២៦
តង្វាយផលដំបូង
១ «ពេលណាអ្នកចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយជាកេរមត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ
២ ចូរយកផលដំបូងនៃភោគផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់សំរាប់សំដែងព្រះនាមរបស់ព្រះអង្គ។
៣ អ្នកត្រូវទៅជួបបូជាចារ្យដែលបំពេញមុខងារនៅគ្រានោះ ជំរាបលោកដូចតទៅ: “ថ្ងៃនេះ ខ្ញុំបាទសូមប្រកាស នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់លោកថា ខ្ញុំបាទបានចូលមកដល់ទឹកដី ដែលព្រះអង្គសន្យាជាមួយបុព្វបុរស*របស់យើងថា ប្រគល់អោយយើងខ្ញុំនេះហើយ”។
៤ បូជាចារ្យនឹងទទួលល្អីពីដៃរបស់អ្នក យកទៅតម្កល់នៅមុខអាសនៈព្រះអម្ចាស់ ជាព្រះរបស់អ្នក។
៥ ពេលនោះ អ្នកត្រូវពោលទៀតថា: “បុព្វបុរសរបស់ខ្ញុំបាទជាពនេចរ ជាតិអើរ៉ាម លោកបានទៅស្នាក់នៅស្រុកអេស៊ីប ដោយមានគ្នាមួយចំនួនតូចទៅជាមួយ។ នៅទីនោះ យើងខ្ញុំក្លាយជាប្រជាជាតិមួយដ៏ធំខ្លាំងពូកែ និងមានគ្នាច្រើន។
៦ ជនជាតិអេស៊ីបបានធ្វើបាប និងសង្កត់សង្កិនយើងខ្ញុំ ពួកគេប្រើយើងខ្ញុំអោយធ្វើការជាទាសករ។
៧ យើងខ្ញុំក៏ស្រែកអង្វរព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ ព្រះអង្គទតឃើញគេសង្កត់សង្កិនយើងខ្ញុំ ធ្វើអោយយើងខ្ញុំរងទុក្ខលំបាក និងវេទនាជាខ្លាំង។
៨ ព្រះអម្ចាស់បាននាំយើងខ្ញុំចាកចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងពូកែ ព្រះអង្គសំដែងមហិទ្ធិឫទ្ធិគួរស្ញែងខ្លាច ព្រមទាំងទីសំគាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។
៩ ព្រះអង្គនាំយើងខ្ញុំមកដល់ទីនេះ ហើយប្រទានស្រុកដ៏សម្បូណ៌សប្បាយអោយយើងខ្ញុំ។
១០ ហេតុនេះ ព្រះអម្ចាស់អើយ ទូលបង្គំសូមនាំយកផលដំបូងពីដីដែលព្រះអង្គប្រទានមកទូលបង្គំ”។ ត្រូវតម្កល់តង្វាយនោះនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយក្រាបថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក។
១១ បន្ទាប់មក ត្រូវជប់លៀងយ៉ាងសប្បាយជាមួយពួកលេវី និងជនបរទេសដែលរស់នៅជាមួយអ្នក ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានភោគផលទាំងប៉ុន្មានមកអោយអ្នក និងគ្រួសាររបស់អ្នក»។
តង្វាយមួយភាគដប់
១២ «នៅឆ្នាំទីបីជាឆ្នាំដែលត្រូវថ្វាយតង្វាយមួយភាគដប់។ ពេលណាអ្នកប្រមូលភោគផលទាំងប៉ុន្មានរបស់អ្នក ចំនួនមួយភាគដប់ទុកដោយឡែកហើយ ចូរប្រគល់តង្វាយនោះទៅអោយពួកលេវី ជនបរទេស ក្មេង កំព្រា និងស្ត្រីមេម៉ាយនៅតាមកន្លែងដែលអ្នករស់នៅ ដើម្បីអោយពួកគេមានអាហារបរិភោគឆ្អែតបរិបូណ៌។
១៣ ពេលនោះ អ្នកត្រូវទូលព្រះអម្ចាស់ ជាព្រះរបស់អ្នកថា: “អ្វីៗដែលទូលបង្គំញែកថ្វាយព្រះអង្គ ទូលបង្គំបានយកចេញពីផ្ទះរបស់ទូលបង្គំ ប្រគល់ទៅអោយពួកលេវី ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ស្របតាមបទបញ្ជាទាំងអស់ ដែលព្រះអង្គបង្គាប់មកទូលបង្គំ គឺទូលបង្គំពុំបានប្រព្រឹត្តបំពាន ឬភ្លេចបទបញ្ជាណាមួយរបស់ព្រះអង្គឡើយ។
១៤ នៅពេលទូលបង្គំកាន់ទុក្ខ ទូលបង្គំពុំបានបរិភោគតង្វាយមួយភាគដប់នេះទេ។ ទូលបង្គំពុំបានហូតយកទៅប្រើសំរាប់ការអ្វីដែលមិនបរិសុទ្ធ ហើយក៏ពុំបានយកទៅអោយគេ នៅពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ទូលបង្គំប្រព្រឹត្តតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។
១៥ បពិត្រព្រះអម្ចាស់ សូមទតពីស្ថានបរមសុខ ជាព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ហើយប្រទានពរដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ និងប្រទានពរដល់ទឹកដីដែលព្រះអង្គប្រទានមកយើងខ្ញុំ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺស្រុកដ៏សម្បូណ៌សប្បាយនេះ”»។
អ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអម្ចាស់
១៦ «ថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់អោយអ្នកប្រតិបត្តិតាមច្បាប់ និងវិន័យទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមអោយអស់ពីចិត្ត អស់ពីគំនិត។
១៧ ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថា ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ព្រះអង្គ គោរពច្បាប់ បទបញ្ជា និងវិន័យទាំងឡាយរបស់ព្រះអង្គ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គទៀតផង។
១៨ ថ្ងៃនេះព្រះអម្ចាស់យល់ព្រមទទួលអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គមានព្រះបន្ទូលប្រាប់អ្នក ហើយអ្នកត្រូវប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។
១៩ ព្រះអង្គនឹងធ្វើអោយអ្នកក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេក្នុងចំណោមប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ត្រដ៏វិសុទ្ធ សំរាប់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក»។