១៦
យេរូសាឡឹម​ប្រៀប​បាន​នឹង​ស្ត្រី​ផិត​ក្បត់
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ ២ «កូន​មនុស្ស​អើយ! ចូរ​ប្រាប់​អ្នក​ក្រុង​យេរូសាឡឹម​អោយ​ដឹង​ពី​អំពើ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។ ៣ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះជាអម្ចាស់ មាន​ព្រះបន្ទូល​មក​កាន់​ក្រុង​យេរូសាឡឹម​ដូច​ត​ទៅ: នាង​មាន​កំណើត​នៅ​ស្រុក​កាណាន។ ឪពុក​របស់​នាង​ជា​សាសន៍​អាម៉ូរី ម្ដាយ​របស់​នាង​ជា​សាសន៍​ហេត។ ៤ នៅ​ថ្ងៃ​ដែល​នាង​កើត គេ​មិន​បាន​កាត់​ផ្ចិត​នាង​ទេ គេ​មិន​បាន​យក​ទឹក​មក​លាង​សំអាត​នាង គេ​មិន​បាន​យក​អំបិល​ មក​លាប​នាង ហើយ​គេ​ក៏​មិន​បាន​យក​សំពត់​មក​រុំ​នាង​ដែរ។ ៥ គ្មាន​នរណា​យក​ភ្នែក​មើល​នាង​ទេ ហើយ​ក៏​គ្មាន​នរណា​ថែ​ទាំ​នាង​ដែរ។ ផ្ទុយ​ទៅ​វិញ​នៅ​ថ្ងៃ​នាង​កើត គេ​ស្អប់​ខ្ពើម​នាង ហើយ​យក​នាង​ទៅ​បោះ​ចោល​នៅ​វាល​ស្រែ។ ៦ យើង​បាន​ដើរ​កាត់​តាម​នោះ​ឃើញ​នាង​កំពុង​តែ​បំរះ​ក្នុង​ថ្លុក​ឈាម យើង​ក៏​ប្រាប់​នាង​ថា ចូរ​មាន​ជីវិត​ឡើង! ទោះ​បី​នាង​ស្ថិត​នៅ​ក្នុង​ឈាម​ក៏​ដោយ ចូរ​មាន​ជីវិត​ឡើង! ៧ យើង​បាន​ធ្វើ​អោយ​នាង​ចំរើន​ឡើង​ដូច​ដំណាំ​លូត​លាស់​នៅ​តាម​ចំការ។ នាង​ក៏​បាន​ចំរើន​ធំ​ឡើង​ពេញ​រូប​ពេញ​រាង មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ នាង​គ្មាន​សម្លៀកបំពាក់​បិទបាំង​កាយ​ទេ។ ៨ យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​ពេញ​វ័យ ដល់​ពេល​មាន​គូស្រករ​ហើយ យើង​ក៏​លាត​អាវ​ធំ​របស់​យើង​បិទបាំង​រូប​កាយ​នាង។ យើង​បាន​សន្យា​យ៉ាង​ឱឡារិក ហើយ​ចង​សម្ពន្ធមេត្រី​ជា​មួយ​នាង​ ដើម្បី​អោយ​នាង​បាន​ទៅ​ជា​ភរិយា​របស់​យើង -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
៩ យើង​បាន​យក​ទឹក​មក​លាង​នាង ហើយ​ជំរះ​ឈាម​ដែល​ប្រឡាក់​រូប​កាយ​នាង រួច​ចាក់​ប្រេង​ក្រអូប​លាប​នាង​ទៀត​ផង។ ១០ យើង​បាន​អោយ​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ប៉ាក់​មក​នាង យើង​យក​ស្បែក​ជើង​ដ៏​ល្អ​វិសេស​មក​ពាក់​អោយ​នាង ហើយ​ក៏​យក​ស្បៃ​ដ៏​ល្អ​ប្រណីត និង​អាវ​ធំ​ធ្វើ​ពី​សូត្រ​មក​ពាក់​អោយ​នាង​ដែរ។ ១១ យើង​យក​គ្រឿង​អលង្ការ​មក​ពាក់​អោយ​នាង គឺ​មាន​ខ្សែ​ដៃ ខ្សែ​ក ១២ ក្រវិល​ទំហូ និង​មកុដ​ដ៏​ភ្លឺ​ផ្លេក។ ១៣ នាង​ពាក់​សុទ្ធ​តែ​មាស និង​ប្រាក់ ស្លៀក​សម្លៀកបំពាក់​ដ៏​ល្អ​ប្រណីត ធ្វើ​អំពី​សូត្រ និង​ក្រណាត់​ប៉ាក់​ដ៏​មាន​តម្លៃ។ នាង​បរិភោគ​សុទ្ធ​តែ​ម្ហូប​អាហារ​ឆ្ងាញ់​ពិសេស គឺ​ម្ហូប​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ ទឹក​ឃ្មុំ និង​ប្រេង​ដ៏​មាន​តម្លៃ។ នាង​មាន​រូប​ឆោម​លោម​ពណ៌​កាន់​តែ​ស្អាត​ឡើងៗ ហើយ​ទទួល​ឋានៈ​ជា​ព្រះមហាក្សត្រិយានី។ ១៤ កេរ្តិ៍​ឈ្មោះ​របស់​នាង​ល្បី​រន្ទឺ​សុសសាយ ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ ព្រោះ​នាង​មាន​សម្ផស្ស​ល្អ​ឥត​ខ្ចោះ និង​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដែល​យើង​ប្រគល់​អោយ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
១៥ ប៉ុន្តែ នាង​អួតអាង​លើ​រូប​សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ ហើយ​ក្លាយ​ទៅ​ជា​ស្រី​ពេស្យា​ ដោយ​ប្រគល់​ខ្លួន​អោយ​អស់​អ្នក​ដែល​ដើរ​កាត់​មុខ​នាង។ ១៦ នាង​យក​សម្លៀកបំពាក់​របស់​នាង ជា​សម្លៀកបំពាក់​ធ្វើ​ពី​ក្រណាត់​ចំរុះ​ពណ៌​ទៅ​តាក់​តែង​ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ហើយ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​នៅ​ទី​នោះ - ពី​មុន​ក្ដី នៅ​ពេល​ខាង​មុខ​ក្ដី មិន​ដែល​មាន​រឿង​ដូច្នេះ​កើត​ឡើង​ទេ -។ ១៧ នាង​យក​គ្រឿង​អលង្ការ​មាស​ប្រាក់ ដែល​យើង​អោយ​ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​ប្រុសៗ រួច​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​រូប​ទាំង​នោះ។ ១៨ នាង​យក​អាវ​ប៉ាក់​របស់​នាង​ទៅ​ដណ្ដប់​រូប​ទាំង​នោះ ព្រម​ទាំង​យក​ប្រេង និង​គ្រឿង​ក្រអូប​របស់​យើង​ទៅ​លាប​អោយ​ផង។ ១៩ រីឯ​អាហារ ម្សៅ​ដ៏​ម៉ដ្ដ ប្រេង និង​ទឹក​ឃ្មុំ​ដែល​យើង​ចែក​អោយ​នាង​បរិភោគ នាង​បែរ​ជា​យក​ទៅ​ធ្វើ​ជា​គ្រឿង​សក្ការបូជា​ផ្គាប់​ចិត្ត​រូប​ទាំង​នោះ​ទៅ​វិញ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ២០ នាង​ពុំ​ស្កប់​ចិត្ត​នឹង​អំពើ​ពេស្យាចារ​ទេ គឺ​នាង​បាន​យក​កូន​ប្រុស​កូន​ស្រី​ដែល​នាង​បាន​បង្កើត​អោយ​យើង ទៅ​ធ្វើ​យញ្ញបូជា​ដល់​រូប​ទាំង​នោះ​ទៀត​ផង! ២១ នាង​បាន​អារ ក​កូន​ប្រុស​របស់​យើង ហើយ​ដុត​ថ្វាយ​រូប​ទាំង​នោះ។ ២២ ក្នុង​ពេល​ដែល​នាង​ឈ្លក់​នឹង​អំពើ​ពេស្យាចារ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម​ទាំង​នេះ នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​ដែល​នាង​នៅ​ពី​ក្មេង គ្មាន​សម្លៀកបំពាក់​បិទបាំង​កាយ ហើយ​បំរះ​នៅ​ក្នុង​ថ្លុក​ឈាម​នោះ​ទេ។
២៣ នាង​នឹង​ត្រូវ​វេទនា ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ២៤ នាង​បាន​សង់​ខ្ទម សំរាប់​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​គ្រប់​ទី​កន្លែង ២៥ គឺ​នាង​សង់​នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​ប្រើ​សម្រស់​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។ នាង​ប្រគល់​ខ្លួន​ទៅ​អោយ​អស់​អ្នក​ដើរ​កាត់​តាម​នោះ នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​កាន់​តែ​ច្រើន​ឡើងៗ។ ២៦ នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​ជន​ជាតិ​អេស៊ីប​ ជា​អ្នក​ជិត​ខាង​ដែល​មាន​កម្លាំង​មាំមួន។ នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​កាន់​តែ​ច្រើន​ឡើងៗ រហូត​ដល់​ធ្វើ​អោយ​យើង​ខឹង។ ២៧ ហេតុ​នេះ​បាន​ជា​យើង​សំដែង​បារមី​ប្រឆាំង​នឹង​នាង យើង​កាត់​បន្ថយ​ទឹក​ដី​របស់​នាង ហើយ​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ គឺ​ពួក​ភីលីស្ទីន​ដែល​នឹក​ខ្មាស​ចំពោះ​អំពើ​ថោក​ទាប​របស់​នាង។ ២៨ ដោយ​នាង​ពុំ​ស្កប់​ចិត្ត នាង​ក៏​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​ជន​ជាតិ​អាស្ស៊ីរី​។ ប៉ុន្តែ ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​អ្នក​ទាំង​នោះ​ក្ដី ក៏​នាង​នៅ​តែ​ពុំ​ស្កប់​ដដែល។ ២៩ នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​កាន់​តែ​ច្រើន​ឡើងៗ​ជា​មួយ​ជន​ជាតិ​បាប៊ីឡូន​ជា​អ្នក​ជំនួញ ប៉ុន្តែ នាង​នៅ​តែ​ពុំ​ស្កប់​ចិត្ត​ដដែល។ ៣០ នាង​មាន​ចិត្ត​សាវ៉ា​ណាស់ នាង​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ដែល​ជា​អំពើ​របស់​មេ​បន​ពេស្យា! - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ៣១ រៀង​រាល់​ពេល​ដែល​នាង​សង់​ខ្ទម​នៅ​តាម​ច្រក​ផ្លូវ ហើយ​រៀបចំ​កន្លែង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​គ្រប់​ទិសទី នាង​ពុំ​បាន​ទារ​ប្រាក់​ដែល​ស្រី​ពេស្យា​ធ្លាប់​ទារ​នោះ​ទេ។ ៣២ នាង​ជា​ស្ត្រី​ផិត​ប្ដី ទៅ​ស្រឡាញ់​ប្រុស​ដទៃ។ ៣៣ ធម្មតា​ស្រី​ពេស្យា​តែង​តែ​ទទួល​ជំនូន រីឯ​នាង នាង​បែរ​ជា​យក​ជំនូន​ទៅ​អោយ​សហាយ​របស់​ខ្លួន​ទៅ​វិញ។ នាង​យក​ជំនូន​ទៅ​ទាក់ទាញ​ពួក​គេ​ពី​គ្រប់​ទី​កន្លែង មក​រួម​ផិត​ក្បត់​ជា​មួយ​នាង។ ៣៤ នាង​ប្រព្រឹត្ត​ផ្ទុយ​ពី​ស្រី​ពេស្យា​ឯ​ទៀតៗ​គ្មាន​នរណា​ស្វែង​រក​នាង គ្មាន​នរណា​បង់​ប្រាក់​នាង​ទេ ផ្ទុយ​ទៅ​វិញ​នាង​បែរ​ជា​បង់​ប្រាក់​អោយ​គេ គឺ​នាង​ធ្វើ​ផ្ទុយ​ពី​អ្នក​ដទៃ។
៣៥ ឥឡូវ​នេះ ស្រី​ពេស្យា​អើយ ចូរ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់! ៣៦  ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: នាង​បើក​កេរខ្មាស យក​រូប​កាយ​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​ជា​មួយ​ពួក​សហាយ​របស់​នាង និង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​នាង ហើយ​យក​ឈាម​កូន​របស់​ខ្លួន​ទៅ​សែន​ព្រះ​ទាំង​នោះ។ ៣៧ ហេតុ​នេះ​យើង​នឹង​ប្រមូល​សហាយ​ទាំង​អស់​ដែល​ពេញ​ចិត្ត​នាង គឺ​ទាំង​អ្នក​ដែល​នាង​ស្រឡាញ់ ទាំង​អ្នក​ដែល​នាង​ស្អប់ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទី​កន្លែង​អោយ​មក​ប្រឆាំង​នឹង​នាង។ យើង​នឹង​យក​សម្លៀកបំពាក់​ចេញ​ពី​នាង ហើយ​បើក​កេរខ្មាស​របស់​នាង​អោយ​ពួក​គេ​ឃើញ។ ៣៨ យើង​នឹង​ដាក់​ទោស​នាង ដូច​គេ​ដាក់​ទោស​ស្រី​ផិត​ប្ដី និង​ស្រី​ឃាតក យើង​នឹង​អោយ​គេ​បង្ហូរ​ឈាម​នាង​តាម​កំហឹង និង​ចិត្ត​ប្រច័ណ្ឌ​របស់​យើង។ ៣៩ យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សហាយ​របស់​នាង។ ពួក​គេ​នឹង​កំទេច​ខ្ទម ព្រម​ទាំង​កន្លែង​ដែល​នាង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ពួក​គេ​នឹង​យក​សម្លៀកបំពាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​នាង​ទុក​អោយ​នាង​នៅ​ខ្លួន​ទទេ។ ៤០ ពួក​គេ​នឹង​ប្រមូល​បណ្ដាជន​មក ហើយ​យក​ដុំ​ថ្ម​គប់​នាង និង​យក​ដាវ​ចាក់​ទម្លុះ​នាង។ ៤១ ពួក​គេ​នឹង​ដុត​ផ្ទះ​របស់​នាង ពួក​គេ​នឹង​កាត់​ទោស​នាង​អោយ​ស្រី​ជា​ច្រើន​ឃើញ។ យើង​នឹង​បញ្ឈប់​អំពើ​ពេស្យាចារ​របស់​នាង នាង​លែង​បង់​ប្រាក់​អោយ​សហាយ​របស់​នាង​ទៀត​ហើយ។ ៤២ ពេល​ដាក់​ទោស​នាង​រួច​ហើយ យើង​នឹង​រសាយ​កំហឹង។ យើង​លែង​ប្រច័ណ្ឌ យើង​ស្ងប់​ចិត្ត​លែង​ខឹងសម្បារ​នឹង​នាង​ទៀត។ ៤៣ ដោយ​នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​នាង​នៅ​ពី​ក្មេង ហើយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ធ្វើ​អោយ​យើង​ខឹង នោះ​យើង​នឹង​ដាក់​ទោស​នាង​តាម​អំពើ​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម ថែម​ពី​លើ​អំពើ​ដ៏​ថោក​ទាប - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
ក្រុង​យេរូសាឡឹម​អាក្រក់​ជាង​ក្រុង​ឯ​ទៀតៗ
៤៤ អ្នក​ចង​ក្រង​សុភាសិត មុខ​ជា​យក​សុភាសិត​មួយ​នេះ​មក​និយាយ​អំពី​នាង​ថា “ម្ដាយ​យ៉ាង​ណា​កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ!”។ ៤៥ នាង​ពិត​ជា​កូន​ដែល​កាត់​ទៅ​ម្ដាយ ម្ដាយ​របស់​នាង​ស្អប់​ប្ដី និង​កូន​របស់​ខ្លួន។ នាង​ក៏​កាត់​ទៅ​បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​ដែរ អ្នក​ទាំង​នោះ​ស្អប់​ប្ដី និង​កូន​របស់​ខ្លួន។ ម្ដាយ​របស់​នាង​ជា​សាសន៍​ហេត រីឯ​ឪពុក​របស់​នាង​ជា​សាសន៍​អាម៉ូរី។ ៤៦ បង​ស្រី​របស់​នាង​គឺ​សាម៉ារី​ដែល​ស្ថិត​នៅ​ខាង​ជើង ព្រម​ទាំង​ស្រុក​ភូមិ​ជុំវិញ។ ប្អូន​ស្រី​របស់​នាង​គឺ​សូដុម​ដែល​ស្ថិត​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​ភូមិ​ជុំវិញ។ ៤៧ នាង​មិន​ត្រឹម​តែ​យក​តំរាប់​តាម​ពួក​គេ និង​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ដូច​ពួក​គេ​ប៉ុណ្ណោះ​ទេ គឺ​នាង​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង អាក្រក់​លើស​ពួក​គេ​ទៅ​ទៀត។ ៤៨ យើង​ប្រកាស​ក្នុង​នាម​យើង ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ​ថា សូដុម​ជា​ប្អូន​ស្រី​របស់​នាង​ព្រម​ទាំង​ស្រុក​ភូមិ​ជុំវិញ ពុំ​បាន​ប្រព្រឹត្ត​ដូច​នាង និង​ស្រុក​ភូមិ​របស់​នាង​ទេ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ៤៩ សូដុម​ជា​ប្អូន​ស្រី​របស់​នាង​មាន​កំហុស​ដូច​ត​ទៅ​នេះ គឺ​សូដុម និង​ស្រុក​ភូមិ​មាន​អំនួត គេ​មាន​អាហារ​បរិភោគ​ហូរហៀរ គេ​សំងំ​យក​សុខ​តែ​ឯង គឺ​ឥត​រវីរវល់​ជួយ​មនុស្ស​ទុគ៌ត និង​ជន​ក្រីក្រ​ឡើយ។ ៥០ សូដុម និង​ស្រុក​ភូមិ​វាយ​ឫក​ខ្ពស់ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​នៅ​ចំពោះ​មុខ​យើង។ ដូច្នេះ យើង​បាន​លុប​បំបាត់​ពួក​គេ​ពី​ទឹក​ដី​នេះ​ដូច​នាង​ឃើញ​ស្រាប់។ ៥១ រីឯ​អំពើ​បាប​ដែល​សាម៉ារី​ប្រព្រឹត្ត ពុំ​បាន​ពាក់​កណ្ដាល​នៃ​អំពើ​បាប​របស់​នាង​ទេ។ អំពើ​អាក្រក់​ដែល​នាង​ប្រព្រឹត្ត មាន​ចំនួន​ច្រើន​លើស​អំពើ​អាក្រក់​របស់​សាម៉ារី​ទៅ​ទៀត។ បើ​ប្រៀប​ផ្ទឹម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​នាង​ប្រព្រឹត្ត បង និង​ប្អូន​ស្រី​របស់​នាង​ហាក់​ដូច​ជា​គ្មាន​ធ្វើ​អ្វី​ខុស​សោះ។ ៥២ ដោយ​នាង​បាន​បណ្ដាល​អោយ​បង និង​ប្អូន​ស្រី​របស់​ខ្លួន​ហាក់​ដូច​ជា​គ្មាន​ទោស​ដូច្នេះ នាង​ត្រូវ​បាក់​មុខ​ហើយ ដ្បិត​នាង​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​នាង​ទាំង​ពីរ​ទៅ​ទៀត គឺ​នាង​ទាំង​ពីរ​ហាក់​ដូច​ជា​គ្មាន​ធ្វើ​អ្វី​ខុស​សោះ។ ដូច្នេះ ចូរ​អាម៉ាស់​ហើយ​ទ្រាំទ្រ​នឹង​ការ​បាក់​មុខ​នេះ​ទៅ ដ្បិត​នាង​បណ្ដាល​អោយ​បង និង​ប្អូន​ស្រី​របស់​នាង ហាក់​ដូច​ជា​គ្មាន​កំហុស​សោះ។
៥៣ យើង​នឹង​ធ្វើ​អោយ​ក្រុង​សូដុម និង​ស្រុក​ភូមិ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​នៅ​ជុំវិញ​បាន​ចំរុងចំរើន​ដូច​មុន។ រីឯ​នាង យើង​ក៏​ធ្វើ​អោយ​នាង​បាន​ចំរុង​ចំរើន​ឡើង​វិញ​ដែរ។ ៥៤ បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​នឹង​បាន​ធូរ​ស្រាល ដោយ​ឃើញ​នាង​ត្រូវ​បាក់​មុខ ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ធ្វើ។ ៥៥ ក្រុង​សូដុម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ នឹង​បាន​ដូច​ដើម​ក្រុង​សាម៉ារី និង​ស្រុក​ភូមិ​ដែល​នៅ​ជុំវិញ​នឹង​បាន​ដូច​ដើម ហើយ​នាង និង​ស្រុក​ភូមិ​របស់​នាង​ក៏​បាន​ដូច​ដើម​ឡើង​វិញ​ដែរ។ ៥៦ កាល​នាង​នៅ​មាន​អំនួត នាង​តែង​តែ​មាក់ងាយ​សូដុម។ ៥៧ គ្រា​នោះ​អំពើ​អាក្រក់​របស់​នាង​មិន​ទាន់​បើក​មុខ​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ ដល់​វេន​ដែល​ក្រុង​នានា​នៃ​ស្រុក​អារ៉ាម និង​ស្រុក​ភូមិ​នៅ​ជុំវិញ​ប្រមាថ​មើលងាយ​នាង​ហើយ។ ក្រុង​ទាំងឡាយ​នៃ​ស្រុក​ភីលីស្ទីន​ដែល​នៅ​ជិត​ខាង​នាង​ក៏​នាំ​គ្នា​មើលងាយ​នាង​ដែរ។ ៥៨ នាង​ត្រូវ​រង​នូវ​អំពើ​ថោក​ទាប និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់
៥៩ ដូច្នេះ យើង​ជា​ព្រះជាអម្ចាស់ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​តាម​អំពើ​ដែល​នាង​បាន​ប្រព្រឹត្ត គឺ​នាង​បាន​បំភ្លេច​ពាក្យ​សម្បថ ដោយ​ផ្ដាច់​សម្ពន្ធមេត្រី​របស់​យើង។ ៦០ ប៉ុន្តែ យើង​នៅ​នឹក​ដល់​សម្ពន្ធមេត្រី ដែល​យើង​បាន​ចង​ជា​មួយ​នាង​កាល​ពី​នាង​នៅ​ក្មេង ហើយ​យើង​នឹង​ចង​សម្ពន្ធមេត្រី​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ជា​មួយ​នាង។ ៦១ នាង​នឹង​នឹក​ឃើញ​ពី​កិរិយាមារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នៅ​ពេល​នាង​ទទួល​បង​ស្រី និង​ប្អូន​ស្រី​អោយ​នៅ​ជា​មួយ នោះ​នាង​នឹង​នឹក​ខ្មាស។ យើង​នឹង​អោយ​នាង​ត្រួតត្រា​លើ​បង​ស្រី និង​ប្អូន​ស្រី តែ​ពួក​គេ​មិន​ចូល​រួម​ក្នុង​សម្ពន្ធមេត្រី​ដែល​យើង​ចង​ជា​មួយ​នាង​ទេ។ ៦២ យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​នាង។ ពេល​នោះ នាង​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ៦៣ នាង​នឹង​នឹក​ឃើញ ពី​កិរិយាមារយាទ​ដ៏​អាក្រក់​របស់​ខ្លួន ហើយ​នឹក​ខ្មាស។ យើង​នឹង​លើកលែង​ទោស​ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ប្រព្រឹត្ត ពេល​នោះ នាង​នឹក​ស្ដាយ​រក​អ្វី​ថ្លែង​ពុំ​បាន» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់