សិទ្ធិ​របស់​សាវ័ក
១ តើ​ខ្ញុំ​គ្មាន​សេរីភាព​ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​សាវ័ក*​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ឬ? តើ​បង​ប្អូន​មិន​មែន​ជា​ស្នាដៃ​របស់​ខ្ញុំ ក្នុង​ការ​បំរើ​ព្រះអម្ចាស់​ទេ​ឬ? ២ ទោះ​បី​មាន​អ្នក​ខ្លះ​មិន​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ក៏​ដោយ ក៏​បង​ប្អូន​ត្រូវ​តែ​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ដែរ។ ដោយ​បង​ប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះអម្ចាស់ បង​ប្អូន​ជា​ភស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខងារ​ជា​សាវ័ក​មែន។ ៣ ខ្ញុំ​សូម​ឆ្លើយ​ចំពោះ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ដូច​ត​ទៅ​នេះ: ៤ តើ​យើង​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​បាយ​ទឹក​ទេ​ឬ? ៥ តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ស្ត្រី​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀតៗ ដូច​បង​ប្អូន​របស់​ព្រះអម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ? ៦ ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បារណាបាស​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​តែ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត? ៧ មិន​ដែល​មាន​នរណា​បំរើ​កងទ័ព ហើយ​ចេញ​សោហ៊ុយ​ខ្លួន​ឯង​ឡើយ មិន​ដែល​មាន​នរណា​ដាំ​ទំពាំងបាយជូរ ហើយ​មិន​បរិភោគ​ផ្លែ​នោះ​ទេ ក៏​មិន​ដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសា​ទឹក​ដោះ​របស់​សត្វ​ក្នុង​ហ្វូង​នោះ​ដែរ។ ៨ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ត្រឹម​តែ​តាម​របៀប​របស់​មនុស្ស​ទេ សូម្បី​តែ​ក្នុង​ក្រឹត្យវិន័យ*​ក៏​មាន​ចែង​ដូច​គ្នា​ដែរ ៩ គឺ​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ​មាន​ចែង​ទុក​ថាៈ «កុំ​ឃ្លុំ​មាត់​គោ នៅ​ពេល​បញ្ជាន់​ស្រូវ​នោះ​ឡើយ»។ តាម​ពិត ព្រះជាម្ចាស់​មិន​ខ្វល់​ខ្វាយ​នឹង​គោ​ទេ ១០ ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ មក​ពី​ព្រះអង្គ​គិត​ដល់​យើង។ ពិត​មែន​ហើយ ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច្នេះ​សំរាប់​យើង។ អ្នក​ដែល​ភ្ជួរ​រាស់ ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល ហើយ​អ្នក​បោក​បែន ក៏​ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល​ដែរ។ ១១ យើង​បាន​សាប​ព្រោះ​ព្រះបន្ទូល​ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បង​ប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បង​ប្អូន តើ​មាន​អ្វី​គួរ​អោយ​អស្ចារ្យ! ១២ ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង​ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្តែ យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ត​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​អោយ​មាន​ឧបសគ្គ​ចំពោះ​ដំណឹងល្អ*​របស់​ព្រះគ្រិស្ដ*។ ១៣ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខងារ​ក្នុង​ព្រះវិហារ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ព្រះវិហារ ហើយ​អស់​អ្នក​ថ្វាយ​យញ្ញបូជា​នៅ​លើ​អាសនៈ* ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។ ១៤ រីឯ​ព្រះអម្ចាស់​វិញ ព្រះអង្គ​បាន​បង្គាប់​មក​ថា អស់​អ្នក​ដែល​ផ្សព្វផ្សាយ​ដំណឹងល្អ ត្រូវ​តែ​ចិញ្ចឹម​ជីវិត​ដោយសារ​ដំណឹងល្អ​នោះ។
១៥ ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាមទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្តិយស​នេះ ចេញ​ពី​ខ្ញុំ​បាន​ឡើយ។ ១៦ ខ្ញុំ​មិន​ត្រូវ​អួត​ថា​ការ​ផ្សាយ​ដំណឹងល្អ​ជា​កិត្តិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារកិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹងល្អ​ទេ សូម​អោយ​ខ្ញុំ​វេទនា​ទៅ​ចុះ!។ ១៧ ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​ផ្សាយ​ដំណឹងល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​បៀវត្សរ៍។ ផ្ទុយ​ទៅ​វិញ​បើ​កិច្ចការ​នេះ​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ព្រះអង្គ​ផ្ទុកផ្ដាក់​អោយ​ខ្ញុំ​ធ្វើ។ ១៨ ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​បៀវត្សរ៍​ឯ​ណា! បៀវត្សរ៍​របស់​ខ្ញុំ គឺ​អោយ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹងល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ឡើយ។ ១៩ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរីភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ។ ២០ កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ។ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យវិន័យ​ក៏​ដោយ កាល​ណា​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យវិន័យ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យវិន័យ​ដែរ។ ២១ កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ ដើម្បី​នាំ​ពួក​គេ​អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ)។ ២២ កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ។ ខ្ញុំ​ធ្វើ​អោយ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈទេសៈ​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។ ២៣ ព្រោះ​តែ​ដំណឹងល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​អោយ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹងល្អ​នោះ។
២៤ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា​ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង​ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​អោយ​បាន​ទទួល​រង្វាន់។ ២៥ អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែងតែ​លត់ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តំរា​គ្រប់​យ៉ាង ដើម្បី​អោយ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប​សូន្យ​ទៅ។ រីឯ​យើង​វិញ​យើង​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​រលាយ​សាប​សូន្យ​ឡើយ។ ២៦ ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទីដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ ២៧ ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹងតែង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹងល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។