២២
ច្បាប់ស្ដីអំពីចោរ
១ ប្រសិនបើអ្នកណាលួចគោ ឬចៀម យកទៅសម្លាប់ ឬយកទៅលក់ អ្នកនោះត្រូវសងគោមួយជាប្រាំ និងចៀមមួយជាបួនទៅអោយម្ចាស់សត្វវិញ។
២ ប្រសិនបើគេសម្លាប់ចោរដែលគេទាន់កំពុងតែលួច នៅពេលយប់ អ្នកសម្លាប់ចោរនោះមិនត្រូវមានទោសឡើយ។
៣ ប៉ុន្តែ បើហេតុការណ៍នេះកើតឡើងនៅពេលថ្ងៃ អ្នកសម្លាប់ចោរនឹងត្រូវមានទោស។ ត្រូវពិន័យចោរ តែបើចោរនោះគ្មានអ្វីបង់ទេ ត្រូវលក់គេជាទាសករ។
៤ ប្រសិនបើគេរកឃើញគោ លា ឬចៀមនៅរស់ក្នុងដៃចោរ ចោរត្រូវតែសងសត្វនោះវិញមួយជាពីរ។
ច្បាប់ការពារកម្មសិទ្ធិ
៥ ប្រសិនបើអ្នកណាបណ្ដោយអោយហ្វូងសត្វរបស់ខ្លួន ទៅស៊ីបំផ្លាញស្រែ ឬចំការទំពាំងបាយជូររបស់អ្នកដទៃ អ្នកនោះត្រូវយកភោគផលដ៏ល្អបំផុតពីស្រែ និងពីចំការទំពាំងបាយជូររបស់ខ្លួនទៅសងគេវិញ។
៦ ប្រសិនបើអ្នកណាដុតគុម្ពបន្លា ធ្វើអោយភ្លើងរាលទៅឆេះកណ្ដាប់ស្រូវ ឬឆេះស្រូវទុំ ឬមិនទាន់ទុំក្ដី អ្នកនោះត្រូវតែបង់ជំងឺចិត្តទៅអោយម្ចាស់ស្រែ។
៧ បើអ្នកណាផ្ញើប្រាក់ ឬវត្ថុអ្វីផ្សេងទៀតអោយអ្នកដទៃថែរក្សា ហើយមានចោរលួចរបស់ទាំងនោះពីផ្ទះអ្នកថែរក្សា ប្រសិនបើគេចាប់ចោរបាន ចោរនោះត្រូវសងរបស់គេមួយជាពីរ។
៨ ប្រសិនបើចាប់ចោរមិនបានទេ នោះត្រូវនាំម្ចាស់ផ្ទះទៅស្បថនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ថា គាត់មិនបានបន្លំយកទ្រព្យសម្បត្តិរបស់គេឡើយ។
៩ បើនរណាម្នាក់បាត់គោ លា កូនចៀម អាវធំ ឬវត្ថុអ្វីផ្សេងទៀត ហើយមានម្នាក់ទៀតប្រកាន់ថាជារបស់ខ្លួន ក្នុងករណីដណ្ដើមកម្មសិទ្ធិគ្នា អ្នកទាំងពីរត្រូវនាំគ្នាទៅនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ អ្នកដែលព្រះអង្គប្រកាសថាមានកំហុស ត្រូវសងទៅម្ចាស់របស់មួយជាពីរ។
១០ បើអ្នកណាម្នាក់យកលា គោ កូនចៀម ឬសត្វដទៃទៀត ទៅផ្ញើអ្នកដទៃមើលអោយ រួចសត្វនោះងាប់ ឬរបួស ឬត្រូវគេលួចយកទៅ ដោយគ្មាននរណាឃើញ
១១ ទាំងអ្នកផ្ញើសត្វ ទាំងអ្នកទទួលបញ្ញើ ត្រូវនាំគ្នាទៅនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយអ្នកទទួលបញ្ញើត្រូវស្បថថា គាត់មិនបានធ្វើអ្វីប៉ះពាល់សត្វរបស់គេឡើយ។ ម្ចាស់សត្វត្រូវតែទទួលយកពាក្យសម្បថនេះ រីឯអ្នកទទួលបញ្ញើក៏មិនត្រូវសងជំងឺចិត្តដែរ។
១២ ផ្ទុយទៅវិញ បើមានចោរលួចសត្វនោះនៅផ្ទះរបស់អ្នកទទួលបញ្ញើ គាត់ត្រូវតែសងជំងឺចិត្តទៅម្ចាស់សត្វ។
១៣ ប្រសិនបើសត្វនោះងាប់ដោយសារសត្វព្រៃហែកស៊ី អ្នកទទួលបញ្ញើត្រូវយកចំណែក ដែលនៅសល់មកធ្វើជាភស្ដុតាង ហើយគាត់មិនត្រូវសងជំងឺចិត្តទេ។
១៤ ប្រសិនបើអ្នកណាខ្ចីសត្វពាហនៈពីអ្នកជិតខាងខ្លួន ហើយសត្វនោះត្រូវរបួស ឬងាប់ ពេលម្ចាស់មិននៅ អ្នកនោះត្រូវតែសងជំងឺចិត្ត។ ប៉ុន្តែ បើម្ចាស់នៅជាមួយដែរ នោះអ្នកខ្ចីមិនត្រូវសងអ្វីទេ។
១៥ ប្រសិនបើគាត់ជួលសត្វនោះមក គាត់ត្រូវតែបង់ថ្លៃឈ្នួល។
ច្បាប់សីលធម៌ផ្សេងៗ
១៦ បើអ្នកណាល្បួងស្ត្រីក្រមុំដែលមិនទាន់មានគូដណ្ដឹង ហើយរួមរ័កជាមួយនាង អ្នកនោះត្រូវបង់បណ្ដាការ រួចយកនាងធ្វើជាភរិយា។
១៧ ប្រសិនបើឪពុកនាងប្រកែកដាច់ខាតមិនព្រមលើកនាងអោយទេ អ្នកនោះត្រូវបង់ប្រាក់តាមតម្លៃបណ្ដាការ សំរាប់ស្ត្រីក្រមុំ។
១៨ មិនត្រូវទុកអោយស្ត្រីអាបធ្មប់នៅរស់ឡើយ។
១៩ អ្នករួមរ័កជាមួយសត្វ ត្រូវតែទទួលទោសដល់ជីវិត។
២០ អ្នកដែលថ្វាយយញ្ញបូជាដល់ព្រះដទៃ ក្រៅពីព្រះអម្ចាស់ ត្រូវតែសម្លាប់ចោល។
២១ មិនត្រូវជិះជាន់ ឬសង្កត់សង្កិនជនបរទេសដែលរស់នៅជាមួយអ្នកឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេសនៅស្រុកអេស៊ីបដែរ។
២២ មិនត្រូវធ្វើបាបស្ត្រីមេម៉ាយ ឬក្មេងកំព្រាឡើយ។
២៣ ប្រសិនបើអ្នកធ្វើបាបពួកគេ ហើយពួកគេស្រែកហៅយើង យើងប្រាកដជាស្ដាប់សំរែករបស់ពួកគេ។
២៤ យើងនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង យើងនឹងប្រហារអ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្ត្រីមេម៉ាយ ហើយកូនរបស់អ្នករាល់គ្នានឹងទៅជាក្មេងកំព្រា។
២៥ ប្រសិនបើអ្នកអោយជនទុគ៌តណាម្នាក់ ក្នុងចំណោមប្រជាជនរបស់យើងខ្ចីប្រាក់ មិនត្រូវប្រព្រឹត្តចំពោះគេដូចជាអ្នកចងការប្រាក់ឡើយ គឺកុំទារការប្រាក់ពីគេជាដាច់ខាត។
២៦ ប្រសិនបើអ្នករាល់គ្នាទទួលអាវធំដែលអ្នកដទៃយកមកបញ្ចាំ ត្រូវប្រគល់ទៅគេវិញមុនពេលថ្ងៃលិច
២៧ ដ្បិតអ្នកនោះគ្មានអ្វីផ្សេងទៀតដណ្ដប់ទេ បើគ្នាគ្មានអាវធំ តើបានអ្វីដណ្ដប់នៅពេលដេក? ប្រសិនបើគេស្រែករកយើង យើងនឹងស្ដាប់ពាក្យគេ ដ្បិតយើងមានចិត្តអាណិតមេត្តា។
២៨ មិនត្រូវជេរប្រមាថព្រះជាម្ចាស់ ហើយក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
២៩ ត្រូវយកភោគផលដំបូងនៃស្រែចំការរបស់អ្នកមកអោយយើង កុំបីអាក់ខានឡើយ។ ត្រូវញែកកូនប្រុសច្បងរបស់អ្នកទុកសំរាប់យើង។
៣០ រីឯកូនដំបូងរបស់គោ និងចៀម ក៏ត្រូវញែកទុកអោយយើងដែរ។ ត្រូវទុកកូនគោ ឬកូនចៀមអោយនៅជាមួយមេវា ក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយនៅថ្ងៃទីប្រាំបី ត្រូវយកមកអោយយើង។
៣១ យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សដ៏វិសុទ្ធ ដូច្នេះ មិនត្រូវបរិភោគសាច់សត្វដែលសត្វព្រៃហែកស៊ីនោះឡើយ តែត្រូវបោះសាច់នោះទៅអោយឆ្កែស៊ីវិញ។