៣
១ លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជាចារ្យនៅស្រុកម៉ាឌាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។
២ នៅទីនោះ ទេវតា*របស់ព្រះអម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត អោយលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។
៣ លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។
៤ ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។
៥ ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។
៦ យើងជាព្រះដែលឪពុកអ្នកតែងគោរពបំរើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។
៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
៨ ដូច្នេះ យើងចុះមក ដើម្បីរំដោះពួកគេអោយរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ យើងនឹងនាំពួកគេចេញពីស្រុកនោះទៅនៅស្រុកមួយមានជីជាតិល្អ ធំទូលាយ ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរ គឺស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។
៩ ឥឡូវនេះ សំរែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។
១០ ឥឡូវនេះ យើងចាត់អ្នកអោយទៅជួបស្ដេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីប»។
ព្រះជាម្ចាស់សំដែងអោយលោកម៉ូសេស្គាល់ព្រះនាមរបស់ព្រះអង្គ
១១ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «តើទូលបង្គំមានឋានៈអ្វីបានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោន និងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។
១២ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបំរើយើងនៅលើភ្នំនេះ ដែលជាទីសំគាល់ថា យើងបានចាត់អ្នកអោយទៅមែន»។
១៣ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា: ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំអោយមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?»។
១៤ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះអម្ចាស់ដែលមានជីវិតគង់នៅ” ចាត់ខ្ញុំអោយមកជួបអ្នករាល់គ្នា»។
១៥ ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ: “ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំអោយមកជួបអ្នករាល់គ្នា”។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សំរាប់អោយមនុស្សលោកនឹកដល់យើង អស់កល្បជាអង្វែងតរៀងទៅ។
១៦ ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែល ប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញអោយខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។
១៧ យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។
១៨ ពួកគេនឹងស្ដាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្ដេចស្រុកអេស៊ីបជាមួយចាស់ទុំជនជាតិអ៊ីស្រាអែល ហើយទូលថា “ព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺ បានយាងមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតអោយយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ”។
១៩ យើងដឹងថា ស្ដេចស្រុកអេស៊ីបមិនអនុញ្ញាតអោយអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើបារមីដ៏ខ្លាំងពូកែបង្ខំ ទើបស្ដេចយល់ព្រម។
២០ យើងនឹងសំដែងបារមីប្រហារស្រុកអេស៊ីប ដោយធ្វើការអស្ចារ្យគ្រប់យ៉ាង នៅក្នុងចំណោមពួកគេ។ បន្ទាប់មក ទើបស្ដេចអនុញ្ញាតអោយអ្នករាល់គ្នាចេញពីស្រុកនោះ។
២១ យើងនឹងធ្វើអោយជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនរបស់អ្នក ហើយពេលអ្នករាល់គ្នាចេញមកនោះ មិនមែនចេញមកដោយដៃទទេឡើយ។
២២ ស្ត្រីអ៊ីស្រាអែលម្នាក់ៗនឹងសុំរបស់របរពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាង ឬរស់នៅជាមួយគ្នា គឺមានមាសប្រាក់ ព្រមទាំងសម្លៀកបំពាក់ដែលអ្នករាល់គ្នាយកមកអោយកូនប្រុសកូនស្រីរបស់ខ្លួន។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។