៤
១ ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាអោយយើងចូលទៅសំរាកជាមួយព្រះអង្គនោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាច ក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់
២ ដ្បិតយើងក៏បានទទួលដំណឹងល្អ*ដូចពួកគេដែរ។ ក៏ប៉ុន្តែ ព្រះបន្ទូលដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះ ពុំបានជ្រួតជ្រាបចូលក្នុងចិត្តគេដោយជំនឿឡើយ។
៣ ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនអោយពួកគេចូលមកសំរាក ជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសំរាកជាមួយព្រះអង្គហើយ។
ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ
៤ ដ្បិតមានចែងទុកត្រង់វគ្គមួយស្ដីអំពីថ្ងៃទីប្រាំពីរថាៈព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីររួច ព្រះអង្គក៏សំរាក។
៥ ក្នុងអត្ថបទគម្ពីរខាងលើនេះ មានចែងសាជាថ្មីថាៈ «ពួកគេនឹងមិនបានចូលទៅសំរាកជាមួយយើងជាដាច់ខាត»។
៦ ព្រះជាម្ចាស់បានតំរូវអោយអ្នកខ្លះចូលទៅសំរាក ក៏ប៉ុន្តែ ដោយអស់អ្នកដែលទទួលដំណឹងល្អពីមុនមិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់
៧ ព្រះអង្គក៏កំណត់យក“ថ្ងៃនេះ”មួយទៀត គឺព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌ ជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថាៈ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ»។
៨ ប្រសិនបើលោកយ៉ូស្វេនាំប្រជារាស្ត្រអោយបានសំរាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។
៩ ដូច្នេះ ព្រះជាម្ចាស់បានតំរូវទុកអោយមានថ្ងៃសំរាកមួយទៀត សំរាប់ប្រជារាស្ត្ររបស់ព្រះអង្គដូចព្រះអង្គសំរាកនៅថ្ងៃទីប្រាំពីរដែរ
១០ ដ្បិតអ្នកណាចូលទៅសំរាកជាមួយព្រះជាម្ចាស់ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួន ដូចព្រះជាម្ចាស់បង្ហើយកិច្ចការរបស់ព្រះអង្គដែរ។
១១ ហេតុនេះ យើងត្រូវតែខ្នះខ្នែង ចូលទៅរកសំរាកជាមួយព្រះអង្គនោះវិញ កុំអោយមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតំរាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ
១២ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជំរៅចិត្តមនុស្ស។
១៣ គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។
ព្រះយេស៊ូជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់លើសមហាបូជាចារ្យនៃសម្ពន្ធមេត្រីចាស់
១៤ ដោយយើងមានមហាបូជាចារ្យ*មួយរូបដ៏ប្រសើរឧត្ដម ដែលបានយាងកាត់ស្ថានបរមសុខ* គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ អោយបានមាំមួន
១៥ ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ចំពូកដូចយើងដែរ តែទ្រង់មិនបានប្រព្រឹត្តអំពើបាបសោះឡើយ
១៦ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្ត ដើម្បីអោយបានទទួលព្រះហឫទ័យមេត្តា និងព្រះគុណទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។