ដានីអែល
(លោកដានីអែល)
១
ព្រះជាម្ចាស់ការពារយុវជនដានីយ៉ែល និងមិត្តភក្ដិ
១ នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាស្ដេចស្រុកយូដា ព្រះចៅនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូនលើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម។
២ ព្រះអម្ចាស់បានប្រគល់ព្រះបាទយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ព្រះវិហារ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូក្នេសា។ ព្រះចៅនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។
៣ ព្រះមហាក្សត្របានបញ្ជាទៅលោកអាសផ្នាស ជានាយកក្រុមមហាតលិក អោយនាំយុវជនខ្លះដែលជាប់ព្រះរាជវង្សរបស់ស្ដេចអ៊ីស្រាអែល ឬជាកូនចៅរបស់ពួកអភិជនមក។
៤ យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់ខ្ពស់មានកម្លាំងអាចបំរើព្រះមហាក្សត្រ។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរសាស្ត្រ និងភាសាខាល់ដេថែមទៀតផង។
៥ ព្រះមហាក្សត្របញ្ជាគេអោយយកព្រះស្ងោយ និងស្រាមួយចំណែកទៅអោយយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាអោយពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបំរើស្ដេច។
៦ ក្នុងចំណោមយុវជនទាំងនោះមានខ្លះជាជនជាតិយូដា គឺដានីយ៉ែល ហាណានា មីសាអែល និងអសារា។
៧ លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ: ដានីយ៉ែលហៅថាបេលថិស្សាសារ ហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមែសាក់ និងអសារាហៅថាអបេឌ-នេកោ។
៨ យុវជនដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ពីព្រះមហាក្សត្រទេ ក្រែងនាំអោយគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់អោយបរិភោគម្ហូបអាហារទាំងនោះ។
៩ ព្រះជាម្ចាស់ប្រោសប្រទានអោយនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់យុវជនដានីយ៉ែល។
១០ លោកនាយកក្រុមមហាតលិកពោលទៅកាន់យុវជនដានីយ៉ែលថា៖ «ខ្ញុំខ្លាចព្រះករុណាជាម្ចាស់ណាស់ ដ្បិតទ្រង់បានតំរូវអោយខ្ញុំយកម្ហូបអាហារ និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ ទ្រង់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។
១១ យុវជនដានីយ៉ែលពោលទៅកាន់លោកម្នាក់ ដែលនាយកក្រុមមហាតលិកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ ហាណានា មីសាអែល និងអសារាថា៖
១២ «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកអោយយើងខ្ញុំទទួលទានប៉ុណ្ណោះ។
១៣ បន្ទាប់មក សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗដែលបរិភោគព្រះស្ងោយរបស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំតាមការយល់ឃើញរបស់លោកចុះ!»។
១៤ លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។
១៥ លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និងមានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគព្រះស្ងោយរបស់ស្ដេចទៅទៀត។
១៦ ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្ដេចអោយយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និងទឹកអោយពួកគេប៉ុណ្ណោះ។
១៧ ព្រះជាម្ចាស់ប្រោសប្រទានអោយយុវជនទាំងបួននាក់នេះមានចំណេះវិជ្ជា ប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀតយុវជនដានីយ៉ែលចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។
១៨ លុះដល់ពេលដែលព្រះរាជាកំណត់អោយនាំពួកយុវជនទៅថ្វាយ លោកនាយកក្រុមមហាតលិកក៏នាំយុវជនទាំងនោះ ចូលទៅគាល់ព្រះចៅនេប៊ូក្នេសា។
១៩ ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនអោយធ្វើជាព្រះរាជបំរើ។
២០ ពេលស្ដេចសាកសួរអំពីរឿងអ្វីៗទាំងអស់ ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះ យុវជនទាំងបួននាក់ពូកែជាងគ្រូមន្តអាគម និងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូលដប់ដងទៅទៀត។
២១ លោកដានីយ៉ែលរស់នៅក្នុងរាជវាំង រហូតដល់ឆ្នាំទីមួយនៃរជ្ជកាលរបស់ព្រះចៅស៊ីរូស។