៩
ការគោរពថ្វាយបង្គំព្រះជាម្ចាស់តាមរបៀបចាស់ និងតាមរបៀបថ្មី
១ ក្នុងសម្ពន្ធមេត្រីទីមួយ មានក្បួនផ្សេងៗសំរាប់គោរពបំរើព្រះជាម្ចាស់ និងមានទីសក្ការៈនៅលើផែនដីនេះ
២ ព្រោះគេបានដំឡើងព្រះពន្លា*មួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំបុ័ងតង្វាយ។
៣ បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីសក្ការៈបំផុត”។
៤ នៅទីនោះ មានភាជន៍មួយធ្វើពីមាស សំរាប់ដុតគ្រឿងក្រអូប និងមានហិប*នៃសម្ពន្ធមេត្រីស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុន ដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។
៥ នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីន* ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំអោយរួចពីបាប* រូបនោះបង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់។ ប៉ុន្តែ យើងមិនបាច់រៀបរាប់អោយបានល្អិតល្អន់ នៅពេលនេះទេ។
៦ អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបំរើនៅផ្នែកខាងមុខនៃព្រះពន្លានោះជាប្រក្រតី។
៧ រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបានមួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាងកំហុសរបស់ខ្លួនលោកផ្ទាល់ និងកំហុសរបស់ប្រជាជន។
៨ ត្រង់នេះព្រះវិញ្ញាណដ៏វិសុទ្ធ*បង្ហាញអោយយើងដឹងថា ដរាបណាផ្នែកខាងមុខនៃព្រះពន្លានៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈ ក៏ពុំទាន់បើកចំហអោយយើងចូលទៅបានដែរ។
៩ នេះហើយជានិមិត្តរូប សំរាប់បច្ចុប្បន្នកាល គឺមានន័យថាតង្វាយ និងយញ្ញបូជាដែលមនុស្សយកមកថ្វាយព្រះជាម្ចាស់ ពុំអាចធ្វើអោយមនសិការរបស់អ្នកដែលមកគោរពបំរើ ទៅជាគ្រប់លក្ខណៈបានឡើយ។
១០ ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និងអំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលព្រះជាម្ចាស់កែទំរង់អ្វីៗទាំងអស់ឡើងវិញ។
១១ រីឯព្រះគ្រិស្ដវិញ ព្រះអង្គបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។
១២ ព្រះអង្គពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ចូលទៅថ្វាយ ក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។
១៣ ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើអោយរូបកាយគេបានបរិសុទ្ធ និងអោយគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ
១៤ ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្ដវិញ តើនឹងរឹតតែជំរះមនសិការយើងអោយបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបំរើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណ ដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្ដបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។
១៥ ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីអោយអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យាព្រោះព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីលោះមនុស្សលោកអោយរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
១៦ ធម្មតា គេអាចចែកកេរមត៌កតាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះ ស្លាប់ទៅហើយ
១៧ ព្រោះពាក្យបណ្ដាំអាចយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់គេពុំអាចអនុវត្តតាមពាក្យបណ្ដាំនោះបានឡើយ។
១៨ ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុន ក៏ចាប់ផ្ដើមយកជាការបានទាល់តែមានការបង្ហូរឈាម។
១៩ ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ ស្របតាមក្រឹត្យវិន័យ* អោយប្រជាជនទាំងមូលស្ដាប់រួចហើយ លោកយករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុបមកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគម្ពីរ ព្រមទាំងលើប្រជាជនទាំងមូល
២០ លោកមានប្រសាសន៍ថាៈ«នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់អោយអ្នករាល់គ្នាកាន់តាម»។
២១ បន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សំរាប់គោរពបំរើព្រះជាម្ចាស់ដែរ។
២២ តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។
ព្រះគ្រិស្ដជាយញ្ញបូជារំដោះបាប
២៣ អ្វីៗដែលគ្រាន់តែជាតំណាង តាមគំរូនៅស្ថានបរមសុខ* បានបរិសុទ្ធ* ដោយពិធីទាំងនេះទៅហើយ ចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅស្ថានបរមសុខនោះវិញ ត្រូវតែមានយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀតទើបបានបរិសុទ្ធ។
២៤ ព្រះគ្រិស្ដពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្ដង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។
២៥ ព្រះគ្រិស្ដពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យ*ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។
២៦ បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។
២៧ មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា
២៨ ព្រះគ្រិស្ដក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។