១៣
ព្រះបន្ទូល​ប្រឆាំង​នឹង​ព្យាការី​ក្លែងក្លាយ
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ ២ «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ព្រះបន្ទូល ប្រឆាំង​នឹង​ពួក​ព្យាការី​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ចូរ​ប្រាប់​ពួក​ព្យាការី​ដែល​បាន​ទស្សន៍ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ថា: ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់!។ ៣  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា: ព្យាការី​ល្ងីល្ងើ​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ! អ្នក​រាល់​គ្នា​ទស្សន៍ទាយ​តាម​ការ​នឹក​ឃើញ​របស់​ខ្លួន គឺ​ឥត​បាន​ឃើញ​និមិត្តហេតុ​ពី​ព្រះជាម្ចាស់​ឡើយ។ ៤ ឱ​អ៊ីស្រាអែល​អើយ ព្យាការី​របស់​អ្នក​ប្រៀប​បាន​នឹង​កញ្ជ្រោង ដែល​រស់​នៅ​តាម​គំនរ​បាក់​បែក! ៥ ព្យាការី​ក្លែងក្លាយ​អើយ អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​ជួសជុល​កំពែង​ធ្លុះធ្លាយ អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​របង ដើម្បី​អោយ​ពូជពង្ស​អ៊ីស្រាអែល​ការពារ​ខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម នៅ​ថ្ងៃ​ដែល​ព្រះអម្ចាស់​ព្រះពិរោធ​​ទេ។ ៦ អ្នក​រាល់​គ្នា​រៀប​រាប់​ពី​និមិត្តហេតុ​ឥត​បាន​ការ និង​ពាក្យ​ទស្សន៍ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់” តែ​ព្រះអម្ចាស់​ពុំ​បាន​ចាត់​អ្នក​រាល់​គ្នា​មក​ទេ។ អ្នក​រាល់​គ្នា​សង្ឃឹម​ថា ពាក្យ​របស់​ខ្លួន​នឹង​សំរេច​ជា​រូប​រាង។ ៧ និមិត្តហេតុ​ដែល​អ្នក​រាល់​គ្នា​រៀប​រាប់​នោះ សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ទស្សន៍ទាយ​សុទ្ធ​តែ​កុហក! អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់!” តែ​យើង​ពុំ​បាន​និយាយ​ឡើយ»។ ៨ ហេតុ​នេះ​ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «ដោយ​អ្នក​រាល់​គ្នា​ពោល​តែ​ពាក្យ​ឥត​បាន​ការ ហើយ​រៀប​រាប់​អំពី​និមិត្តហេតុ​កុហក យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ៩ ពួក​ព្យាការី​ក្លែងក្លាយ​អើយ យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​រៀប​រាប់​អំពី​និមិត្តហេតុ​ឥត​បាន​ការ និង​ទស្សន៍ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង ហើយ​ក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ របស់​ពូជពង្ស​អ៊ីស្រាអែល​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រាអែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះជាអម្ចាស់​មែន។
១០ ព្យាការី​ទាំង​នោះ​បាន​នាំ​ប្រជាជន​របស់​យើង​អោយ​វង្វេង ដោយ​ពោល​ថា មាន​សន្តិភាព​ហើយ! តែ​គ្មាន​សន្តិភាព​ទាល់​តែ​សោះ។ ប្រជាជន​របស់​យើង​សង់​ជញ្ជាំង ហើយ​ព្យាការី​ទាំង​នោះ​នាំ​គ្នា​បូក​បាយអ​ពី​លើ។ ១១ ចូរ​ប្រកាស​ប្រាប់​អ្នក​បូក​បាយ​អ​ទាំង​នោះ​ថា: ជញ្ជាំង​នេះ​មុខ​ជា​រលំ​មិន​ខាន! ភ្លៀង​នឹង​បង្អុរ​មក​យ៉ាង​ខ្លាំង ព្រឹល​ក៏​ធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​ក៏​កើត​មាន​ដែរ ពេល​នោះ ជញ្ជាំង​នឹង​រលំ​បាក់​បែក​អស់។ ១២ ពេល​ជញ្ជាំង​រលំ​គេ​នឹង​សួរ​អ្នក​រាល់​គ្នា តើ​បាយអ​ដែល​អ្នក​រាល់​គ្នា​បូក​នោះ​ទៅ​ណា​បាត់​ហើយ?»។ ១៣ ហេតុ​នេះ​ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ធ្វើ​អោយ​មាន​ព្យុះ​បក់​បោក​មក​តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង ហើយ​នឹង​មាន​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង តាម​កំហឹង​របស់​យើង ព្រឹល​នឹង​ធ្លាក់​ចុះ​មក​យ៉ាង​សាហាវ​ធ្វើ​អោយ​ជញ្ជាំង​រលំ។ ១៤ យើង​នឹង​កំទេច​ជញ្ជាំង​ដែល​អ្នក​រាល់​គ្នា​បូក​បាយអ​ពី​លើ យើង​នឹង​ធ្វើ​អោយ​ជញ្ជាំង​នោះ​រលំ​ដល់​ដី គ្រឹះ​របស់​វា​នឹង​រលើង ហើយ​ជញ្ជាំង​រលំ​សង្កត់​លើ​អ្នក​រាល់​គ្នា។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ១៥ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ជញ្ជាំង​នោះ ព្រម​ទាំង​អស់​អ្នក​ដែល​បូក​បាយអ តាម​កំហឹង​របស់​យើង​រហូត​ដល់​ចប់​ចុង​ចប់​ដើម។ គេ​នឹង​ពោល​ថា: គ្មាន​ជញ្ជាំង គ្មាន​អ្នក​បូក​បាយអ ១៦ គ្មាន​ព្យាការី​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទស្សន៍ទាយ​អំពី​ក្រុង​យេរូសាឡឹម និង​រៀប​រាប់​អំពី​និមិត្តហេតុ​ដែល​ថា ក្រុង​នេះ​នឹង​មាន​សន្តិភាព​តែ​គ្មាន​សន្តិភាព​សោះ!​ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
ព្រះបន្ទូល​ប្រឆាំង​នឹង​ព្យាការិនី​ក្លែងក្លាយ
១៧ កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្រីៗ​នៃ​ប្រជាជន​របស់​អ្នក ដែល​ទស្សន៍ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ចូរ​ថ្លែង​ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រី​ទាំង​នោះ​ទៅ! ១៨ ចូរ​ពោល​ទៅ​ពួក​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: វេទនា​ហើយ​ស្រីៗ​ដែល​វេញ​អំបោះ​អោយ​ប្រជាជន​ទាំង​អស់​ពាក់​នៅ​ក​ដៃ និង​ដេរ​ឆ្នួត​អោយ​ប្រជាជន​គ្រប់​អាយុ​ពាក់​នៅ​លើ​ក្បាល ដើម្បី​ខាប​ព្រលឹង! ពួក​នាង​ខាប​ព្រលឹង​ប្រជាជន​របស់​យើង ហើយ​នឹក​ស្មាន​ថា អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឬ? ១៩ ពួក​នាង​បន្ថោក​យើង​នៅ​ចំពោះ​មុខ​ប្រជាជន​របស់​យើង ព្រោះ​ចង់​បាន​អង្ករ​ពីរ​បី​ក្ដាប់ និង​នំបុ័ង​ពីរ​បី​ដុំ។ ពួក​នាង​បោក​ប្រាស់​ប្រជាជន​របស់​យើង ដ្បិត​គេ​ឆាប់​ជឿ​ពាក្យ​កុហក​របស់​ពួក​នាង​ធ្វើ​ដូច្នេះ​ពួក​នាង​សម្លាប់​អស់​អ្នក​ដែល​មិន ត្រូវ​ស្លាប់ តែ​ទុក​ជីវិត​អោយ​អស់​អ្នក​ដែល​មិន​ត្រូវ​រស់»។
២០ ហេតុ​នេះ​ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​ប្រឆាំង​នឹង​អំបោះ ដែល​ពួក​នាង​ប្រើ​សំរាប់​ខាប​ព្រលឹង។ យើង​នឹង​យក​អំបោះ​ទាំង​នោះ​ចេញ​ពី​ដៃ​របស់​ពួក​នាង ហើយ​ដោះ​លែង​ព្រលឹង​ដែល​ពួក​នាង​ចាប់​យក​មក​ឃុំឃាំង។ ២១ យើង​នឹង​ហែក​ឆ្នួត​របស់​ពួក​នាង ព្រម​ទាំង​ដោះ​លែង​ប្រជាជន​របស់​យើង​ពី​កណ្ដាប់​ដៃ​ពួក​នាង ហើយ​ពួក​នាង​មិន​អាច​ចាប់​ពួក​គេ​ទុក​ជា​រំពា​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​បាន​ឡើយ។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ២២ ដោយសារ​ពាក្យ​កុហក ពួក​នាង​បំបាក់​ទឹក​ចិត្ត​របស់​មនុស្ស​សុចរិត ដែល​យើង​ពុំ​បាន​ធ្វើ​អោយ​ពិបាក​ចិត្ត។ ពួក​នាង​លើក​ទឹក​ចិត្ត​មនុស្ស​អាក្រក់ អោយ​ដើរ​ក្នុង​ផ្លូវ​អាក្រក់​ត​ទៅ​ទៀត មិន​អោយ​គេ​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​ដើម្បី​ទទួល​ជីវិត​ឡើយ។ ២៣ ពួក​នាង​នឹង​លែង​ប្រឌិត​និមិត្តហេតុ​ដ៏​ឥត​បាន​ការ ហើយ​ក៏​លែង​ទស្សន៍ទាយ​ទៀត​ដែរ។ យើង​នឹង​ដោះ​លែង​ប្រជារាស្ត្រ​របស់​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​នាង។ ពេល​នោះ ពួក​នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន»។