១០
១ អ្នកណាបង្កើតច្បាប់អយុត្តិធម៌
ហើយចេញបទបញ្ជា
ដើម្បីជិះជាន់ប្រជាជន
អ្នកនោះនឹងត្រូវវេទនាជាពុំខាន។
២ ពួកគេឃាត់ជនក្រីក្រមិនអោយរកយុត្តិធម៌
ហើយបំបិទសិទ្ធិរបស់ជនទុគ៌តក្នុងចំណោម
ប្រជារាស្ត្ររបស់យើង!
ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ
ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា។
៣ ពេលព្រះអម្ចាស់ដាក់ទោស
គឺពេលព្រះអង្គធ្វើអោយមានខ្យល់
ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក
តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច?
តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា?
តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិរបស់
អ្នករាល់គ្នាទៅទុកនៅឯណា?
៤ គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក
ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី
ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល
គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ
ចាំវាយប្រដៅគេជានិច្ច។
ព្រះជាម្ចាស់ប្រើកងទ័ពអាស្ស៊ីរីជាឧបករណ៍ ដាក់ទោសប្រជារាស្ត្ររបស់ព្រះអង្គ
៥ ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ!
យើងនឹងប្រើពួកគេជាដំបង
ដើម្បីធ្វើតាមកំហឹងរបស់យើង។
៦ យើងចាត់ជនជាតិអាស្ស៊ីរីអោយទៅធ្វើទោស ប្រជាជាតិទមិឡ
យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន
ដែលបានបង្កអោយយើងមានកំហឹង
ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ
ហើយជាន់ឈ្លីប្រជាជាតិនេះ
ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
៧ ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ
គឺគេមានចិត្តគំនិតផ្សេង គិតតែពីកំទេច
និងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។
៨ គេពោលថា៖ «មេទ័ពរបស់យើង មានអំណាច
ស្មើនឹងស្ដេចឯទៀតៗ។
៩ យើងបានប្រព្រឹត្តចំពោះក្រុងកាលនរ
ដូចក្រុងកើកេមីស
ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់
ក្រុងអើផាឌ ក្រុងសាម៉ារី
និងក្រុងដាម៉ាសដូចគ្នាដែរ។
១០ បន្ទាប់មក យើងបានយកជ័យជំនះលើនគរ
របស់ព្រះក្លែងក្លាយ ដែលមានរូបបដិមា
ធំជាងរូបព្រះនៅក្រុងយេរូសាឡឹម
និងក្រុងសាម៉ារីទៅទៀត។
១១ យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារី
និងព្រះក្លែងក្លាយរបស់គេយ៉ាងណា
យើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹម
និងរូបព្រះរបស់គេយ៉ាងនោះដែរ»។
១២ ពេលព្រះអម្ចាស់បញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម រួចហើយព្រះអង្គនឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយប្ញកខ្ពស់
១៣ ដ្បិតស្ដេចនោះមានរាជឱង្ការថា:
«យើងទទួលជ័យជំនះ
ដោយសារកម្លាំង និងប្រាជ្ញារបស់យើងផ្ទាល់
ដ្បិតយើងមានបញ្ញាវាងវៃ។
យើងបានរំលាយព្រំដែនរបស់ប្រជាជាតិនានា
ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិ
របស់គេទៀតផង។
យើងបានប្រើឫទ្ធិអំណាចរបស់យើង
ទម្លាក់ស្ដេចជាច្រើនចុះពីបល្ល័ង្ក។
១៤ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់
ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វ
ពីសំបុកដែលមេវាបោះបង់ចោល។
យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី
ឥតមាននរណាម្នាក់ហ៊ានកំរើក
ឬហើបមាត់តវ៉ាឡើយ»។
១៥ មិនដែលមានពូថៅណាអួតខ្លួនថា
ប្រសើរជាងអ្នកដែលប្រើវាទេ
ហើយរណារក៏មិនដែលអួតបំប៉ោង
ជំទាស់នឹងអ្នកដែលប្រើវាដែរ។
មិនដែលមានព្រនង់ណាបញ្ជាទៅដៃ
ដែលកាន់វា អោយកំរើកឡើយ
ហើយក៏មិនដែលមានដំបងណាកាន់
អ្នកដែលប្រើវាដែរ!
១៦ ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
នឹងធ្វើអោយទាហានដ៏មាំមួនរបស់គេ
ក្លាយទៅជាស្គមរីងរៃ
ហើយអោយមានភ្លើងយ៉ាងសន្ធោសន្ធៅ
ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
១៧ ក្នុងរយៈពេលតែមួយថ្ងៃ ព្រះអម្ចាស់ដែលជា
ពន្លឺ និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។
១៨ ព្រះអង្គនឹងកំទេចព្រៃព្រឹក្សាដ៏ល្អប្រណីត
របស់ពួកគេ អោយរលាយសូន្យ
ដូចអ្នកជំងឺដែលកំពុងត្រដរខ្យល់។
១៩ ព្រៃរបស់គេនៅសល់ដើមឈើតែបន្តិចបន្តួច
សូម្បីតែកូនក្មេងក៏អាចរាប់អស់ដែរ។
ប្រជាជនអ៊ីស្រាអែលដែលនៅសេសសល់
២០ នៅគ្រានោះជនជាតិអ៊ីស្រាអែលដែលនៅសល់ គឺពូជពង្សរបស់លោកយ៉ាកុបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
២១ ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកព្រះដ៏មានឫទ្ធិចេស្ដាវិញ។
២២ ប៉ុន្តែ អ៊ីស្រាអែលអើយ ទោះបីប្រជាជនរបស់អ្នក មានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដី ក៏មានចំនួនដ៏តូចប៉ុណ្ណោះដែលវិលមកវិញ។ ព្រះអម្ចាស់បានសំរេចកំទេចស្រុកនេះ ដើម្បីបង្ហាញសេចក្ដីសុចរិតដ៏លើសលប់របស់ព្រះអង្គ។
២៣ ព្រះជាអម្ចាស់នៃពិភពទាំងមូលបានសំរេចកំទេចស្រុកទាំងមូល។
ព្រះអម្ចាស់នឹងកំទេចស្រុកអាស្ស៊ីរី
២៤ ហេតុនេះព្រះជាអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីបធ្លាប់វាយ កាលពីមុននោះឡើយ។
២៥ បន្តិចទៀតយើងឈប់ខឹងនឹងអ្នករាល់គ្នាហើយ គឺយើងនឹងបំបែរកំហឹង ទៅបំផ្លាញពួកគេវិញ»។
២៦ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងយករំពាត់វាយជនជាតិអាស្ស៊ីរី ដូចពីដើម ព្រះអង្គបានវាយជនជាតិម៉ាឌាននៅក្បែរថ្មអូរិប ព្រះអង្គនឹងលើកដំបងវាយសមុទ្រ ដូចព្រះអង្គបានវាយសមុទ្រនៅស្រុកអេស៊ីប។
២៧ នៅគ្រានោះព្រះអង្គនឹងយកអំរែក
ចេញពីស្មារបស់អ្នករាល់គ្នា
ព្រះអង្គយកនឹមរបស់ខ្មាំងសត្រូវ
ចេញពីករបស់អ្នករាល់គ្នា។
នឹមនោះត្រូវខ្ទាតចេញ
ដោយសារភាពសម្បូណ៌សប្បាយ
ខ្មាំងសត្រូវវាយជិតដល់ក្រុងយេរូសាឡឹម
២៨ កងទ័ពរបស់ខ្មាំងបានចូលទៅដល់ក្រុងអៃយ៉ាត
ពួកគេឆ្លងកាត់ក្រុងមីករ៉ូន
ហើយទុករបស់របរនៅក្រុងមីគម៉ាស។
២៩ គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបា
ធ្វើអោយអ្នកភូមិរ៉ាម៉ាញ័ររន្ធត់
ហើយអស់អ្នកដែលរស់នៅភូមិគីបៀរ ជាភូមិ
កំណើតរបស់ស្ដេចសូល នាំគ្នារត់គេចខ្លួន។
៣០ អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ!
អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់!
អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ!
៣១ អ្នកស្រុកម៉ាដម៉េណានឹងរត់បែកខ្ញែកគ្នា
អ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងពួន។
៣២ នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប
គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន
គឺគំរាមកំហែងក្រុងយេរូសាឡឹម។
៣៣ នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
នឹងកាប់កំទេចមែកទាំងឡាយចោល
ព្រះអង្គនឹងផ្ដួលរំលំដើមឈើខ្ពស់ៗ
ហើយកាប់ដើមឈើដែលនៅខ្ពស់ជាងគេ
អោយធ្លាក់ចុះមកដី។
៣៤ ព្រះអង្គនឹងកាប់រំលំព្រៃរបោះ
ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់
នឹងត្រូវរលំដែរ។