៩
ការដាក់ទោសក្រុងយេរូសាឡឹម
១ បន្ទាប់មក ខ្ញុំឮព្រះអង្គមានព្រះបន្ទូលយ៉ាងខ្លាំងៗថា៖ «អស់អ្នកដែលត្រូវធ្វើទោសក្រុងយេរូសាឡឹមអើយ ចូរនាំគ្នាកាន់អាវុធសំរាប់ប្រល័យជីវិតចូលមក!»។
២ ពេលនោះ ខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធសំរាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេសឯកសុទ្ធ ស្ពាយប្រដាប់ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈលង្ហិន។
៣ ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលដែលស្ថិតនៅលើចេរូប៊ីន*ក៏អណ្ដែតឡើង ឆ្ពោះទៅមាត់ទ្វារព្រះដំណាក់។ ព្រះអម្ចាស់ត្រាស់ហៅបុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសំរាប់សរសេរនោះមក
៤ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរដើរកាត់ក្រុងយេរូសាឡឹម ហើយគូសសញ្ញាជើងក្អែកលើថ្ងាសអស់អ្នកដែលស្រែកថ្ងូរ និងព្រួយចិត្តដោយឃើញអំពើគួរអោយស្អប់ខ្ពើមទាំងប៉ុន្មាន ដែលអ្នកក្រុងនេះប្រព្រឹត្ត»។
៥ បន្ទាប់មក ខ្ញុំឮព្រះអង្គមានព្រះបន្ទូលទៅអ្នកឯទៀតៗថា៖ «ចូរដើរតាមក្រោយគាត់ ហើយប្រហារអ្នកក្រុងនេះទៅកុំអាណិតមេត្តា និងត្រាប្រណីពួកគេឡើយ!
៦ ចូរសម្លាប់ពួកគេទាំងអស់គ្នាអោយផុតពូជ គឺទាំងចាស់ ទាំងកំលោះ ទាំងក្រមុំ ទាំងក្មេង ទាំងស្ត្រី តែកុំប៉ះពាល់អស់អ្នកដែលមានសញ្ញាជើងក្អែកឡើយ។ ចូរចាប់ផ្ដើមពីទីសក្ការៈរបស់យើងទៅ!»។ អ្នកទាំងនោះក៏ចាប់ផ្ដើមសម្លាប់ពួកព្រឹទ្ធាចារ្យ*ដែលនៅខាងមុខព្រះដំណាក់។
៧ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ចូរធ្វើអោយព្រះដំណាក់ទៅជាសៅហ្មង ដោយទុកសាកសពចោលពាសពេញទីលានរួចនាំគ្នាចេញទៅចុះ!»។ ពួកគេក៏ចេញទៅវាយប្រហារជីវិតប្រជាជននៅក្នុងទីក្រុង។
៨ ពេលអ្នកទាំងនោះប្រហារជីវិតប្រជាជន ខ្ញុំនៅតែម្នាក់ឯង ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី ហើយស្រែកឡើងថា៖ «ព្រះជាអម្ចាស់អើយ តើព្រះអង្គជះព្រះពិរោធ មកលើក្រុងយេរូសាឡឹមដោយប្រល័យជីវិតជនជាតិអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅសេសសល់ឬ?»។
៩ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ពូជពង្សអ៊ីស្រាអែល និងពូជពង្សយូដាមានកំហុសធ្ងន់ណាស់។ ពួកគេសម្លាប់គ្នាពាសពេញស្រុក ហើយអំពើទុច្ចរិតក៏មានពាសពេញទីក្រុងដែរ។ ពួកគេពោលថា “ព្រះអម្ចាស់បោះបង់ចោលស្រុកនេះហើយ ព្រះអម្ចាស់ទតអ្វីពុំឃើញទេ”។
១០ ហេតុនេះយើងមិនអាណិតអាសូរ និងត្រាប្រណីពួកគេឡើយ គឺយើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត»។
១១ ពេលនោះ បុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសំរាប់សរសេរទូលព្រះអង្គថា៖ «ទូលបង្គំបានធ្វើតាមបង្គាប់របស់ព្រះអង្គសព្វគ្រប់ហើយ»។