៣
១ ដោយយើងពុំអាចទ្រាំតទៅទៀតបាន យើងក៏សំរេចចិត្តស្នាក់នៅក្រុងអាថែន តែគ្នាយើង
២ ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយព្រះជាម្ចាស់ ក្នុងការប្រកាសដំណឹងល្អ*របស់ព្រះគ្រិស្ដ អោយមកជួយពង្រឹង និងដាស់តឿនបងប្អូនអោយមានជំនឿរឹងប៉ឹងឡើង
៣ ដើម្បីកុំអោយមាននរណាម្នាក់ធ្លាក់ទឹកចិត្ត ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានតំរូវអោយយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។
៤ កាលយើងនៅជាមួយបងប្អូននៅឡើយ យើងបានជំរាបបងប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបងប្អូនជ្រាបស្រាប់។
៥ ហេតុនេះ ដោយខ្ញុំពុំអាចទ្រាំតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេអោយមកយកដំណឹងអំពីជំនឿរបស់បងប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបងប្អូនបាន បណ្ដាលអោយការនឿយហត់របស់យើង បែរទៅជាអសារបង់វិញ។
៦ ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនមកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូន នៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។
៧ ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើអោយចិត្តយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្តគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី។
៨ ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួន ជាមួយព្រះអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។
៩ យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរព្រះគុណព្រះជាម្ចាស់អំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើអោយយើងមានអំណររីករាយ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់របស់យើង។
១០ ទាំងយប់ទាំងថ្ងៃ យើងទទូចសូមព្រះអង្គមេត្តាប្រោសអោយបានឃើញមុខបងប្អូន ព្រមទាំងប្រទានអោយជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។
១១ សូមព្រះជាម្ចាស់ផ្ទាល់ ជាព្រះបិតារបស់យើង និងព្រះយេស៊ូជាអម្ចាស់នៃយើងទ្រង់រៀបចំផ្លូវអោយយើងមករកបងប្អូន។
១២ សូមព្រះអម្ចាស់ប្រទានអោយបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។
១៣ សូមព្រះអង្គប្រទានអោយចិត្តគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង អោយបងប្អូនបានវិសុទ្ធឥតខ្ចោះ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាព្រះបិតារបស់យើង ក្នុងពេលព្រះយេស៊ូជាអម្ចាស់នៃយើងយាងមក ជាមួយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ!