១៥
ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រុក​ម៉ូអាប់
១  សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​ម៉ូអាប់:
ក្រុង​អើរ-ម៉ូអាប់​មុខ​ជា​ត្រូវ​ហិនហោច
និង​វិនាស​សូន្យ​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ!
ហើយ​ក្រុង​គៀរ-ម៉ូអាប់​ក៏​ត្រូវ​ហិនហោច
និង​វិនាស​សូន្យ ក្នុង​ពេល​តែ​មួយ​យប់​ដែរ!
២ ប្រជាជន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន
គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ
ជន​ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង
ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌីបា
គេ​កោរ​សក់​ទាំង​អស់​គ្នា
ហើយ​គេ​ក៏​កោរ​ពុក​មាត់​ពុក​ចង្កា​ចេញ​ដែរ។
៣ នៅ​តាម​ផ្លូវ​ក្រុង​គេ​ស្លៀក​បាវ​កាន់​ទុក្ខ
ហើយ​គ្រប់ៗ​គ្នា​យំ​សោក​សង្រេង
នៅ​លើ​ផ្ទះ និង​នៅ​តាម​ទី​ផ្សារ។
៤ នៅ​ក្រុង​ហេសបូន និង​អេឡាលេ
ប្រជាជន​ស្រែក​យំ​លាន់​ឮ
រហូត​ដល់​ក្រុង​យ៉ាហាស់។
សូម្បី​តែ​ពួក​ទាហាន​របស់​ជន​ជាតិ​ម៉ូអាប់
ក៏​ស្រែក​ទ្រហោ​យំ​ដោយ​បាក់​ទឹក​ចិត្ត​ដែរ។
៥ ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់
ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ
ក្រុង​អេក្លាត-សេលីស៉្យា
ពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិត
ពួក​គេ​ស្រែក​ទ្រហោ​យំ យ៉ាង​អស់​សង្ឃឹម
តាម​ផ្លូវ​ទៅ​ហូរ៉ូណែម
៦ ដ្បិត​អណ្ដូង​ទឹក​នៅ​នីមរីម ត្រូវ​គេ​លុប​អោយ​រីង
តិណជាតិ​ក្រៀម​ស្វិត​អស់
ស្មៅ​ដ៏​ខៀវ​ខ្ចី ក៏​ងាប់​អស់
ហើយ​រុក្ខជាតិ​ក៏​លែង​មាន​ទៀត​ដែរ។
៧ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ប្រមែប្រមូល
អ្វីៗ​ដែល​នៅ​សល់​នាំ​យក​ទៅ​ទុក
នៅ​ឆ្ងាយ​ហួស​ជ្រោះ​ដើម​ចាក​ទៅ​ទៀត។
៨ សំរែក​របស់​ប្រជាជន​លាន់​ឮ​ជុំវិញ
ព្រំដែន​ស្រុក​ម៉ូអាប់​ទាំង​មូល
ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​អេកឡែម
ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​បៀរ-អេលីម។
៩ ទឹក​អូរ​ដែល​ហូរ​កាត់​ភូមិ​ឌីម៉ូន
មាន​សុទ្ធ​តែ​ឈាម
ហើយ​យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា
កើត​មាន​ដល់​ភូមិ​ឌីម៉ូន​នេះ​ថែម​ទៀត
គឺ​សត្វ​សិង្ហ​នឹង​មក​ខាំ​ជន​ជាតិ​ម៉ូអាប់
ដែល​នៅ​សល់​លើ​ទឹក​ដី​របស់​គេ។