៣៤
បន្ទះថ្មថ្មី
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ។ យើងនឹងសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចារឹកលើបន្ទះថ្ម ដែលអ្នកបានធ្វើអោយបែក លើបន្ទះថ្មថ្មីនេះ។
២ ចូរត្រៀមខ្លួនតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណៃ រួចរង់ចាំយើងនៅលើកំពូលភ្នំ។
៣ មិនត្រូវអោយនរណាឡើងមកជាមួយអ្នក មិនត្រូវអោយមាននរណានៅលើភ្នំនេះ ហើយសូម្បីតែចៀម ឬគោ ក៏មិនត្រូវអោយមកស៊ីស្មៅនៅតាមជើងភ្នំដែរ»។
៤ លោកម៉ូសេក៏ដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន។ លោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណៃ តាមបញ្ជារបស់ព្រះអម្ចាស់ ទាំងកាន់បន្ទះថ្មពីរនោះទៅជាមួយផង។
៥ ព្រះអម្ចាស់បានចុះមកក្នុងពពក* ហើយគង់នៅទីនោះ ក្បែរលោកម៉ូសេ ទាំងប្រកាសព្រះនាមព្រះអម្ចាស់។
៦ បន្ទាប់មក ព្រះអម្ចាស់បានឆ្លងកាត់ពីមុខលោកម៉ូសេ ទាំងប្រកាសថា៖ «ព្រះអម្ចាស់ ព្រះអម្ចាស់ ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។
៧ ព្រះអង្គសំដែងព្រះហឫទ័យមេត្តាករុណា រហូតដល់មួយពាន់ដំណ ព្រះអង្គតែងតែអត់ទោសចំពោះកំហុស អំពើទុច្ចរិត និងអំពើបាបដែលមនុស្សបានប្រព្រឹត្ត តែព្រះអង្គមិនចាត់ទុកអ្នកមានកំហុសថាជាជនស្លូតត្រង់ឡើយ។ អ្នកធ្វើខុស ព្រះអង្គដាក់ទោសគេចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ!»។
៨ លោកម៉ូសេប្រញាប់ប្រញាល់ក្រាបដល់ដី ថ្វាយបង្គំព្រះអម្ចាស់។
៩ លោកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្រសិនបើព្រះអង្គគាប់ព្រះហឫទ័យនឹងទូលបង្គំមែន សូមព្រះអង្គយាងទៅជាមួយយើងខ្ញុំផង។ ប្រជាជនទាំងនេះជាមនុស្សរឹងរូស ប៉ុន្តែ ព្រះអង្គអត់ទោសចំពោះកំហុស និងអំពើបាប ដែលយើងខ្ញុំបានប្រព្រឹត្ត ហើយព្រះអង្គទទួលយើងខ្ញុំជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ»។
ព្រះអម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលសាជាថ្មី
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា។ យើងនឹងសំដែងការអស្ចារ្យ អោយប្រជាជនអ៊ីស្រាអែលឃើញ ជាការអស្ចារ្យដែលមិនធ្លាប់មានកាលពីមុនមក នៅលើផែនដី និងនៅក្នុងចំណោមប្រជាជាតិនានា។ ប្រជាជននៅជាមួយអ្នកនឹងឃើញស្នាព្រះហស្ដដ៏គួរអោយកោតស្ញប់ស្ញែង ដែលព្រះអម្ចាស់បានធ្វើ តាមរយៈអ្នក។
១១ ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្ដេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។
១២ ចូរប្រយ័ត្នមិនត្រូវចងសម្ពន្ធមិត្តជាមួយប្រជាជននៅក្នុងស្រុក ដែលអ្នកនឹងចូលទៅរស់នៅនោះឡើយ ក្រែងលោពួកគេក្លាយទៅជាអន្ទាក់ ក្នុងចំណោមអ្នក។
១៣ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវបំផ្លាញអាសនៈរបស់ពួកគេ បំបាក់ស្ដូបរបស់ពួកគេ ព្រមទាំងផ្ដួលរំលំបង្គោលសក្ការៈរបស់ពួកគេទៀតផង។
១៤ មិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ដ្បិតយើងជាព្រះអម្ចាស់ យើងមិនចង់អោយអ្នកជំពាក់ចិត្តនឹងព្រះផ្សេងជាដាច់ខាត។
១៥ កុំចងសម្ពន្ធមិត្តជាមួយប្រជាជននៅស្រុកនោះ ក្រែងលោពេលណាគេធ្វើយញ្ញបូជាដល់ព្រះរបស់គេ គេនឹងអញ្ជើញអ្នកអោយចូលរួមបរិភោគ ជាហេតុនាំអោយអ្នកក្បត់ចិត្តយើង។
១៦ ម្យ៉ាងទៀត បើកូនប្រុសរបស់អ្នករៀបការជាមួយកូនស្រីរបស់គេ ពេលកូនស្រីរបស់គេថ្វាយបង្គំព្រះរបស់ខ្លួន នោះនាងក៏នាំកូនប្រុសរបស់អ្នក អោយក្បត់ចិត្តយើងដែរ។
១៧ មិនត្រូវយកលោហធាតុមកសិតធ្វើជារូបព្រះឡើយ។
១៨ ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែចេត្រនោះ យើងបាននាំអ្នកចេញពីស្រុកអេស៊ីប។
១៩ កូនប្រុសច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ហើយកូនឈ្មោលដំបូងរបស់គោ និងចៀមពីក្នុងហ្វូងសត្វរបស់អ្នក ក៏ជាកម្មសិទ្ធិរបស់យើងដែរ។
២០ រីឯកូនដំបូងរបស់សត្វលា អ្នកត្រូវយកកូនចៀមមកលោះ បើអ្នកមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នកក៏ត្រូវលោះកូនប្រុសច្បងទាំងអស់របស់អ្នកដែរ។ មិនត្រូវចូលមករកយើង ដោយដៃទទេឡើយ។
២១ អ្នកត្រូវធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទ* ទោះបីនៅរដូវភ្ជួររាស់ ឬរដូវច្រូតកាត់ក៏ដោយ។
២២ អ្នកត្រូវធ្វើពិធីបុណ្យថ្ងៃទីហាសិប* នៅពេលចាប់ផ្ដើមច្រូតស្រូវ ហើយធ្វើពិធីបុណ្យប្រមូលភោគផលនៅចុងឆ្នាំ។
២៣ ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជន ប្រុសៗទាំងអស់ត្រូវមកបង្ហាញខ្លួន នៅចំពោះព្រះភក្ត្រព្រះជាអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលចំនួនបីដង។
២៤ កាលយើងបណ្ដេញជាតិសាសន៍នានាចេញពីមុខអ្នក យើងនឹងពង្រីកទឹកដីរបស់អ្នក។ ក្នុងអំឡុងពេលទាំងបីដងក្នុងមួយឆ្នាំ ដែលអ្នកមកបង្ហាញខ្លួន នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក គ្មាននរណាលោភលន់ចង់បានដីរបស់អ្នកឡើយ។
២៥ មិនត្រូវយកនំបុ័ងមានមេ មកថ្វាយជាមួយឈាមនៃយញ្ញបូជាឡើយ ហើយក៏មិនត្រូវរក្សាសាច់របស់យញ្ញបូជានៃពិធីបុណ្យចម្លង រហូតដល់ព្រឹកស្អែកដែរ។
២៦ ចូរនាំយកភោគផលដំបូងបង្អស់នៃដំណាំរបស់អ្នករាល់គ្នា មកថ្វាយក្នុងដំណាក់នៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
២៧ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាពាក្យទាំងនេះទុក ដ្បិតពាក្យទាំងនេះជាមូលដ្ឋាននៃសម្ពន្ធមេត្រី ដែលយើងចងជាមួយអ្នក និងប្រជាជនអ៊ីស្រាអែល»។
២៨ លោកម៉ូសេស្ថិតនៅលើភ្នំជាមួយព្រះអម្ចាស់ អស់រយៈពេលសែសិបថ្ងៃ សែសិបយប់ ដោយមិនបរិភោគអ្វីឡើយ សូម្បីតែទឹកក៏លោកមិនបរិភោគដែរ។ លោកចារព្រះបន្ទូលនៃសម្ពន្ធមេត្រី ដែលជាបទបញ្ជាទាំងដប់នៅលើបន្ទះថ្ម។
លោកម៉ូសេចុះពីភ្នំស៊ីណៃ
២៩ លោកម៉ូសេចុះពីភ្នំស៊ីណៃមកវិញ ដោយកាន់បន្ទះថ្មទាំងពីរដែលជាសន្ធិសញ្ញា។ ពេលចុះពីភ្នំ លោកពុំដឹងថាផ្ទៃមុខរបស់លោកបញ្ចេញរស្មី ព្រោះតែលោកបានសន្ទនាជាមួយព្រះអម្ចាស់នោះទេ។
៣០ លោកអើរ៉ុន និងជនជាតិអ៊ីស្រាអែលទាំងអស់ ឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតលោកឡើយ។
៣១ លោកម៉ូសេបានហៅពួកគេ ហើយលោកអើរ៉ុន និងមេដឹកនាំសហគមន៍ក៏នាំគ្នាចូលមកជិតលោក រួចលោកមានប្រសាសន៍ជាមួយពួកគេ។
៣២ បន្ទាប់មក ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចូលមកជិតលោក ហើយលោកក៏ថ្លែងប្រាប់ពួកគេនូវបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកនៅលើភ្នំស៊ីណៃ។
៣៣ កាលលោកម៉ូសេមានប្រសាសន៍ទៅពួកគេចប់សព្វគ្រប់ហើយ លោកក៏យកស្បៃមកបាំងមុខ។
៣៤ ពេលណាលោកម៉ូសេចូលទៅគាល់ព្រះអម្ចាស់ ដើម្បីសន្ទនាជាមួយព្រះអង្គ លោកដោះស្បៃមុខ រហូតដល់ចេញមកវិញ។ ពេលលោកចេញមកវិញ លោកក៏នាំបទបញ្ជាផ្សេងៗ ដែលលោកបានទទួលយកមកប្រាប់ជនជាតិអ៊ីស្រាអែល។
៣៥ ជនជាតិអ៊ីស្រាអែលឃើញផ្ទៃមុខរបស់លោកម៉ូសេបញ្ចេញរស្មី លោកក៏យកស្បៃមកបាំងមុខ រហូតទាល់តែដល់ពេលដែលលោកចូលទៅសន្ទនាជាមួយព្រះអម្ចាស់។