១ ព្យាការី​ហាកាយ និង​ព្យាការី​សាការី​ជា​កូន​របស់​លោក​អ៊ីដោ បាន​នាំ​ព្រះបន្ទូល​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ទៅ​ថ្លែង​ប្រាប់​ជន​ជាតិ​យូដា​នៅ​ក្រុង​យេរូសាឡឹម និង​នៅ​ស្រុក​យូដា។ ២ គ្រា​នោះ លោក​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល និង​លោក​យេសួរ ជា​កូន​របស់​លោក​យ៉ូសាដាក ក៏​នាំ​គ្នា​ងើប​ឡើង សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ឡើង​វិញ ដោយ​មាន​ព្យាការី​របស់​ព្រះជាម្ចាស់​ជួយ​គាំទ្រ​ផង។
៣ គ្រា​ដដែល​នោះ​លោក​ថាថ្នាយ ជា​ទេសាភិបាល​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត និង​លោក​សេថារ-បូសណាយ​ព្រម​ទាំង​សហការី នាំ​គ្នា​មក​ជួប​ជន​ជាតិ​យូដា​ហើយ​សួរ​ថា៖ «តើ​នរណា​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួសជុល​ជញ្ជាំង​ឡើង​វិញ។ ៤ ចូរ​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​សង់​នេះ​អោយ​យើង​មក!»។ ៥ ប៉ុន្តែ ព្រះជាម្ចាស់​តាម​ការពារ​អស់​លោក​ព្រឹទ្ធាចារ្យ​នៃ​ជន​ជាតិ​យូដា។ ក្នុង​ពេល​ដែល​គេ​បញ្ជូន​សំណុំ​រឿង​ថ្វាយ​ព្រះចៅ​ដារីយូស ហើយ​រង់ចាំ​ចម្លើយ​វិញ​នោះ គេ​មិន​បាន​បញ្ឈប់​ការ​សាង​សង់​ទេ។
៦ សារ​ដែល​លោក​ថាថ្នាយ​ជា​ទេសាភិបាល និង​លោក​សេថារ-បូសណាយ ព្រម​ទាំង​ពួក​រាជការ​ជា​សហការី​របស់​ពួក​គេ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត ផ្ញើ​ថ្វាយ​ព្រះចៅ​ដារីយូស ៧ មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ថ្វាយ​ចំពោះ​ព្រះចៅ​ដារីយូស សូម​ព្រះករុណា​ប្រកប​ដោយ​សេចក្ដី​សុខ​ចំរើន!
៨ សូម​ព្រះករុណា​ជ្រាប​ថា​យើង​ខ្ញុំ​បាន​ទៅ​ស្រុក​យូដា ហើយ​ទៅ​ដល់​ព្រះដំណាក់​របស់​ព្រះ​ដ៏​ប្រសើរ​ឧត្ដម។ ពួក​គេ​យក​ថ្ម​ធំៗ​មក​សង់​ព្រះដំណាក់ និង​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង​ធ្វើ​ជា​ធ្នឹម។ គេ​ធ្វើ​កិច្ចការ​នេះ​យ៉ាង​ម៉ត់ចត់ ហើយ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។
៩ យើង​ខ្ញុំ​បាន​សួរ​ពួក​ព្រឹទ្ធាចារ្យ​ថា “តើ​នរណា​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​សង់​ដំណាក់​នេះ ព្រម​ទាំង​ជួសជុល​ជញ្ជាំង​ឡើង​វិញ?”។ ១០ យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​ពួក​គេ​ដែរ ដើម្បី​ស្រង់​ឈ្មោះ​អស់​អ្នក​ដែល​ដឹក​នាំ​កិច្ចការ​នោះ យក​មក​ថ្វាយ​ព្រះករុណា។ ១១ ពួក​គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ថា “ពួក​យើង​ជា​អ្នក​បំរើ​របស់​ព្រះ​នៃ​ស្ថាន​បរមសុខ* និង​ផែនដី ពួក​យើង​សង់​ព្រះដំណាក់​នេះ​ឡើង​វិញ គឺ​ព្រះដំណាក់​ដែល​ស្ដេច​មួយ​អង្គ​ដ៏​ប្រសើរ​ឧត្ដម នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​សង់​តាំង​ពី​យូរលង់​ណាស់​មក​ហើយ។ ១២ ប៉ុន្តែ ដូនតា​របស់​ពួក​យើង បាន​ធ្វើ​អោយ​ព្រះ​នៃ​ស្ថាន​បរមសុខ​ទ្រង់​ព្រះពិរោធ ហើយ​ព្រះអង្គ​ក៏​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះចៅ​នេប៊ូក្នេសា ជា​ជន​ជាតិ​ខាល់ដេដេ និង​ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ ព្រះចៅ​នេប៊ូក្នេសា​បាន​បំផ្លាញ​ព្រះដំណាក់​នេះ ហើយ​កៀរ​ប្រជាជន​ទៅ​ស្រុក​បាប៊ីឡូន។ ១៣ ប៉ុន្តែ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​ស្រុក​បាប៊ីឡូន ស្ដេច​បាន​បញ្ជា​អោយ​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ឡើង​វិញ។ ១៤ កាល​ពី​មុន​ព្រះចៅ​នេប៊ូក្នេសា​បាន​រឹប​អូស​យក​គ្រឿង​បរិក្ខារ​អំពី​មាស និង​ប្រាក់​ពី​ព្រះវិហារ​របស់​ព្រះជាម្ចាស់ នៅ​ក្រុង​យេរូសាឡឹម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ក្រុង​បាប៊ីឡូន។ ក្រោយ​មក​ព្រះចៅ​ស៊ីរូស​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ ចេញ​ពី​វិហារ​នៅ​ក្រុង​បាប៊ីឡូន ប្រគល់​អោយ​លោក​សេសបាសារ ដែល​ស្ដេច​បាន​តែងតាំង​ជា​ទេសាភិបាល​របស់​អាណាខេត្ត​យូដា។ ១៥ ស្ដេច​ក៏​បាន​បង្គាប់​អោយ​លោក​យក​គ្រឿង​បរិក្ខារ​ទាំង​នេះ ទៅ​ដាក់​ក្នុង​ព្រះវិហារ​ក្រុង​យេរូសាឡឹម​វិញ ហើយ​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។ ១៦ ដូច្នេះ លោក​សេសបាសារ​បាន​មក​ក្រុង​យេរូសាឡឹម ព្រម​ទាំង​បាន​ចាក់​គ្រឹះ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នៅ​តែ​សង់​ព្រះដំណាក់ តែ​មិន​ទាន់​បាន​ចប់​សព្វ​គ្រប់​នៅ​ឡើយ”។
១៧ ឥឡូវ​នេះ ប្រសិន​បើ​ព្រះករុណា​គាប់​ព្រះហឫទ័យ សូម​អោយ​គេ​ស្រាវជ្រាវ​ក្នុង​ឯកសារ​របស់​រាជទ្រព្យ​នៃ​ស្ដេច​ស្រុក​បាប៊ីឡូន​ដើម្បី​បញ្ជាក់​ថា ព្រះចៅ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​អោយ​សាង​សង់​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ នៅ​ក្រុង​យេរូសាឡឹម​មែន​ឬ​យ៉ាង​ណា​រួច​សូម​ព្រះករុណា​ផ្ញើ​សេចក្ដី​សំរេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​ផង»។