២
ការសង្គ្រោះដ៏ថ្លៃវិសេស 
១ ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់អោយមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ 
២ ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ 
៣ ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងអោយរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម ព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ ក៏បញ្ជាក់ប្រាប់យើងដែរ។ 
៤ ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ*មក ស្របតាមព្រះហឫទ័យព្រះអង្គផង។ 
៥ ព្រះជាម្ចាស់ពុំបានប្រគល់អោយពួកទេវតា*ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ 
៦ ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖ 
«តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹក 
ដល់គេដូច្នេះ 
តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក 
ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»? 
៧  «ព្រះអង្គបានធ្វើអោយគេមានឋានៈទាបជាង 
ទេវតាតែមួយរយៈប៉ុណ្ណោះ 
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ 
ទុកជាមកុដរាជ្យ 
៨  ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់អោយ 
នៅក្រោមជើងរបស់គេ»។ 
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកអោយមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ 
៩ តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និងសោយទិវង្គតនោះ ឥឡូវនេះ ព្រះអង្គទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្ដបានសោយទិវង្គតសំរាប់មនុស្សគ្រប់ៗរូប។ 
១០ អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និងសំរាប់ព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនអោយទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គ ប្រោសប្រទានអោយម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។ 
១១ ព្រះយេស៊ូដែលប្រោសមនុស្សអោយបានវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសអោយបាន វិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់ព្រះអង្គឡើយ 
១២ គឺព្រះអង្គមានព្រះបន្ទូលថា៖ 
«ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម 
របស់ព្រះអង្គអោយបងប្អូនទូលបង្គំស្គាល់ 
ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ 
នៅក្នុងអង្គប្រជុំ»។ 
១៣ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ 
«ទូលបង្គំទុកចិត្តលើព្រះអង្គ» 
ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ 
ដែលព្រះជាម្ចាស់ប្រទានអោយខ្ញុំ»។ 
១៤ ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកំទេចមារ*ដែលមានអំណាចលើសេចក្ដីស្លាប់ 
១៥ និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ 
១៦ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវតា*ទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ 
១៧ ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ចំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ*ដែលមានចិត្តមេត្តាករុណា មានចិត្តស្មោះត្រង់ក្នុងការបំរើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនអោយរួចផុតពីបាប*ផង។ 
១៨ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល ព្រះអង្គក៏អាចជួយ អស់អ្នកដែលជួបនឹងការល្បងលបានដែរ។