១៨
ព្រះអម្ចាស់​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​សូត្រ​សុភាសិត​នេះ​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ថា “ឪពុក​បរិភោគ​ក្ដឹប​ទំពាំងបាយជូរ ហើយ​កូន​បែរ​ជា​ឈឺ​ធ្មេញ” ដូច្នេះ?។ ៣ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ - អ្នក​រាល់​គ្នា​នឹង​លែង​សូត្រ​សុភាសិត​នេះ នៅ​ស្រុក​អ៊ីស្រាអែល​ទៀត​ហើយ! ៤ ដ្បិត​យើង​ជា​ម្ចាស់​លើ​ជីវិត​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​ជីវិត​របស់​ឪពុក ទាំង​ជីវិត​របស់​កូន។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។
៥ ឧបមា​ថា​មាន​មនុស្ស​សុចរិត​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ និង​សុចរិត ៦ គឺ​គេ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល មិន​ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ មិន​រួម​បវេណី​ជា​មួយ​ប្រពន្ធ​ក្នុង​ពេល​នាង​មាន​រដូវ ៧ មិន​ជិះជាន់ ឬ​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ចែក​អាហារ​អោយ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀកបំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទបាំង​កាយ ៨ អោយ​ប្រាក់​គេ​ខ្ចី​ដោយ​ឥត​យក​ការ ឬ​ទារ​កំរៃ​ហួស​ហេតុ មិន​ឃុបឃិត​នឹង​អំពើ​អយុត្តិធម៌ ហើយ​វិនិច្ឆ័យ​គូ​បដិបក្ស​យ៉ាង​ត្រឹម​ត្រូវ ៩ ប្រព្រឹត្ត​តាម​ច្បាប់ និង​វិន័យ​របស់​យើង ស្រប​តាម​សេចក្ដី​ពិត។ អ្នក​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​មនុស្ស​សុចរិត ហើយ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
១០ ក៏​ប៉ុន្តែ ប្រសិន​បើ​មនុស្ស​សុចរិត​នោះ​មាន​កូន​ប្រុស​ម្នាក់​លួច​ប្លន់ កាប់​សម្លាប់ និង​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ ១១ គឺ​ប្រព្រឹត្ត​ផ្ទុយ​ពី​ឪពុក ដោយ​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ ជិះជាន់​មនុស្ស​ក្រីក្រ​ទុគ៌ត លួច​ទ្រព្យ​សម្បត្តិ​គេ ១២ មិន​ប្រគល់​របស់​បញ្ចាំ​ទៅ​ម្ចាស់​ដើម ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង ១៣ អោយ​ប្រាក់​គេ​ខ្ចី ដើម្បី​យក​ការ និង​ទារ​កំរៃ​ហួស​ហេតុ។ តើ​កូន​របៀប​នេះ​អាច​រស់​បាន​ឬ? ទេ កូន​នោះ​មិន​អាច​រស់​បាន​ឡើយ។ គេ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។
១៤ ប្រសិន​បើ​មនុស្ស​អាក្រក់​នោះ​មាន​កូន​ប្រុស​ម្នាក់ កូន​ប្រុស​នោះ​ឃើញ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​ឪពុក​ប្រព្រឹត្ត​តែ​មិន​យក​តំរាប់​តាម​ឪពុក ១៥ គឺ​មិន​ចូល​រួម​បរិភោគ​សំណែន​នៅ​លើ​ភ្នំ មិន​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែងក្លាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល មិន​ប្រព្រឹត្ត​អំពើ​សៅហ្មង​ជា​មួយ​ប្រពន្ធ​គេ ១៦ មិន​ជិះជាន់​គេ មិន​រក​ស៊ី​បញ្ចាំ មិន​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ចែក​អាហារ​អោយ​អ្នក​ដែល​ឃ្លាន និង​ចែក​សម្លៀកបំពាក់​ដល់​អ្នក​ដែល​គ្មាន​អ្វី​បិទបាំង​កាយ ១៧ មិន​ឃុបឃិត​នឹង​អំពើ​អយុត្តិធម៌ មិន​ចង​ការ​ប្រាក់ ឬ​ស្វែង​រក​កំរៃ​ហួស​ហេតុ តែ​ប្រតិបត្តិ​តាម​វិន័យ និង​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង។ អ្នក​នោះ​នឹង​មិន​ស្លាប់​ព្រោះ​តែ​កំហុស​របស់​ឪពុក​ឡើយ គឺ​គេ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន។ ១៨ ឪពុក​របស់​អ្នក​នោះ​ជា​មនុស្ស​ជិះជាន់ លួច​ទ្រព្យ​សម្បត្តិ​បង​ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន​ដូច្នេះ គឺ​ឪពុក​នោះ​ហើយ​ដែល​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន​ផ្ទាល់។
១៩ អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​កូន​មិន​ទទួល​ទោស​ជំនួស​ឪពុក?” គឺ​មក​ពី​កូន​នោះ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ កូន​នោះ​គោរព និង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង ដូច្នេះ គេ​ត្រូវ​រស់​រាន​មាន​ជីវិត។ ២០ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។
២១ ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះបង់​អំពើ​បាប​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​មក​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត​ជាក់​ជា​មិន​ខាន គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។ ២២ យើង​នឹង​បំភ្លេច​បទ​ល្មើស​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត គឺ​អ្នក​នោះ​នឹង​រស់​រាន​មាន​ជីវិត ព្រោះ​តែ​អំពើ​សុចរិត​ដែល​គេ​បាន​ធ្វើ។ ២៣ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ចង់​ឃើញ​មនុស្ស​ទុច្ចរិត​ស្លាប់​ឬ? ទេ! ផ្ទុយ​ទៅ​វិញ យើង​ចង់​ឃើញ​គេ​លះបង់​មារយាទ​អាក្រក់​របស់​ខ្លួន ដើម្បី​អោយ​រស់​រាន​មាន​ជីវិត - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ២៤ រីឯ​មនុស្ស​សុចរិត​វិញ ប្រសិន​បើ​គេ​លះបង់​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ប្រព្រឹត្ត តើ​គេ​អាច​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​បាន​ឬ? យើង​នឹង​បំភ្លេច​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត អ្នក​នោះ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​ចិត្ត​មិន​ស្មោះ​ត្រង់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។
២៥ អ្នក​រាល់​គ្នា​ពោល​ថា “ព្រះអម្ចាស់​ប្រព្រឹត្ត​ដូច្នេះ មិន​ត្រឹម​ត្រូវ​ទេ!”។ ជន​ជាតិ​អ៊ីស្រាអែល​អើយ​ចូរ​ស្ដាប់! តើ​យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ ២៦ ប្រសិន​បើ​មនុស្ស​សុចរិត លែង​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​ពិត​ជា​ត្រូវ​ស្លាប់ គឺ​គេ​ស្លាប់​ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ២៧ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មនុស្ស​ទុច្ចរិត​លះបង់​ចោល​អំពើ​អាក្រក់​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បែរ​ទៅ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត និង​យុត្តិធម៌ គេ​នឹង​រក្សា​ជីវិត​ខ្លួន​អោយ​គង់វង្ស។ ២៨ ប្រសិន​បើ​អ្នក​នោះ​ភ្ញាក់​ស្មារតី ហើយ​លះបង់​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន គេ​ពិត​ជា​រស់​រាន​មាន​ជីវិត គឺ​គេ​មិន​ត្រូវ​ស្លាប់​ឡើយ។
២៩ ជន​ជាតិ​អ៊ីស្រាអែល​ពោល​ថា “ព្រះអម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ!”។ ជន​ជាតិ​អ៊ីស្រាអែល​អើយ យើង​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មែន​ឬ? គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ ៣០ ហេតុ​នេះ​ជន​ជាតិ​អ៊ីស្រាអែល​អើយ យើង​នឹង​វិនិច្ឆ័យ​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ចូរ​វិល​ត្រឡប់​មក​វិញ ហើយ​លះបង់​អំពើ​ទុច្ចរិត​ទាំង​អស់ កុំ​បណ្ដោយ​អោយ​កំហុស​របស់​អ្នក​រាល់​គ្នា​បំផ្លាញ​ជីវិត​អ្នក​រាល់​គ្នា​ឡើយ - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ ៣១ ចូរ​បោះ​បង់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។ ចូរ​មាន​ចិត្ត​គំនិត​ថ្មី និង​វិញ្ញាណ​ថ្មី! ជន​ជាតិ​អ៊ីស្រាអែល​អើយ​អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ ៣២ ដ្បិត​យើង​មិន​សប្បាយ​ចិត្ត​នឹង​អោយ​នរណា​ម្នាក់​ស្លាប់​ទេ ចូរ​វិល​មក​រក​យើង​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​រាន​មាន​ជីវិត» -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់ -។