៤
ស្ដេចនេប៊ូក្នេសាសុបិនឃើញដើមឈើមួយដ៏ធំ
១ «យើងនេប៊ូក្នេសាជាព្រះមហាក្សត្រ ជូនចំពោះប្រជាជនទាំងអស់ ចំពោះប្រជាជាតិនានា និងចំពោះមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
២ យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់អោយអ្នករាល់គ្នាដឹងពីទីសំគាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗដែលព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសំដែងចំពោះយើង។
៣ ទីសំគាល់របស់ព្រះអង្គធំឧត្ដុង្គឧត្ដមណាស់
បាដិហារិយ៍របស់ព្រះអង្គ
ក៏ប្រកបដោយឫទ្ធិបារមីដែរ!
ព្រះរាជ្យរបស់ព្រះអង្គជារាជ្យស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែង
តរៀងទៅ។
៤ យើងនេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួលក្នុងព្រះបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។
៥ យើងបានសុបិនធ្វើអោយយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡាបន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។
៦ យើងអោយគេកោះហៅអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូនមកជួបយើង ដើម្បីកាត់ស្រាយសុបិននេះអោយយើង។
៧ ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។
៨ នៅទីបំផុតលោកដានីយ៉ែលចូលមក (លោកក៏មាននាមថា “បេលថិស្សាសារ”តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ យើងបានរៀបរាប់អោយលោកដឹងពីសុបិនរបស់យើងដូចតទៅ:
៩ “លោកបេលថិស្សាសារជាប្រមុខលើពួកគ្រូទាំងអស់អើយ យើងដឹងថាលោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន ហើយលោកដឹងការលាក់កំបាំងទាំងអស់។ ហេតុនេះសុំលោកកាត់ស្រាយន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលយើងបានឃើញក្នុងសុបិនអោយយើងដឹងផង។
១០ នៅពេលផ្ទំយើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖
នៅកណ្ដាលផែនដីមានដើមឈើមួយដើម
យ៉ាងខ្ពស់អស្ចារ្យ
១១ ដើមឈើនេះដុះកាន់តែធំឡើងៗ
ហើយមាំទៀតផង
ចុងរបស់វាខ្ពស់រហូតដល់មេឃ
សូម្បីតែអស់អ្នកដែលរស់នៅទីដាច់ស្រយាល
នៃផែនដីក៏មើលឃើញដើមឈើនេះដែរ។
១២ ដើមឈើនេះមានស្លឹកខៀវខ្ចី
មានផ្លែយ៉ាងច្រើនបរិបូណ៌
សំរាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់
សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា
បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា
ហើយសត្វលោកទាំងអស់ទទួលអាហារ
ពីដើមឈើនេះ។
១៣ ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលផ្ទំនោះគឺមាន:
ទេវតា*ដ៏វិសុទ្ធ*មួយរូបចុះពីលើមេឃមក
១៤ លោកស្រែកយ៉ាងខ្លាំងៗថា:
ចូររំលំដើមឈើនេះ និងកាប់មែកវាចោលទៅ
ចូរលះស្លឹក ជំរុះផ្លែរបស់វាអោយខ្ចាត់ខ្ចាយ
អោយសត្វទាំងឡាយរត់ចេញពីម្លប់របស់វា
ហើយអោយបក្សាបក្សីទាំងឡាយ
ហើរចេញពីមែករបស់វាដែរ!
១៥ ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី
ហើយយកច្រវាក់ដែក និងលង្ហិនមកចងវា
ទុកចោលក្នុងវាលស្មៅ
អោយជោកទឹកសន្សើមដែលធ្លាក់ពីលើមេឃ
ហើយអោយវាស៊ីស្មៅដូចសត្វធាតុ។
១៦ ដើមឈើនោះនឹងលែងមានចិត្តជាមនុស្ស
ទៀតហើយ តែមានចិត្តជាសត្វ
រហូតដល់គំរប់ប្រាំពីរខួប។
១៧ នេះជាការសំរេចរបស់ទេវតា
ជាបញ្ជារបស់ពួកអ្នកដ៏វិសុទ្ធ
ដើម្បីមនុស្សទាំងអស់ដឹងថា
ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ
របស់មនុស្សលោក
ព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន
ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ
ហើយព្រះអង្គលើកអ្នកដែលទន់ទាបជាងគេ
អោយឡើងគ្រងរាជ្យក៏បាន។
១៨ នេះជាសុបិនដែលយើងស្ដេចនេប៊ូក្នេសាបាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថិស្សាសារកាត់ស្រាយអត្ថន័យអោយយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះលោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។
លោកដានីយ៉ែលកាត់ស្រាយសុបិនរបស់ស្ដេច
១៩ ពេលនោះ លោកដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិតនាំអោយលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមអោយសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយអោយន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ!
២០ ព្រះករុណាបានឃើញដើមឈើដែលដុះកាន់តែធំឡើង មាំមួន និងមានចុងខ្ពស់ដល់មេឃ ហើយអស់អ្នកនៅតាមទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដែរ។
២១ ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ធ្វើជាអាហារសំរាប់សត្វលោកទាំងអស់ និងជំរកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។
២២ ដើមឈើនោះ គឺព្រះករុណាផ្ទាល់! បពិត្រព្រះរាជាទ្រង់បានចំរើនឡើង និងមានឫទ្ធិអំណាចក្រៃលែង ឋានៈរបស់ព្រះករុណាខ្ពង់ខ្ពស់រហូតដល់មេឃ។ ព្រះករុណាគ្រប់គ្រងរហូតដល់ទីដាច់ស្រយាលនៃផែនដី។
២៣ បន្ទាប់មក ព្រះករុណាឃើញទេវតាដ៏វិសុទ្ធ ដែលចុះពីលើមេឃមកពោលថា “ចូរកាប់រំលំដើមឈើនេះចោលទៅ ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី ហើយយកច្រវាក់ដែក និងលង្ហិនមកចងវាទុកចោលនៅក្នុងវាលស្មៅអោយជោកដោយទឹកសន្សើមធ្លាក់ពីលើមេឃ ហើយអោយវាស៊ីស្មៅដូចសត្វធាតុ រហូតដល់គំរប់ប្រាំពីរខួប”។
២៤ បពិត្រព្រះរាជា សុបិនរបស់ព្រះករុណាមានន័យបែបនេះ គឺព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសំរេចចំពោះព្រះករុណាជាអម្ចាស់ដូចតទៅ:
២៥ គេនឹងដេញព្រះករុណាចេញពីចំណោមមនុស្ស ទ្រង់នឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកថ្វាយព្រះករុណាសោយដូចគោដែរ។ ព្រះកាយរបស់ព្រះករុណានឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គំរប់ប្រាំពីរខួប គឺទាល់តែព្រះករុណាទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។
២៦ រីឯបញ្ជាអោយទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងថ្វាយរាជសម្បត្តិមកព្រះករុណាវិញ នៅពេលព្រះករុណាទទួលស្គាល់ព្រះជាអម្ចាស់សួគ៌។
២៧ ហេតុនេះបពិត្រព្រះរាជា សូមទ្រង់ប្រោសមេត្តាអោយទូលបង្គំថ្វាយយោបល់ចំពោះព្រះករុណាដូចតទៅ គឺសូមទ្រង់លះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសំដែងព្រះហឫទ័យអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះព្រះករុណានឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
២៨ ក្រោយមកហេតុការណ៍ទាំងនោះ កើតមានដល់ព្រះចៅនេប៊ូក្នេសាមែន
២៩ គឺដប់ពីរខែកន្លងមកពេលស្ដេចកំពុងតែយាងក្រសាលក្នុងព្រះបរមរាជវាំងនៅក្រុងបាប៊ីឡូន
៣០ ទ្រង់មានរាជឱង្ការថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើងដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។
៣១ ពេលស្ដេចមានរាជឱង្ការមិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។
៣២ គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោកអោយទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងអោយអ្នកស៊ីស្មៅដូចគោ រហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ»។
៣៣ រំពេចនោះហេតុការណ៍ក៏កើតឡើង ចំពោះព្រះចៅនេប៊ូក្នេសាមែន។ គេដេញស្ដេចចេញពីចំណោមមនុស្ស ទ្រង់សោយស្មៅដូចគោ ព្រះកាយទទឹកជោកទៅដោយទឹកសន្សើមដែលធ្លាក់ចុះពីលើមេឃ ព្រះកេសារបស់ស្ដេចដុះឡើងដូចស្លាបឥន្ទ្រី ហើយក្រចករបស់ព្រះអង្គប្រៀបបាននឹងក្រចកសត្វស្លាប។
៣៤ «លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរព្រះគុណព្រះដ៏ខ្ពង់ខ្ពស់បំផុតយើងសរសើរ និងលើកតម្កើងព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
៣៥ មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវតា និងចំពោះមនុស្សលោកតាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។
៣៦ នៅគ្រានោះយើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយសរាជសម្បត្តិសិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំអោយយើងវិលមកកាន់កាប់អំណាច គេលើកយើងអោយគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។
៣៧ ឥឡូវនេះ យើងនេប៊ូក្នេសាសូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។