១២
១ ក្នុងពេលដែលអ្នកនៅក្មេងនៅឡើយ ត្រូវនឹកដល់ព្រះអាទិកររបស់អ្នក មុនពេលថ្ងៃវេទនាមកដល់ និងមុនពេលអាយុរបស់អ្នកកាន់តែជ្រេទៅៗហើយពេលនោះ អ្នកនឹងពោលថា «ខ្ញុំលែងសប្បាយក្នុងជីវិតទៀតហើយ»។
២ ត្រូវនឹកដល់ព្រះអង្គ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពក និងភ្លៀងមកដល់ផ្ទួនៗគ្នា។
៣ នៅថ្ងៃនោះអ្នកយាមផ្ទះនឹងរញីរញ័រ មនុស្សដ៏ខ្លាំងពូកែបែរជាកោងខ្នង ស្ត្រីៗដែលកិនម្សៅនឹងឈប់កិនមកពីខ្វះគ្នាជួយ ហើយអស់អ្នកដែលធ្លាប់តែសម្លឹងតាមបង្អួចប្រែជាងងឹតភ្នែក។
៤ ជីវិតរបស់អ្នកនឹងរសាត់បាត់ទៅ ដូចទ្វារដែលបែរទៅរកផ្លូវត្រូវគេបិទ ដូចសំឡេងត្បាល់កិនដែលឮកាន់តែខ្សោយទៅៗ ដូចសំឡេងបក្សាបក្សីស្ងាត់សូន្យទៅវិញ និងដូចសំឡេងស្ត្រីចំរៀងទាំងអស់ចុះខ្សោយ។
៥ ពេលនោះ អ្នកនឹងមិនហ៊ានឡើងទៅកាន់ទីខ្ពស់ៗហើយក៏មិនហ៊ានធ្វើដំណើរដែរ។ សក់របស់អ្នកនឹងស្កូវដូចផ្កាកប្បាស អ្នកលែងរហ័សរហួនដូចកណ្ដូប អ្នកនឹងលែងដឹងរសជាតិអាហារទៀតហើយ។ មនុស្សលោកចេះតែឈានទៅរកទីលំនៅដែលស្ថិតស្ថេររហូត។ ពួកស៊ីឈ្នួលយំនឹងដើរក្រឡឹងជុំវិញផ្ទះអ្នករង់ចាំពេលអ្នកស្លាប់។
៦ ពេលនោះ ខ្សែជីវិតត្រូវដាច់ដូចជាថូមាសបែក ដូចក្អមបែកនៅប្រភពទឹក ឬដូចរហាត់យោងទឹកបាក់ធ្លាក់ទៅក្នុងអណ្ដូង។
៧ ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលព្រះជាម្ចាស់ប្រទានអោយក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ។
៨ សាស្ដាបានថ្លែងថា អ្វីៗទាំងអស់សុទ្ធតែគ្មានន័យគ្មានខ្លឹមសារ និងឥតបានការ។
អវសានកថា
៩ សាស្ដាមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺលោកក៏បានបង្រៀនប្រជាជនអោយចេះដឹងដែរ លោកបានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗរួចចងក្រងជាសុភាសិតយ៉ាងច្រើន។
១០ សាស្ដាខិតខំស្វែងរកពាក្យពេចន៍ល្អៗមកបរិយាយឥតលំអៀង អំពីសេចក្ដីផ្សេងៗដែលត្រឹមត្រូវ។
១១ ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញប្រៀបដូចជាជន្លួញ ហើយពាក្យចងក្រងរបស់អ្នកប្រាជ្ញ ប្រៀបដូចជាដែកគោល ដែលគេបោះយ៉ាងជាប់។ ប្រាជ្ញាជាអំណោយទានរបស់ព្រះជាម្ចាស់ដែលជាគង្វាលដ៏ពិតប្រាកដតែមួយគត់។
១២ កូនអើយកុំបន្ថែមអ្វីពីលើពាក្យប្រៀនប្រដៅនេះឡើយ។ សៀវភៅដែលគេអាចសរសេរបានមានចំនួនច្រើនឥតគណនា ហើយការសិក្សាច្រើនរមែងធ្វើអោយរូបកាយនឿយហត់។
១៣ អ្វីៗទាំងប៉ុន្មានដូចមានបរិយាយខាងលើយើងអាចទាញជាសេចក្ដីសន្និដ្ឋានថា ត្រូវគោរពកោតខ្លាចព្រះជាម្ចាស់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាការដែលមនុស្សគ្រប់ៗរូបត្រូវធ្វើ។
១៤ ព្រះជាម្ចាស់នឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មាន ដែលមនុស្សធ្វើទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។