ប្រជាជន​របស់​ព្រះជាម្ចាស់​នឹង​បាត់​បង់​អ្វីៗ​ទាំង​អស់
១ អ៊ីស្រាអែល​អើយ កុំ​ត្រេកអរ
និង​សប្បាយ​រីករាយ
ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ
ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ
ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន
អ្នក​ចូល​ចិត្ត​ទទួល​កំរៃ​មិន​បរិសុទ្ធ
ដោយ​ធ្វើ​ពិធី​សែនព្រេន​នៅ​តាម
លាន​បោក​ស្រូវ។
២ ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រសជាតិ​ស្រូវ
ដែល​គេ​បោក​បែន ឬ​ប្រេង​ដែល​គេ​គាប
ហើយ​ស្រា​ទំពាំងបាយជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។
៣ ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់​ព្រះអម្ចាស់
អេប្រាអ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញ
ហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ
នៅ​ស្រុក​អាស្ស៊ីរី។
៤ ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួចស្រា​ថ្វាយ​ព្រះអម្ចាស់
យញ្ញបូជា​របស់​ពួក​គេ​មិន​គាប់​ព្រះហឫទ័យ
របស់​ព្រះអង្គ​ឡើយ។
សាច់​នៃ​យញ្ញបូជា​ដែល​ពួក​គេ​បរិភោគ
ប្រៀប​ដូច​ជា​អាហារ​សំរាប់​អ្នក​កាន់​ទុក្ខ
អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ
នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។
អាហារ​របស់​គេ​បាន​ត្រឹម​តែ
ចំអែត​ក្រពះ​ប៉ុណ្ណោះ
គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់
ព្រះអម្ចាស់​បាន​ឡើយ។
៥ តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យ
សំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះអម្ចាស់?
៦ មើល​ចុះ! ពួក​គេ​ចាក​ចេញ​ទៅ
ព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។
ស្រុក​អេស៊ីប​ទទួល​ពួក​គេ
ពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូប
ចោល​ទ្រព្យសម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែ
ហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំនៅ​របស់​ពួក​គេ។
៧ អ៊ីស្រាអែល​ត្រូវ​តែ​ដឹង​ថា
គ្រា​ដែល​ព្រះជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយ
គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ
ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់សតិ
ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង
ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី
ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់
និង​អំពើ​ឃោរឃៅ​ដ៏​ច្រើន​របស់​អ្នក។
៨ អ្នក​យាមល្បាត​អោយ​អេប្រាអ៊ីម គឺ​ព្យាការី
ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។
គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិសទី
ហើយ​គេ​ប្រឆាំង​នឹង​គាត់
នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។
៩ ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយ
កាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបៀរ​ដែរ
ព្រះអម្ចាស់​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ
ហើយ​ព្រះអង្គ​នឹង​ដាក់​ទោស​ពួក​គេ
តាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
 
១០ «ពី​ដើម​យើង​ឃើញ​អ៊ីស្រាអែល
ដូច​ជា​ផ្លែ​ទំពាំងបាយជូរ​នៅ​វាល​រហោស្ថាន
យើង​បាន​ឃើញ​ដូនតា​របស់​អ្នក​រាល់​គ្នា
ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។
ពួក​គេ​ទៅ​ដល់​បាល-ពេអ៊រ
ហើយ​នាំ​គ្នា​គោរព​បំរើ​ព្រះ​ដ៏​គំរក់
ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម
ដូច​ព្រះ​ក្លែងក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។
១១ កិត្តិយស​របស់​អេប្រាអ៊ីម​នឹង​ចាក​ចេញ​ពី​គេ
ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ
គឺ​គ្មាន​ទារក​កើត​ទៀត​ទេ
ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ
ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។
១២ ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗ
យើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេ
មុន​ពេល​វា​ធំ​ពេញ​វ័យ។
កាល​ណា​យើង​នឹង​ចាក​ចេញ​ពី​ពួក​គេ
ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!
១៣ យើង​ឃើញ​ថា អេប្រាអ៊ីម​ប្រៀប​បាន​នឹង
ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល
តែ​អេប្រាអ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន
ទៅ​អោយ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។
១៤  ព្រះអម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ
តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា?
គឺ​ត្រូវ​ធ្វើ​អោយ​ស្ត្រីៗ​របស់​ពួក​គេ
មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។
១៥ «អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ
លេច​ចេញ​មក​យ៉ាង​ច្បាស់​នៅ​គីលកាល់
គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​ចាប់​ផ្ដើម
ស្អប់​ខ្ពើម​ពួក​គេ។
ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់
យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពី
ដំណាក់​របស់​យើង។
យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត​ហើយ
មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ
សុទ្ធ​តែ​ជា​ជន​បះបោរ។
១៦ អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយ
ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់
ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។
ប្រសិន​បើ​ពួក​គេ​បង្កើត​កូន
នោះ​យើង​នឹង​ធ្វើ​អោយ​កូន​ដ៏​ជា​ទី​ស្រឡាញ់
របស់​ពួក​គេ​បាត់​បង់​ជីវិត»។
១៧ ព្រះ​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ
ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ព្រះអង្គ​ទេ។
ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់​ព្រាត់​ទៅ​នៅ
ក្នុង​ចំណោម​ប្រជាជាតិ​ទាំងឡាយ។