លោក​ម៉ាដេកាយ​សុំ​អន្តរាគមន៍​ពី​ព្រះនាង​អេសធើរ ជន​ជាតិ​យូដា​នាំ​គ្នា​តម​អាហារ
១ កាល​លោក​ម៉ាដេកាយ​ជ្រាប​ដំណឹង​នេះ លោក​ហែក​សម្លៀកបំពាក់​ហើយ​ស្លៀក​បាវ និង​រោយ​ផេះ​លើ​ក្បាល។ លោក​ដើរ​កាត់​ទីក្រុង​ទាំង​ស្រែក​យំ​យ៉ាង​ជូរ​ចត់។ ២ លោក​ទៅ​ឈរ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជវាំង ដ្បិត​លោក​មិន​អាច​ចូល​ទៅ​ក្នុង​បាន ដោយ​ស្លៀក​បាវ​បែប​នេះ​ឡើយ។ ៣ នៅ​តាម​អាណាខេត្ត​នីមួយៗ ពេល​គេ​បាន​ទទួល​លិខិត និង​រាជក្រឹត្យ​ហើយ ជន​ជាតិ​យូដា​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាង​ខ្លាំង។ ពួក​គេ​តម​អាហារ យំ​សោក​សង្រេង ហើយ​មាន​ពួក​គេ​ជា​ច្រើន​នាំ​គ្នា​ស្លៀក​បាវ​ដេក​នៅ​ក្នុង​ផេះ។
៤ ពួក​ស្ត្រី​បំរើ និង​មហាតលិក​របស់​ព្រះនាង​អេសធើរ​បាន​នាំ​ដំណឹង​នេះ​មក​ទូល​ថ្វាយ​ព្រះនាង ហើយ​ព្រះមហាក្សត្រិយានី​រន្ធត់​ព្រះហឫទ័យ​ពន់​ប្រមាណ។ ព្រះនាង​អោយ​គេ​យក​សម្លៀកបំពាក់​ទៅ​ជូន​លោក​ម៉ាដេកាយ ជំនួស​បាវ​ដែល​លោក​ស្លៀក​ជាប់​នឹង​ខ្លួន តែ​លោក​ម៉ាដេកាយ​ពុំ​ព្រម​ទេ។ ៥ ពេល​នោះ ព្រះនាង​អេសធើរ​បាន​ហៅ​លោក​ហាថាក់ ជា​មហាតលិក​ដែល​ព្រះរាជា​អោយ​មក​នៅ​បំរើ​ព្រះនាង។ ព្រះនាង​បញ្ជា​គាត់​អោយ​ទៅ​សួរ​លោក​ម៉ាដេកាយ អំពី​មូល​ហេតុ​ដែល​ជំរុញ​អោយ​លោក​ធ្វើ​បែប​នេះ។ ៦ លោក​ហាថាក់​ក៏​ទៅ​ជួប​លោក​ម៉ាដេកាយ​នៅ​ទីលាន​ក្រុង ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​មាត់​ទ្វារ​រាជវាំង។ ៧ លោក​ម៉ាដេកាយ​រៀប​រាប់​ប្រាប់​គាត់​អំពី​ហេតុការណ៍​ទាំង​អស់​ដែល​កើត​មាន ព្រម​ទាំង​ពន្យល់​យ៉ាង​លំអិត​អំពី​រឿង​ប្រាក់​ដែល​លោក​ហាម៉ាន បាន​សន្យា​បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​រាជទ្រព្យ ប្រសិន​បើ​ស្ដេច​ចេញ​បញ្ជា​អោយ​គេ​ប្រល័យ​ជីវិត​ជន​ជាតិ​យូដា។ ៨ លោក​ក៏​បាន​ប្រគល់​រាជក្រឹត្យ​មួយ​ច្បាប់ ដែល​គេ​ចេញ​ផ្សាយ​នៅ​ក្រុង​ស៊ូសាន ស្ដី​អំពី​ការ​ប្រល័យ​ពូជ​សាសន៍​យូដា​អោយ​លោក​ហាថាក់ ដើម្បី​គាត់​យក​ទៅ​ថ្វាយ​ព្រះនាង​អេសធើរ ព្រម​ទាំង​រៀប​រាប់​ហេតុការណ៍​នេះ​ថ្វាយ​ព្រះនាង​ផង។ លោក​ក៏​បាន​សូម​អោយ​ព្រះនាង​ចូល​ទៅ​គាល់​ព្រះរាជា ដើម្បី​សូម​ការ​ប្រណី​សន្ដោស និង​ទូលអង្វរ​ព្រះរាជា សំរាប់​ជាតិ​សាសន៍​របស់​ព្រះនាង។ ៩ លោក​ហាថាក់​ក៏​នាំ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ម៉ាដេកាយ ទៅ​ទូល​ព្រះនាង​អេសធើរ។ ១០ ព្រះនាង​ប្រាប់​លោក​ហាថាក់​អោយ​ទៅ​ជំរាប​លោក​ម៉ាដេកាយ​វិញ​ថា៖ ១១ «ពួក​រាជ​បំរើ និង​ប្រជាជន​នៅ​ក្នុង​អាណាខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​គាល់​ស្ដេច នៅ​សាល​ខាង​ក្នុង​រាជ​ដំណាក់ ដោយ​ស្ដេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សំរាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ព្រះរាជា​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​អោយ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ព្រះរាជា​មិន​បាន​ហៅ​ខ្ញុំ​អោយ​ចូល​គាល់ អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ»។ ១២ គេ​ក៏​នាំ​រាជ​សវនីយ៍​របស់​ព្រះនាង​អេសធើរ ទៅ​ជំរាប​លោក​ម៉ាដេកាយ។
១៣ លោក​ម៉ាដេកាយ​អោយ​គេ​នាំ​ពាក្យ ទៅ​ទូល​ព្រះនាង​អេសធើរ​វិញ​ថា៖ «បពិត្រ​ព្រះមហាក្សត្រិយានី សូម​កុំ​នឹក​ស្មាន​ថា ព្រះនាង​អាច​គេច​ផុត​ពី​សេចក្ដី​វិនាស ដែល​នឹង​កើត​មាន​ចំពោះ​ជន​ជាតិ​យូដា​ទាំង​អស់​ឡើយ។ ១៤ ប្រសិន​បើ​ព្រះនាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន​ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោបាយ​មួយ​ផ្សេង​ទៀត រីឯ​ព្រះនាង​វិញ ព្រះនាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង ព្រះនាង​បាន​ឡើង​ធ្វើ​ជា​ព្រះមហាក្សត្រិយានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន​ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។ ១៥ ពេល​នោះ ព្រះនាង​អេសធើរ ចាត់​គេ​អោយ​ទៅ​ជំរាប​លោក​ម៉ាដេកាយ​ថា៖ ១៦ «សូម​អញ្ជើញ​ទៅ​ប្រមូល​ជន​ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន អោយ​តម​អាហារ​សំរាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បំរើ​របស់​ខ្ញុំ​ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​គាល់​ស្ដេច​ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​អោយ​វិនាស​ទៅ​ចុះ»។ ១៧ លោក​ម៉ាដេកាយ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះនាង​អេសធើរ​បង្គាប់។