២
១ ខ្ញុំនិយាយមកខ្លួនឯងថា: «ឥឡូវនេះមកយើង! គិតតែពីសប្បាយ ហើយផ្ដោតអារម្មណ៍លើសុភមង្គលតែប៉ុណ្ណោះ»។ សូម្បីយ៉ាងនេះក្ដីក៏ឥតបានការដែរ។
២ ខ្ញុំគិតថា ការសើចសប្បាយជាការលេលា រីឯអំណររីករាយវិញ តើបានប្រយោជន៍អ្វី?
៣ ខ្ញុំបានសំរេចចិត្តយកសុរាជាត្រីមុខ ហើយរស់នៅដូចមនុស្សលេលា ប៉ុន្តែ ព្រមជាមួយគ្នានោះ ចិត្តគំនិតរបស់ខ្ញុំនៅតែចង់ធ្វើជាម្ចាស់លើប្រាជ្ញារបស់ខ្ញុំ ដើម្បីអោយបានដឹងច្បាស់ថាអ្វីទៅជាការល្អដែលមនុស្សត្រូវប្រព្រឹត្ត ក្នុងជីវិតដ៏ខ្លីរបស់គេនៅលើផែនដីនេះ។
៤ ខ្ញុំបានធ្វើកិច្ចការដ៏ប្រសើរជាច្រើន គឺខ្ញុំសង់ដំណាក់ផ្សេងៗ ហើយដាំចំការទំពាំងបាយជូរទុកសំរាប់ខ្លួនឯង
៥ ខ្ញុំធ្វើសួនច្បារ និងសួនឧទ្យាន ហើយខ្ញុំដាំដើមឈើស៊ីផ្លែគ្រប់មុខក្នុងសួននោះ។
៦ ខ្ញុំបានជីកស្រះយកទឹកស្រោចស្រពព្រៃ ដែលមានកូនឈើដុះដេរដាស។
៧ ខ្ញុំបានទិញអ្នកបំរើប្រុសស្រី ថែមពីលើអ្នកបំរើដែលកើតនៅក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏មានហ្វូងគោ និងហ្វូងចៀមច្រើនជាងស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។
៨ ខ្ញុំបានប្រមូលមាសប្រាក់ ព្រមទាំងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ស្ដេច និងនគរនានា។ ខ្ញុំរកបានអ្នកចំរៀងប្រុសស្រី និងអ្វីៗទាំងអស់ដែលមនុស្សប្រាថ្នាចង់បាន ហើយក៏មានស្ត្រីស្នំជាច្រើនផង។
៩ ខ្ញុំទទួលឋានៈដ៏ប្រសើរឧត្ដុង្គឧត្ដមលើសស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ប៉ុន្តែ ប្រាជ្ញាស្ថិតនៅជាមួយខ្ញុំដដែល។
១០ អ្វីៗដែលខ្ញុំប្រាថ្នាចង់បាន ខ្ញុំទទួលទាំងអស់។ ខ្ញុំតែងតែបំពេញតាមបំណងសប្បាយគ្រប់យ៉ាងរបស់ខ្ញុំ ដ្បិតខ្ញុំសប្បាយរីករាយនឹងការងារទាំងប៉ុន្មានដែលខ្ញុំធ្វើ គឺការសប្បាយនេះហើយ ជាផលនៃការងាររបស់ខ្ញុំ។
១១ បន្ទាប់មក ខ្ញុំពិចារណាមើលស្នាដៃទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងការនឿយហត់របស់ខ្ញុំ ដើម្បីសំរេចកិច្ចការទាំងនេះ ខ្ញុំយល់ឃើញថា អ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ កិច្ចការដែលធ្វើនៅលើផែនដីគ្មានប្រយោជន៍អ្វីឡើយ។
១២ ពេលនោះ ខ្ញុំបែរទៅពិចារណាមើលថា តើប្រាជ្ញា ភាពលេលា ឬការវង្វេងស្មារតីមានប្រយោជន៍អ្វី។ ខ្ញុំក៏ដណ្ដឹងសួរថា តើស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ នឹងប្រព្រឹត្តអ្វីផ្សេងពីស្ដេចមុនៗដែរឬ?
១៣ ខ្ញុំក៏យល់ឃើញដូចតទៅ: ប្រាជ្ញាមានតម្លៃជាងការវង្វេងស្មារតី ដូចពន្លឺមានតម្លៃជាងភាពងងឹត។
១៤ មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថាចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។
១៥ ខ្ញុំនឹកក្នុងចិត្តថា: ចុងបញ្ចប់របស់ខ្ញុំ ក៏ដូចជាចុងបញ្ចប់របស់មនុស្សលេលាដែរ។ ដូច្នេះ បើខ្ញុំមានប្រាជ្ញាច្រើនតើបានប្រយោជន៍អ្វី? ខ្ញុំនឹកក្នុងចិត្តថាត្រង់នេះក៏ឥតបានការដែរ
១៦ អ្នកប្រាជ្ញមិនខុសប្លែកពីមនុស្សលេលាទេ ដ្បិតគ្មាននរណានឹកនាដល់គេ រហូតអស់កល្បជានិច្ចឡើយ។ ពេលវេលាចេះតែកន្លងផុតទៅ ហើយមនុស្សក៏ភ្លេចអ្វីៗទាំងអស់ដែរ។ អ្នកប្រាជ្ញនឹងស្លាប់ដូចមនុស្សលេលា។
១៧ ហេតុនេះហើយបានជាខ្ញុំមិនចូលចិត្តជីវិតទេ ហើយខ្ញុំយល់ឃើញថា អ្វីៗដែលមនុស្សធ្វើនៅលើផែនដីសុទ្ធតែអាក្រក់ ព្រោះអ្វីៗទាំងអស់សុទ្ធតែឥតបានការដូចដេញចាប់ខ្យល់។
១៨ ខ្ញុំមិនចូលចិត្តការនឿយហត់ទាំងប៉ុន្មាន ដែលខ្ញុំខំធ្វើនៅលើផែនដីឡើយ ដ្បិតខ្ញុំត្រូវទុកទាំងអស់សំរាប់ស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ។
១៩ មួយវិញទៀតគ្មាននរណាដឹងថា ស្ដេចថ្មីនោះជាមនុស្សមានប្រាជ្ញា ឬមនុស្សលេលាទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ស្ដេចនោះនឹងគ្រប់គ្រងលើស្នាដៃទាំងប៉ុន្មានដែលខ្ញុំខំប្រឹងប្រែងធ្វើ ដោយប្រាជ្ញារបស់ខ្ញុំនៅលើផែនដី។ ត្រង់នេះក៏ឥតបានការដែរ។
២០ គិតដូច្នេះ ខ្ញុំក៏បាក់ទឹកចិត្ត ចំពោះការខំប្រឹងប្រែងទាំងប៉ុន្មានដែលខ្ញុំធ្វើនៅលើផែនដីនេះ។
២១ មនុស្សម្នាក់ខំប្រឹងធ្វើការយ៉ាងនឿយហត់ដោយប្រើប្រាជ្ញា ចំណេះ និងការស្ទាត់ជំនាញតែបែរជាទុកអ្វីៗដែលខ្លួនធ្វើអោយមនុស្សម្នាក់ទៀត ដែលពុំបានខំប្រឹងប្រែងទាល់តែសោះ។ ត្រង់នេះក៏ឥតបានការ ហើយជាការមួយដ៏អាក្រក់បំផុត។
២២ អ្នកដែលខំប្រឹងប្រែង ខ្វល់ខ្វាយធ្វើការនៅលើផែនដី ដើម្បីសំរេចតាមគោលបំណងរបស់ខ្លួនបែបនេះ តើបានប្រយោជន៍អ្វី?
២៣ ដ្បិតរៀងរាល់ថ្ងៃ មានតែទុក្ខកង្វល់ និងទុក្ខព្រួយ សូម្បីតែពេលយប់ចិត្តរបស់គេក៏មិនស្ងប់។ ត្រង់នេះក៏ឥតបានការដែរ។
២៤ ដូច្នេះសំរាប់មនុស្ស គ្មានអ្វីប្រសើរជាងការស៊ីផឹក ព្រមទាំងគិតតែពីសប្បាយនឹងកិច្ចការដែលខ្លួនខំប្រឹងធ្វើនោះឡើយ។ ប៉ុន្តែ ត្រង់នេះទៀតខ្ញុំឃើញថា ព្រះជាម្ចាស់ទេតើដែលប្រទានអោយ។
២៥ ប្រសិនបើព្រះជាម្ចាស់មិនប្រោសប្រទានទេនោះ គ្មាននរណាម្នាក់អាចបរិភោគ ឬសប្បាយចិត្តបានឡើយ
២៦ ដ្បិតព្រះជាម្ចាស់ប្រទានប្រាជ្ញា ការចេះដឹង និងអំណរ ដល់អ្នកដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯមនុស្សបាបវិញ ព្រះអង្គប្រទានអោយគេខ្វល់ខ្វាយ គិតតែពីប្រមូលទ្រព្យសម្បត្តិ ប្រគល់អោយអស់អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។