសើរហើយ គឺយោងតាមសភាពការណ៍ដ៏តឹងតែងសព្វថ្ងៃនេះ បើមនុស្សមានភាពដូច្នេះប្រសើរមែន។
២៧ បើបងប្អូនមានប្រពន្ធហើយ កុំលែងនាងអោយសោះ! បើបងប្អូនមិនទាន់មានប្រពន្ធមិនបាច់រកប្រពន្ធទេ។
២៨ បើបងប្អូនរៀបការ មិនមែនមានន័យថា បងប្អូនប្រព្រឹត្តអំពើបាបឡើយ ហើយបើស្ត្រីក្រមុំម្នាក់រៀបការ នោះនាងក៏គ្មានបាបអ្វីដែរ ប៉ុន្តែ អ្នកដែលមានគូស្រករទាំងនោះ នឹងជួបប្រទះការលំបាកផ្សេងៗក្នុងជីវិតមិនខាន។ ខ្ញុំចង់អោយបងប្អូនចៀសផុតពីការលំបាកទាំងនោះ។
២៩ បងប្អូនអើយ ខ្ញុំសូមជំរាបបងប្អូនថា ពេលវេលាកាន់តែកៀកណាស់ហើយ។ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធហើយ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ
៣០ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាមិនមែនម្ចាស់ទ្រព្យ
៣១ ហើយអស់អ្នកដែលប្រើប្រាស់សម្បត្តិលោកីយ៍ ក៏ត្រូវកាន់ចិត្តដូចជាមិនបានប្រើប្រាស់ដែរ ដ្បិតពិភពលោកនេះនឹងត្រូវប្រែប្រួលជាមិនខាន។
៣២ ខ្ញុំមិនចង់អោយបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ ធ្វើយ៉ាងណាអោយបានគាប់ព្រះហឫទ័យព្រះអង្គ។
៣៣ រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាអោយបានគាប់ចិត្តប្រពន្ធ
៣៤ ហើយចិត្តអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្ត្រីដែលគ្មានប្ដី និងស្ត្រីក្រមុំ នាងខ្វល់ខ្វាយនឹងរឿងព្រះអម្ចាស់ ដើម្បីថ្វាយទាំងរូបកាយ ទាំងវិញ្ញាណទៅព្រះអង្គ។ រីឯស្ត្រីដែលមានប្ដីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះធ្វើយ៉ាងណាអោយបានគាប់ចិត្តប្ដី។
៣៥ ខ្ញុំនិយាយដូច្នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូន មិនមែនចង់បំបាត់សេរីភាពរបស់បងប្អូនទេ គឺខ្ញុំចង់អោយបងប្អូនរស់នៅបានល្អប្រសើរ ជាប់ចិត្តនឹងព្រះអម្ចាស់ដោយឥតរារែកឡើយ។
៣៦ ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា បើមិនរៀបការជាមួយគូដណ្ដឹងរបស់ខ្លួនទេ នឹងនាំអោយបាក់មុខ ហើយបើចិត្តរបស់គេឆាបឆួលចង់យកនាង ត្រូវធ្វើតាមចិត្តខ្លួននឹកឃើញទៅចុះ គឺរៀបការជាមួយនាងទៅ គ្មានបាបអ្វីទេ។
៣៧ រីឯអ្នកដែលប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ដោយគ្មាននរណាបង្ខំ គឺយល់ឃើញថា អាចទប់ចិត្តបាន ហើយសំរេចចិត្តថានឹងមិនប៉ះពាល់គូដណ្ដឹងរបស់ខ្លួនទេនោះ គាត់ធ្វើត្រឹមត្រូវហើយ។
៣៨ ដូច្នេះ អ្នកណារៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលមិនរៀបការវិញ ក៏រឹតតែប្រសើរថែមទៀត។
៣៩ ភរិយាត្រូវនៅជាប់នឹងប្ដីជានិច្ច ដរាបណាប្ដីនៅរស់ តែបើប្ដីស្លាប់ នាងមានសេរីភាពនឹងរៀបការជាមួយនរណាក៏បាន ស្រេចតែចិត្តនាងអោយតែរៀបការជាមួយអ្នកជឿព្រះអម្ចាស់ដូចគ្នា។
៤០ ក៏ប៉ុន្តែ តាមយោបល់ខ្ញុំ ប្រសិនបើនាងមិនយកប្ដីទៀតទេនោះ នាងនឹងបានសប្បាយជាង។ ខ្ញុំនិយាយដូច្នេះ ព្រោះខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់ជាមួយដែរ។