១០
គ្រោះ​កាច​ទី​ប្រាំ​បី: កណ្ដូប
១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ដ្បិត​យើង​បាន​ធ្វើ​អោយ​ស្ដេច និង​នាម៉ឺន​មន្ត្រី​មាន​ចិត្ត​មានះ ដើម្បី​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​នៅ​ក្នុង​ចំណោម​ពួក​គេ។ ២ ដូច្នេះ អ្នក​អាច​តំណាល​ប្រាប់​កូន និង​ចៅ នៅ​ជំនាន់​ក្រោយ​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អេស៊ីប​របៀប​ណា ហើយ​យើង​បាន​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​អ្វី​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់»។
៣ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះអម្ចាស់​ជា​ព្រះ​របស់​ជន​ជាតិ​ហេប្រឺ មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “តើ​អ្នក​មិន​ព្រម​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ដូច្នេះ ដល់​កាល​ណា​ទៀត? ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។ ៤ បើ​អ្នក​មិន​ព្រម​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ ថ្ងៃ​ស្អែក យើង​នឹង​ប្រើ​ហ្វូង​កណ្ដូប​អោយ​ចូល​មក​រាត​ត្បាត​ដែន​ដី​របស់​អ្នក។ ៥ វា​នឹង​មក​ទំ​ពាសពេញ​ក្នុង​ស្រុក រហូត​ដល់​មើល​ដី​លែង​ឃើញ​ទៀត។ វា​នឹង​ស៊ី​ផល​ដំណាំ​ដែល​នៅ​សេសសល់​ពី​ព្រឹល វា​នឹង​ស៊ី​បង្ហិន​ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ដែល​ដុះ​នៅ​តាម​ទី​វាល។ ៦ វា​នឹង​ចូល​ពេញ​ក្នុង​វាំង​របស់​អ្នក ព្រម​ទាំង​ក្នុង​ផ្ទះ​របស់​ពួក​នាម៉ឺន​មន្ត្រី​ទាំង​អស់ និង​ផ្ទះ​របស់​ជន​ជាតិ​អេស៊ីប​ទាំង​អស់​ទៀត​ផង។ តាំង​ពី​ដូនតា​របស់​អ្នក​រហូត​មក​ទល់​សព្វ​ថ្ងៃ មិន​ដែល​មាន​នរណា​ជួប​ប្រទះ​ហេតុការណ៍​បែប​នេះ​ឡើយ”»។ បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន។
៧ ពួក​នាម៉ឺន​មន្ត្រី​ទាំង​ប៉ុន្មាន​ទូល​ស្ដេច​ថា៖ «តើ​ជន​នេះ​ធ្វើ​អោយ​យើង​រង​ទុក្ខ​លំបាក​ដល់​កាល​ណា​ទៀត? សូម​ព្រះករុណា​បើក​អោយ​ពួក​គេ​ចេញ​ទៅ​គោរព​បំរើ​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ទៅ តើ​ព្រះករុណា​មិន​ទាន់​ជ្រាប​ថា ស្រុក​អេស៊ីប​កំពុង​តែ​វិនាស​ទេ​ឬ?»។
៨ គេ​នាំ​លោក​ម៉ូសេ និង​លោក​អើរ៉ុន មក​គាល់​ព្រះចៅ​ផារ៉ោន ហើយ​ស្ដេច​ក៏​មាន​រាជឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បំរើ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ! ប៉ុន្តែ តើ​អ្នក​ណា​ខ្លះ​ត្រូវ​ចេញ​ទៅ?»។ ៩ លោក​ម៉ូសេ​ទូល​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស និង​កូន​ស្រី ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះអម្ចាស់»។ ១០ ស្ដេច​មាន​រាជឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះអម្ចាស់​ថា យើង​មិន​បើក​អោយ​អ្នក​រាល់​គ្នា​នាំ​គ្រួសារ​ចេញ​ទៅ​ជា​មួយ​ឡើយ ព្រោះ​យើង​ដឹង​ថា អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់។ ១១ ទេ មិន​កើត​ទេ! ទុក​អោយ​តែ​ប្រុសៗ ចេញ​ទៅ​គោរព​បំរើ​ព្រះអម្ចាស់​ប៉ុណ្ណោះ​បាន​ហើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​សុំ​ដូច្នេះ»។ បន្ទាប់​មក គេ​ក៏​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ព្រះចៅ​ផារ៉ោន។
១២ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លាត​ដៃ​របស់​អ្នក​លើ​ស្រុក​អេស៊ីប ដើម្បី​នាំ​ហ្វូង​កណ្ដូប​មក​លើ​ស្រុក​នេះ ហើយ​វា​នឹង​ស៊ី​អ្វីៗ​ទាំង​អស់ ដែល​នៅ​សេសសល់​ពី​ព្រឹល»។ ១៣ លោក​ម៉ូសេ​លើក​ដំបង​របស់​លោក​ទៅ​លើ​ស្រុក​អេស៊ីប ហើយ​ព្រះអម្ចាស់​ក៏​ធ្វើ​អោយ​មាន​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក​លើ​ស្រុក​អេស៊ីប អស់​មួយ​ថ្ងៃ​មួយ​យប់។ លុះ​ព្រឹក​ឡើង ខ្យល់​ពី​ទិស​ខាង​កើត​នាំ​ហ្វូង​កណ្ដូប​មក។ ១៤ ហ្វូង​កណ្ដូប​ហើរ​ចូល​មក​ស្រុក​អេស៊ីប​ទាំង​មូល ហើយ​ទំ​ពាសពេញ​លើ​ដែន​ដី។ វា​មាន​ចំនួន​ច្រើន​ឥត​គណនា តាំង​ពី​ដើម​រៀង​មក គេ​មិន​ដែល​ជួប​ប្រទះ​ដូច្នេះ​ទេ ហើយ​ត​ទៅ​មុខ​ទៀត ក៏​នឹង​គ្មាន​បែប​នេះ​ដែរ។ ១៥ វា​ទំ​ពាសពេញ​ផ្ទៃ​ដី​ទាំង​មូល ធ្វើ​អោយ​ផ្ទៃ​ដី​ខ្មៅ​ងងឹត។ វា​ស៊ី​បង្ហិន​អ្វីៗ​ទាំង​អស់ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេសសល់​ពី​ព្រឹល។ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល​គ្មាន​សល់​ស្លឹក​ឈើ ឬ​ស្មៅ នៅ​តាម​វាល​ឡើយ។
១៦ ពេល​នោះ ព្រះចៅ​ផារ៉ោន​ក៏​ប្រញាប់​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ខុស​នឹង​អ្នក​ទាំង​ពីរ​ដែរ។ ១៧ ឥឡូវ​នេះ សុំ​អត់ទោស​អោយ​យើង​ម្ដង​ទៀត​ចុះ ហើយ​ទូលអង្វរ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា សូម​ទ្រង់​ដក​គ្រោះ​កាច​ដ៏​សាហាវ​នេះ ចេញ​ពី​យើង​ទៅ»។
១៨ លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ទូលអង្វរ​ព្រះអម្ចាស់ ១៩  ព្រះអម្ចាស់​ធ្វើ​អោយ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​ពី​ទិស​ខាង​លិច នាំ​ហ្វូង​កណ្ដូប​ទាំង​ប៉ុន្មាន ទម្លាក់​ក្នុង​សមុទ្រ​កក់​អស់​ទៅ ដោយ​ពុំ​ទុក​អោយ​មាន​សល់​កណ្ដូប​ណា​មួយ​នៅ​លើ​ទឹក​ដី​អេស៊ីប​ឡើយ។ ២០ ប៉ុន្តែ ព្រះអម្ចាស់​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ ស្ដេច​មិន​បើក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​ទេ។
គ្រោះ​កាច​ទី​ប្រាំ​បួន: ភាព​ងងឹត​អន្ធការ
២១  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ភាព​ងងឹត​អន្ធការ​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប គឺ​ភាព​ងងឹត​សូន្យសុង មើល​អ្វី​មិន​ឃើញ​ឡើយ»។ ២២ លោក​ម៉ូសេ​លើក​ដៃ​ទៅ​លើ​មេឃ ពេល​នោះ ភាព​ងងឹត​សូន្យសុង​ក៏​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប​ទាំង​មូល​អស់​រយៈ​ពេល​បី​ថ្ងៃ។ ២៣ ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជាជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រាអែល​រស់​នៅ​មាន​ពន្លឺ។ ២៤ ព្រះចៅ​ផារ៉ោន​ក៏​អោយ​គេ​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បំរើ​ព្រះអម្ចាស់​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។ ២៥ លោក​ម៉ូសេ​ទូល​ស្ដេច​វិញ​ថា៖ «សូម​ព្រះករុណា​អនុញ្ញាត​អោយ​យើង​ខ្ញុំ​នាំ​សត្វ​ទាំង​នោះ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​ជា​យញ្ញបូជា និង​ជា​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ ២៦ យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ​អោយ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ថ្វាយ​ពួក​វា​មួយ​ចំនួន​ដល់​ព្រះអម្ចាស់ ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទីដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ថ្វាយ​សត្វ​ណា​នៅ​ឡើយ»។ ២៧  ព្រះអម្ចាស់​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ គឺ​មិន​ព្រម​បើក​អោយ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។
២៨ ព្រះចៅ​ផារ៉ោន​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ! កុំ​ត្រឡប់​មក​អោយ​យើង​ឃើញ​មុខ​ទៀត​អោយ​សោះ នៅ​ថ្ងៃ​ដែល​អ្នក​វិល​មក​ជួប​យើង​ទៀត នោះ​អ្នក​មុខ​ជា​ស្លាប់​ពុំខាន!»។ ២៩ លោក​ម៉ូសេ​តប​ថា៖ «ក្រាប​ទូល! ទូលបង្គំ​នឹង​លែង​ជួប​ព្រះភក្ត្រ​ព្រះករុណា ដូច​ព្រះករុណា​មាន​រាជឱង្ការ​មែន!»។