២៤
ទីសំគាល់អំពីថ្លាង
១ នៅឆ្នាំទីប្រាំបួន ខែទីដប់ ថ្ងៃទីដប់ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
២ «កូនមនុស្សអើយ ចូរកត់ត្រាថ្ងៃនេះទុក ដ្បិតថ្ងៃនេះហើយដែលស្ដេចស្រុកបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡឹម។
៣ ចូរចោទប្រស្នាមួយដល់ពូជអ្នកបះបោរនេះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ចូររៀបចំថ្លាងមួយដាក់នៅលើភ្លើង
រួចចាក់ទឹកទៅក្នុងថ្លាងនោះ។
៤ បន្ទាប់មក ចូរដាក់សាច់ទៅក្នុងថ្លាង
គឺសាច់ល្អៗ សាច់ភ្លៅ សាច់ស្មា
រួចដាក់ឆ្អឹងល្អៗបំពេញថ្លាងនោះដែរ។
៥ ចូរយកសាច់ចៀមដ៏ល្អៗមក
ហើយយកឆ្អឹងរបស់វាដាក់ពីក្រោម។
ចូរស្ងោរសាច់នៅក្នុងថ្លាងអោយផុយ
សូម្បីតែឆ្អឹងក៏ត្រូវអោយឆ្អិនល្អដែរ។
៦ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ក្រុងដែលប្រឡាក់ទៅដោយឈាម
មុខជាត្រូវវេទនាពុំខាន!
ក្រុងនេះប្រៀបបាននឹងថ្លាងដុះស្នឹម
ហើយស្នឹមនេះដុសមិនជ្រះទេ។
ចូរស្រង់ដុំសាច់ចេញបន្តបន្ទាប់គ្នា
គ្មានដុំណាមួយនៅសល់ឡើយ។
៧ នៅក្នុងក្រុងគេសម្លាប់គ្នា
គេបង្ហូរឈាមនៅលើផ្ទាំងថ្ម
គឺមិនទុកអោយឈាមនោះស្រោចលើដី
ហើយយកដីលុបទេ។
៨ ដូច្នេះ ដើម្បីសំរេចតាមកំហឹង
និងតាមការសងសឹករបស់យើង
យើងនឹងទុកឈាមគេនៅលើផ្ទាំងថ្ម
ឥតយកដីលុបឡើយ។
៩ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ក្រុងដែលប្រឡាក់ទៅដោយឈាម
មុខជាត្រូវវេទនាពុំខាន!
ដ្បិតយើងនឹងបង្កាត់ភ្លើងដ៏សន្ធោសន្ធៅដែរ។
១០ ចូរយកអុសយ៉ាងច្រើនមកគរលើគ្នា!
ចូរបង្កាត់ភ្លើង! ចូរចំអិនសាច់!
ចូរដាក់គ្រឿង ហើយដុតបន្សុសឆ្អឹងទៅ!
១១ បន្ទាប់មក ចូរដាក់ថ្លាងទទេលើភ្លើង
ទុកអោយក្ដៅរហូតទាល់តែស្ពាន់ឡើងក្រហម
អ្វីៗដែលកខ្វក់នៅក្នុងនោះ ត្រូវរលាយ
រីឯស្នឹមក៏ត្រូវរលាយអស់ដែរ។
១២ ទោះបីគេខំប្រឹងយ៉ាងណាក៏ដុសស្នឹមមិនជ្រះដែរ គឺមានតែភ្លើងទេដែលអាចជំរះស្នឹមបាន!
១៣ យេរូសាឡឹមអើយ នាងប្រឡាក់ដោយអំពើប្រាសចាកសីលធម៌។ ទោះបីយើងខំជំរះនាងអោយបរិសុទ្ធក្ដី ក៏នាងនៅតែមិនបរិសុទ្ធដដែល។ ដូច្នេះ នាងនៅសៅហ្មង រហូតដល់យើងសំរេចតាមកំហឹងរបស់យើងចប់សព្វគ្រប់។
១៤ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណានឹងកើតមានយ៉ាងនោះ។ យើងសំរេចតាមពាក្យរបស់យើងឥតដូរគំនិតឡើយ។ យើងក៏មិនអាណិតអាសូរ ឬស្ដាយក្រោយដែរ។ នាងនឹងត្រូវទទួលទោសតាមកិរិយាមារយាទ និងអំពើទាំងឡាយដែលនាងបានប្រព្រឹត្ត»-នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ទីសំគាល់អំពីមរណភាពនៃភរិយារបស់ព្យាការី
១៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
១៦ «កូនមនុស្សអើយ! យើងនឹងដកជីវិតប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នកក្នុងមួយប៉ប្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវសោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។
១៧ ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខអោយសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសំរាប់អ្នកកាន់ទុក្ខឡើយ»។
១៨ នៅពេលព្រឹកខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាចប្រពន្ធខ្ញុំបាត់បង់ជីវិត។ ស្អែកឡើងខ្ញុំធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ។
១៩ ប្រជាជនសួរខ្ញុំថា៖ «សូមពន្យល់ប្រាប់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេចសំរាប់យើងខ្ញុំ?»។
២០ ខ្ញុំឆ្លើយទៅគេវិញថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
២១ “ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ បន្តិចទៀតយើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំងជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុងយេរូសាឡឹមនឹងត្រូវស្លាប់ដោយមុខដាវ។
២២ ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសំរាប់អ្នកកាន់ទុក្ខទេ។
២៣ អ្នករាល់គ្នានឹងជួតក្បាលពាក់ស្បែកជើងធ្វើដូចធម្មតា គឺអ្នករាល់គ្នាមិនកាន់ទុក្ខ ឬសោកសង្រេងឡើយ។ ប៉ុន្តែ អ្នករាល់គ្នាកាន់តែរីងរៃទៅៗ ព្រោះតែអំពើបាបរបស់ខ្លួន ហើយម្នាក់ៗស្រណោះស្រណោកគ្នាទៅវិញទៅមក។
២៤ អេសេគាលធ្វើដូច្នេះ ជាប្រផ្នូលសំរាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះជាអម្ចាស់មែន”។
២៥ កូនមនុស្សអើយ យើងនឹងដកទីសក្ការៈដែលជាកម្លាំង អំណរ ភាពរុងរឿង និងជាទីគាប់ចិត្ត ជាទីស្រឡាញ់របស់ពួកគេ យើងក៏នឹងដកកូនប្រុសកូនស្រីចេញពីពួកគេដែរ
២៦ នៅថ្ងៃនោះមានមនុស្សរត់នាំដំណឹងមកប្រាប់អ្នក
២៧ នៅថ្ងៃនោះអ្នកនឹងលែងនៅស្ងៀមទៀតហើយ គឺអ្នកនឹងហាមាត់និយាយជាមួយមនុស្សដែលរត់មក។ អ្នកនឹងធ្វើជាប្រផ្នូលសំរាប់ពួកគេ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។