១៥
ឆ្នាំ​ទី​ប្រាំពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល
១ «ប្រាំពីរ​ឆ្នាំ​ម្ដង អ្នក​ត្រូវ​តែ​លុប​បំណុល។ ២ ការ​លុប​បំណុល​នេះ​ត្រូវ​អនុវត្ត​ដូច​ត​ទៅ: ម្ចាស់​បំណុល​ទាំងឡាយ​ដែល​បាន​អោយ​ប្រាក់​អ្នក​ដទៃ​ខ្ចី ត្រូវ​លុប​បំណុល​នោះ។ កាល​ណា​គេ​ប្រកាស​ការ​លុប​បំណុល ដើម្បី​លើក​តម្កើង​ព្រះអម្ចាស់ ម្ចាស់​បំណុល​មិន​ត្រូវ​ទាមទារ​អោយ​អ្នក​ដទៃ ដែល​ជា​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន សង​ប្រាក់​វិញ​ឡើយ។ ៣ អ្នក​អាច​ទាមទារ​អោយ​ជន​បរទេស​សង​ប្រាក់ តែ​ត្រូវ​លុប​បំណុល​អោយ​បង​ប្អូន ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក។ ៤ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​អោយ​មាន​ជន​ក្រីក្រ​ឡើយ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​អ្នក​យ៉ាង​បរិបូណ៌ នៅ​ក្នុង​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​អោយ​អ្នក​កាន់​កាប់​ទុក​ជា​ចំណែក​មត៌ក។ ៥ ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​អោយ​នៅ​ថ្ងៃ​នេះ។ ៦  ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក។ អ្នក​អាច​ចង​ការ​ប្រាក់​អោយ​ប្រជាជាតិ​ជា​ច្រើន តែ​អ្នក​មិន​ត្រូវ​ខ្ចី​ប្រាក់​ពី​ពួក​គេ​ទេ អ្នក​នឹង​ត្រួតត្រា​លើ​ប្រជាជាតិ​ជា​ច្រើន តែ​ពួក​គេ​នឹង​មិន​ត្រួតត្រា​លើ​អ្នក​ឡើយ។
៧ ក្នុង​បណ្ដា​ក្រុង​នៃ​ស្រុក​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ ប្រសិន​បើ​មាន​បង​ប្អូន​ខ្លះ​របស់​អ្នក​ធ្លាក់​ខ្លួន​ក្រ មិន​ត្រូវ​មាន​ចិត្ត​កំណាញ់ ឥត​រវីរវល់​ជួយ​បង​ប្អូន​ដែល​ក្រ​នោះ​ឡើយ។ ៨ ផ្ទុយ​ទៅ​វិញ ត្រូវ​ជួយ​គាត់ ដោយ​អោយ​ខ្ចី​ប្រាក់​តាម​ចំនួន​ដែល​គាត់​ត្រូវ​ការ។​ ៩ ចូរ​ប្រយ័ត្ន មិន​ត្រូវ​មាន​ចិត្ត​អាក្រក់ ដោយ​គិត​ថា ឆ្នាំ​ទី​ប្រាំពីរ​ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល​កាន់​តែ​ខិត​ជិត ហើយ​អ្នក​ក៏​គ្មាន​ចិត្ត​មេត្តា​ដល់​បង​ប្អូន​ដែល​ក្រ​នោះ គឺ​មិន​ជួយ​អ្វី​ទាំង​អស់។ ពេល​គាត់​ទូល​ព្រះអម្ចាស់ ចោទ​ប្រកាន់​អ្នក នោះ​អ្នក​មុខ​ជា​មាន​បាប​មិន​ខាន។ ១០ ចូរ​ជូន​ប្រាក់​ទៅ​គាត់​ដោយ​មិន​ទើសទាល់ ដ្បិត​ធ្វើ​ដូច្នេះ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ១១ នៅ​ក្នុង​ស្រុក​តែងតែ​មាន​អ្នក​ក្រ​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក អោយ​មាន​ចិត្ត​ទូលាយ​ដល់​បង​ប្អូន​របស់​អ្នក ដែល​ក្រីក្រ កំសត់ ទុគ៌ត នៅ​ក្នុង​ស្រុក»។
ឆ្នាំ​ដែល​ត្រូវ​ដោះ​លែង​ខ្ញុំ​បំរើ
១២ «ប្រសិន​បើ​មាន​បង​ប្អូន​របស់​អ្នក ដែល​ជា​ជន​ជាតិ​ហេប្រឺ ទោះ​បី​ប្រុស ឬ​ស្រី​ក្ដី មក​លក់​ខ្លួន​អោយ​អ្នក ត្រូវ​អោយ​គេ​នៅ​បំរើ​អ្នក​ប្រាំ​មួយ​ឆ្នាំ។ លុះ​ដល់​ឆ្នាំ​ទី​ប្រាំពីរ ត្រូវ​ដោះ​លែង​គេ​អោយ​ទៅ​វិញ​ចុះ។ ១៣ ប៉ុន្តែ កុំ​ដោះ​លែង​គេ​អោយ​ទៅ​វិញ ដោយ​ដៃ​ទទេ​ឡើយ។ ១៤ ត្រូវ​យក​ភោគផល​ជា​ព្រះពរ ដែល​អ្នក​ទទួល​ពី​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​មាន​ចៀម ស្រូវ និង​ស្រា​ទំពាំងបាយជូរ ផ្ដល់​ជា​អំណោយ​ដល់​គេ​ផង។ ១៥ ត្រូវ​ចង​ចាំ​ថា អ្នក​ធ្លាប់​ធ្វើ​ជា​ទាសករ​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​រំដោះ​អ្នក។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ដូច្នេះ។
១៦ ប្រសិន​បើ​ខ្ញុំ​បំរើ​របស់​អ្នក​ពោល​ថា គេ​មិន​ចង់​ចេញ​ពី​ផ្ទះ​របស់​អ្នក ព្រោះ​គេ​ស្រឡាញ់​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ពេញ​ចិត្ត​នឹង​រស់​នៅ​ជា​មួយ​អ្នក ១៧ ត្រូវ​យក​ដែក​ចោះ​ត្រចៀក​អ្នក​បំរើ​នោះ នៅ​លើ​សន្លឹក​ទ្វារ​ផ្ទះ​របស់​អ្នក ហើយ​គេ​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​បំរើ​របស់​អ្នក រហូត​ត​ទៅ។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ស្រី​បំរើ​ដែរ។
១៨ ពេល​ដោះ​លែង​ខ្ញុំ​បំរើ អ្នក​មិន​ត្រូវ​នឹក​ស្ដាយ​ឡើយ ព្រោះ​គេ​បាន​នៅ​បំរើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ ហើយ​ធ្វើ​ការ​អោយ​អ្នក​បាន​ផល​ពីរ​ដង​លើស​កម្មករ ដែល​អ្នក​ជួល​មក​ធ្វើ​ការ​ទៅ​ទៀត។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ»។​
កូន​ដំបូង​របស់​សត្វ
១៩ «ត្រូវ​ញែក​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​អ្នក គឺ​កូន​គោ​ឈ្មោល និង​កូន​ចៀម​ឈ្មោល ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ប្រើ​កូន​ដំបូង​របស់​គោ សំរាប់​ភ្ជួរ​រាស់ ហើយ​ក៏​មិន​ត្រូវ​កាត់​រោម​កូន​ដំបូង​របស់​ចៀម​ដែរ។ ២០ រៀង​រាល់​ឆ្នាំ ចូរ​បរិភោគ​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស។ ២១ ប្រសិន​បើ​សត្វ​នោះ​ពិការ ខ្វិន​ជើង ខ្វាក់​ភ្នែក ឬ​មាន​ស្លាកស្នាម​កន្លែង​ណា​មួយ កុំ​យក​វា​ទៅ​ធ្វើ​យញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ។ ២២ ត្រូវ​បរិភោគ​សត្វ​នោះ​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ មនុស្ស​មិន​បរិសុទ្ធ ឬ​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​បាន​ដូច​គ្នា គឺ​ដូច​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។ ២៣ ប៉ុន្តែ កុំ​បរិភោគ​ឈាម​​ឡើយ ត្រូវ​ចាក់​ឈាម​នោះ​ទៅ​លើ​ដី ដូច​គេ​ចាក់​ទឹក»។