៤
ការឡោមព័ទ្ធក្រុងយេរូសាឡឹម
១ «កូនមនុស្សអើយ ចូរយកឥដ្ឋមួយដុំមកដាក់នៅមុខអ្នក ហើយគូរផែនទីក្រុងយេរូសាឡឹមនៅលើឥដ្ឋនោះ។
២ បន្ទាប់មក ចូរដាក់ខ្មាំងសត្រូវឡោមព័ទ្ធក្រុងនោះ ព្រមទាំងសង់ប៉ម និងលើកទួលឡើងសំរាប់វាយលុកក្រុងនោះផង។ ចូរដាក់ទីតាំងទ័ព និងដាក់គ្រឿងសស្រ្ដាវុធដ៏ធំៗ ត្រៀមជុំវិញទីក្រុង ដើម្បីទម្លុះកំពែង។
៣ ចូរយកបន្ទះដែកមួយមកធ្វើជាជញ្ជាំងខណ្ឌអ្នកពីក្រុងនោះ។ ចូរសម្លឹងទៅរកទីក្រុង ហើយឡោមព័ទ្ធក្រុងនោះទុកជាទីសំគាល់អោយជនជាតិអ៊ីស្រាអែលដឹងថា ខ្មាំងសត្រូវនឹងព័ទ្ធក្រុងយេរូសាឡឹម។
៤ រីឯអ្នកវិញ ចូរដេកផ្អៀងខាងឆ្វេង ហើយដាក់អំពើបាបរបស់ជនជាតិអ៊ីស្រាអែលលើខ្លួនអ្នកដែរ។ អ្នកត្រូវទទួលយកអំពើបាបរបស់ពួកគេគ្រប់ចំនួនថ្ងៃដែលអ្នកដេកផ្អៀង។
៥ យើងអោយអ្នកដេកដូច្នេះ បីរយកៅសិបថ្ងៃ ស្មើនឹងចំនួនឆ្នាំដែលពួកគេបានប្រព្រឹត្តអំពើបាប។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជនជាតិអ៊ីស្រាអែលតាមរបៀបនេះ។
៦ ពេលអ្នកដេកផ្អៀងខាងឆ្វេងគ្រប់ចំនួនថ្ងៃហើយ ចូរដេកផ្អៀងខាងស្ដាំម្ដង។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជនជាតិយូដាចំនួនសែសិបថ្ងៃ គឺមួយថ្ងៃស្មើនឹងមួយឆ្នាំ។
៧ អ្នកត្រូវសម្លឹងទៅរកក្រុងយេរូសាឡឹម ដែលខ្មាំងឡោមព័ទ្ធ ហើយលើកដៃប្រកាសប្រឆាំងនឹងក្រុងនេះក្នុងនាមយើង។
៨ យើងនឹងយកខ្សែពួរចងអ្នក ដើម្បីកុំអោយអ្នកអាចប្រែពីម្ខាងទៅម្ខាងរហូតដល់គ្រប់ចំនួនថ្ងៃ ដែលអ្នកត្រូវឡោមព័ទ្ធទីក្រុង។
៩ ចូរយកម្សៅមី អង្ករ កន្ទក់ សណ្ដែក គ្រាប់ពោត និងល្ង មកលាយក្នុងចានតែមួយ ហើយដុតធ្វើនំបុ័ងសំរាប់បរិភោគ ក្នុងរយៈពេលបីរយកៅសិបថ្ងៃដែលអ្នកដេកផ្អៀង។
១០ ក្នុងអំឡុងពេលនោះ អ្នកត្រូវបរិភោគអាហារនេះដោយកំរិត គឺមួយថ្ងៃពីរខាំកន្លះ។
១១ រីឯទឹកក៏ត្រូវកំរិតដែរ គឺក្នុងអំឡុងពេលនោះ មួយថ្ងៃផឹកយ៉ាងច្រើនមួយលីត្រ។
១២ អ្នកត្រូវបរិភោគនំធ្វើពីម្សៅអង្ករ ដែលអ្នកយកលាមករបស់មនុស្ស មកប្រើសំរាប់ដុតនំ នៅមុខពួកគេទាំងអស់គ្នា»។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ជនជាតិអ៊ីស្រាអែលដែលយើងបណ្ដេញអោយទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ក៏នឹងបរិភោគអាហារមិនបរិសុទ្ធយ៉ាងនោះដែរ»។
១៤ ខ្ញុំពោលឡើងថា៖ «បពិត្រព្រះជាអម្ចាស់ ទូលបង្គំតែងតែចៀសវាងអ្វីៗគ្រប់យ៉ាង ដែលធ្វើអោយមានសៅហ្មង គឺតាំងពីក្មេងមកទល់សព្វថ្ងៃ ទូលបង្គំមិនធ្លាប់បរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំឡើយ ហើយទូលបង្គំក៏មិនបរិភោគសាច់សត្វមិនបរិសុទ្ធដែរ»។
១៥ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំវិញថា៖ «បើដូច្នេះយើងអនុញ្ញាតអោយអ្នកប្រើលាមកគោជំនួសលាមកមនុស្សសំរាប់ដុតនំបុ័ង»។
១៦ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ! យើងនឹងបំបាត់នំបុ័ងអោយអស់ពីក្រុងយេរូសាឡឹម។ ពួកគេនឹងបរិភោគអាហារ ដោយមានកំរិត ទាំងព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ទាំងខ្លោចផ្សា។
១៧ ពួកគេនឹងខ្វះអាហារ ខ្វះទឹក ហើយខ្លោចផ្សាទាំងអស់គ្នា ពួកគេនឹងត្រូវវិនាស ដោយសារអំពើបាបរបស់ខ្លួន»។